ជាតិ
បទសម្ភាសន៍
វីដេអូ
សណ្ឋាគារ HIMAWARI ​មានស៊ីក្លូសិង្ហបុរី​មួយគ្រឿង ​ដែលគេនិយមប្រើ​​​​នា​​​​​សតវត្ស​ទី​២​០​
16, Jun 2024 , 9:40 am        
រូបភាព
ភ្នំពេញ៖ HIMAWARI ជា​សណ្ឋាគារ​ប្រណីត នៅ​រាជធានី​ភ្នំពេញ។ នៅ​ជាន់​ផ្ទាល់ដី មាន​ស៊ីក្លូ​មួយ​ដ៏​ប្លែក ដោយកៅអី​ភ្ញៀវ​មិនមែន​ស្ថិត​នៅ​ខាង​មុខ​ទេ​ គឺ​វា​នៅ​ចំហៀង។ វាគឺ​ជា​ស៊ីក្លូ​ បែប​សិង្ហ​បុរី ហើយ​មាន​តែ​មួយគ្រឿង​គត់​ទូទាំង​ប្រទេស​ខ្មែរ។ ព្រោះតែ​​ម្ចាស់​សណ្ឋាគារ HIMAWARI ជា​ក្រុមហ៊ុនសិង្ហ​បុរី ហេតុនេះនៅឆ្នាំ​២០១៦ គេ​យក​រូបថត​ស៊ីក្លូ​សិង្ហ​បុរី ពី​ប្រ​ហែល​​៥០ឆ្នាំ​មុន ទៅ​បង្ហាញ​ជាង​ដែក​ ​​ឱ្យ​គាត់​ចម្លងស៊ីក្លូនោះ​តាម។​ វាមាន​ពណ៌​ខៀវ ពូក​កៅ​អី​ពណ៌​ក្រហម ហើយក្រណាត់​កៅស៊ូ​ការពារ​ថ្ងៃពណ៌ត្រយូង​ចេក។ ដំបូល​នេះ ​អាច​បើក ឬ​បត់​ក៏បាន។​ កង់​វា​ផ្សេង។ កង់​ជា​ម៉ាក 〒 (នីតូ)។ 〒 គឺជាប្រៃសណីយ៍​ជប៉ុន។ វា​មាន​អាយុកាល​ប្រហែល ៥០ឆ្នាំ។ គឺជាប្រភេទ​​កង់​អ្នក​ដឹក​សំបុត្រ និង​​កញ្ចប់ច្នៃ​ប្រឌិត​ឆ្នាំ១៩៦៨។ ពណ៌​ក្រហម​របស់​វា គឺ​ជា​ពណ៌​របស់​ប្រៃសណីយ៍​ជប៉ុន រហូត​មក​ដល់​សព្វថ្ងៃ​នេះ។ ស៊ីក្លូ​នេះ អាច​ជិះ​បានក៏ប៉ុន្តែ​គេប្រើ​ក្នុង​សណ្ឋាគារ​ប៉ុណ្ណោះ។ គេ​​ទុក​វាតាង​លម្អ តំណាង​ឱ្យ​ប្រ​ទេស​​​សិង្ហបុរី។

ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាងទស្សនាកិច្ចសម្ភាសរវាង នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងលោកស្រី Lim Alicia នាយកគ្រប់គ្រងសណ្ឋាគារហ៊ីម៉ាវ៉ារី ដូចតទៅ៖
 
 
នៅ​ប្រទេស​​សិង្ហបុរី ចាប់​ផ្ដើម​​មាន​ស៊ីក្លូ​ត្រឹម​ខែ​មេសា ​ឆ្នាំ​១៩១៤។ ដោយសារ​សង្គ្រាម​ពិភព​លោក​លើក​ទី​២ ក្នុង​ទសវត្សរ៍ឆ្នាំ​១៩៤០ ពិបាក​ឃើញ​ប្រេង​ឥន្ធនៈ​ណាស់ ឬក៏​វា​ថ្លៃពេក! នេះ​ជា​មូលហេតុ​ដែល​បាន​ធ្វើ​ឱ្យ​ពាក់កណ្ដាល​សតវត្ស​ទី២០ ស៊ីក្លូ​ក្លាយ​ទៅ​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ពេញ​និយម នៅ​​សិង្ហបុរី។ ដោយឡែក ការ​អភិវឌ្ឍយានយន្ដដឹកអ្នក​ដំណើរ​សា​ធារណៈ​ បាន​ធ្វើ​ឱ្យ​មាន​អ្នក​ជិះ​ស៊ីក្លូ​តិចទៅៗ រហូត​ដល់​ត្រូវ​បញ្ឈប់​ការដឹកភ្ញៀវ​ជិះ​ស៊ីក្លូ​ជា​ផ្លូវការ​នាឆ្នាំ​១៩៨៩។
 
​ពាក្យ ស៊ីក្លូ ជា​ពាក្យ​កម្ចី​ពី​ភាសា​បារាំង cyclo-pousse ដែល​មាន​ន័យ​ដូច​គ្នា។ ពាក្យ cyclo ជា​ពាក្យ​កម្ចី​ពី​ភាសាក្រិក​បុរាណ κυκλος ដែលមាន​ន័យ​ថារង្វង់៕
 
 





Tag:
 ស៊ីក្លូ
  ទោចក្រយាន
© រក្សាសិទ្ធិដោយ thmeythmey.com