កីឡាជាតិ
ជាតិ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ៥ឈុត មានបេសកកម្ម ក្នុងឆ្នាំ២០២៤
13, Jun 2024 , 5:54 pm        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ដល់ទៅ៥ឈុត ចាប់ពីឈុតធំ ដល់ក្រុមអាយុក្រោម១៦ឆ្នាំ (U16) មានបេសកកម្ម ក្នុងការប្រកួតរៀងខ្លួន នៅឆ្នាំ ២០២៤។



ទាំង៥ឈុតរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលត្រូវមានភារកិច្ចប្រកួតនៅឆ្នាំ២០២៤ រួមមានឈុតធំ ឈុត U20, U19, U17 និង U16។ ក្រុមជគោព្រៃឈុតធំ ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនលោក Felix Dalmaz ត្រូវមានភារកិច្ចប្រកួតវគ្គជម្រុះ AFC Asian Cup ឆ្នាំ ២០២៧ ទល់នឹង ស្រីលង្កា។ ក្រុមទាំងពីរ ត្រូវប្រកួតគ្នាពីរលើក ដោយប្តូរទឹកដីគ្នាទៅវិញទៅមក នៅថ្ងៃទី៥ និង១០ ខែកញ្ញា។
 
U20 កម្ពុជា ក្រោមការដឹកនាំរបស់គ្រូជប៉ុនលោក Koji Gyotoku ត្រូវប្រកួតវគ្គជម្រុះ AFC Asian Cup 2025 ដោយស្ថិតក្នុងពូល B ជាមួយអ៊ូសបេគីស្ថាន បារ៉ែន ឆាយន្និសតៃប៉ិ (ម្ចាស់ផ្ទះ) និងនេប៉ាល់។ ការប្រកួតវគ្គជម្រុះដែលមាន៤៥ប្រទេសចូលរួម ដោយចែកចេញជា១០ពូល នឹងចាប់ផ្តើមប្រកួតពីថ្ងៃទី២១ ដល់២៩ ខែកញ្ញា។
 
សម្រាប់ក្រុមអាយុក្រោម១៩ឆ្នាំ U19 នឹងត្រូវចូលរួមក្នុងយុទ្ធនាការពានរង្វាន់ ASEAN U19 Boys’ Championship 2024 នៅឥណ្ឌូណេស៊ី។ ក្រុមដែលស្ថិតក្រោមមើលការខុសត្រូវរបស់លោក ភា សុភក្រ្តា ស្ថិតក្នុងពូល A ជាមួយម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី ហ្វីលីពីន និងទីម័រខាងកើត។ U19 កម្ពុជា ត្រូវតតាំង ទីម័រខាងកើត នៅថ្ងៃទី១៧ ខែកក្កដា។
 
ក្រៅពីដឹកនាំ U20 លោក Koji Gyotoku ក៏ត្រូវទទួលភារកិច្ចដឹកនាំក្រុម U17 និង U16 ថែមទៀត។ ក្រុម U17 កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះការប្រកួតវគ្គជម្រុះ AFC U17 Asian Cup 2025 ស្ថិក្នុងពូល B ដោយត្រូវទទួល អាហ្វហ្គានីស្ថាន បង់ក្លាដែស ហ្វីលីពីន និងម៉ាកាវ។ ការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី១៩ ខែតុលា ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤។
 
ដោយឡែក ក្រុម U16 នឹងត្រូវចូលរួមប្រកួត Asean U16 Boy’s Championship 2024 នៅប្រទេសឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី២១ ខែមិថុនា ដល់ថ្ងៃទី៦ ខែកក្កដា។ ក្រុមយុវជនថ្នាលរបស់កម្ពុជាមួយនេះ ស្ថិតក្នុងពូល B ដោយត្រូវជួប វៀតណាម មីយ៉ាន់ម៉ា និងព្រុយណេ៕
 

Tag:
 ជម្រើសជាតិកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com