សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អាម៉េរិកពិន័យក្រុមហ៊ុនEmirates ១,៨លានដុល្លារ ព្រោះហោះទាបលើដែនអាកាសអុីរ៉ាក់
14, Jun 2024 , 3:49 pm        
រូបភាព
យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ។ រូបភាព ៖ AFP
យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ។ រូបភាព ៖ AFP
ក្រសួងដឹកជញ្ជូនអាម៉េរិកបានពិន័យក្រុមហ៊ុនអាកាសចរណ៍ Emirates ចំនួន ១,៨លានដុល្លារ សម្រាប់ការហោះហើរក្រោមកម្ពស់សុវត្ថិភាពដែលបានកំណត់នៅពេលឆ្លងកាត់ដែនអាកាសអ៊ីរ៉ាក់។

 
ក្រសួងដឹកជញ្ជូនអាម៉េរិកនៅថ្ងៃទី១៣ ខែមិថុនា បានប្រកាសថា ក្រុមហ៊ុនអាកាសចរណ៍ Emirates របស់អេមីរ៉ាតអារ៉ាប់រួមត្រូវបានពិន័យសម្រាប់ការហោះហើរជាច្រើនដងចាប់ពីខែធ្នូ ឆ្នាំ២០២១ ដល់ខែសីហា ឆ្នា២០២២ ពេលអនុវត្តផ្លូវហោះហើររវាងអាម៉េរិក និងអាមីរ៉ាតអារ៉ាប់រួម ដែលហោះទាបជាងរយៈកម្ពស់បានកំណត់លើដែនអាកាសអ៊ីរ៉ាក់។​ 
 
រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាម៉េរិក (FAA) បានហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍រមួយនេះ មិនឱ្យហោះហើរលើអ៊ីរ៉ាក់នៅរយៈកម្ពស់ក្រោម ៩៦០០ម៉ែត្រ សម្រាប់ហេតុផលសុវត្ថិភាព។ មន្ត្រីអាកាសចរណ៍អាម៉េរិកនៅតែជឿថា សន្តិសុខ និងស្ថានការណ៍នយោបាយនៅអ៊ីរ៉ាក់គឺពិបាកទាយទុកជាមុនបាន ខណៈយោធារបស់ប្រទេសនេះនៅតែបន្តប្រយុទ្ធជាមួយក្រុមឧទ្ទាមប្រដាប់អាវុធ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP ។ 
 
ក្រុមហ៊ុនអាកាសចរណ៍ Emirates បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហោះហើរលក់កៅអីជើងយន្តហោះជាមួយក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបរបស់អាម៉េរិក JetBlue ។ ទាក់ទិននឹងបញ្ហានេះ ក្រុមហ៊ុន JetBlue អាចលក់កៅអីនៅលើជើងហោះហើរ Emirates ដូចជាយន្តហោះរបស់ពួកគេដែរ។
 
យ៉ាងណាមិញ អាម៉េរិកបានអនុញ្ញាតឱ្យតែក្រុមហ៊ុនអាកាសចរណ៍បរទេសធ្វើប្រតិបត្តិការជើងហោះហើរដែលលក់ក្រោមឈ្មោះក្រុមហ៊ុនអាកាសចរណ៍អាម៉េរិកប៉ុណ្ណោះ ប្រសិនបើពួកគេគោរពតាមការកំណត់របស់ FAA ។
 
តាមកិច្ចព្រមព្រៀងជាមួយ JetBlue ក្រុមហ៊ុន Emirates សន្យាថាការហោះហើរពីលើដែនអាកាសអ៊ីរ៉ាក់នឹងរក្សាបាននៅរយៈកម្ពស់ ៩៦០០ម៉ែត្រ ហើយប្រសិនបើហោះនៅរយៈកម្ពស់ទាបជាងនោះ គឺនៅពេលដែលមានបញ្ជាដោយអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសប៉ុណ្ណោះ។
 
ក្រុមហ៊ុន Emirates ត្រូវបង់ប្រាក់ពិន័យចំនួន ៤០០ពាន់ដុល្លារក្នុងឆ្នាំ២០២០ សម្រាប់ហេតុផលដូចគ្នា ហើយបានសន្យាមិនធ្វើវាជាថ្មីម្តងទៀតឡើយ។
 
គួរបញ្ជាក់ថា Emirates និង JetBlue បានបញ្ចប់កិច្ចព្រមព្រៀងហោះហើរលើកៅអីយន្តហោះរួមគ្នារបស់ពួកគេនៅក្នុងខែតុលា ឆ្នាំ២០២២ មុនពេល Emirates បានចាប់ផ្តើមកិច្ចព្រមព្រៀងស្រដៀងគ្នាជាមួយក្រុមហ៊ុនអាកាសចរណ៍អាម៉េរិកមួយផ្សេងទៀតគឺ United Airlines៕ 

Tag:
 អ៊ីរ៉ាក់
  Emirates
  អាកាសចរណ៍
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com