ជាតិ
សង្គមជាតិ
រោងដំណាំឆ្លាតវៃ បង្ហាញវត្តមានក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
16, Jun 2024 , 2:40 pm        
រូបភាព
ដោយ៖ អោត រត់
 
សៀមរាប៖ គ្រូ និងនិស្សិតមួយក្រុមនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានយករោងដំណាំឆ្លាតវៃមកតាំងបង្ហាញក្នុងទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ TVET "រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ"។
 
ក្នុងទិវាជាតិអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៧ នេះ ស្ដង់ពិពណ៍ការងារជាច្រើន បានដាក់តម្រៀបគ្នាជាជួរ ដើម្បីបង្ហាញនូវលទ្ធផល និងស្នាដៃរបស់ស្ដង់នីមួយៗ។ ក្នុងចំណោមស្នាដៃទាំងអស់នោះ មានស្ដង់មួយដែលបានយកប្រព័ន្ធរោងដំណាំឆ្លាតវៃ មកតាំងបង្ហាញដែលធ្វើឱ្យមានការចាប់អារម្មណ៍ជាច្រើនពីអ្នកចូលរួម។
 

រោងដំណាំឆ្លាតវៃ ផលិតដោយគ្រូ និងក្រុមនិស្សិតវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ។ រូបភាព ថោង ប្រណី៕
 
លោក ថាយ ប៊ុនថី គ្រូបង្រៀននៅទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានចូលរួមដឹកនាំក្រុមនិស្សិត ផលិតប្រព័ន្ធរោងដំណាំឆ្លាតវៃនេះ។ លោក ប៊ុនថី បានឱ្យដឹងថា មុននឹងបង្កើតប្រព័ន្ធរោងដំណាំឆ្លាតវៃនេះឡើង ត្រូវសិក្សាទៅលើប្រព័ន្ធពីរប្រភេទ ទី១  ការរៀបប្រព័ន្ធស្វ័យប្រវត្ដិ និងទី២ ទាក់ទងទៅនឹងប្រព័ន្ធវ៉ាយអូឡែស។ លោក ប៊ុនថី បន្តថា ជាធម្មតា បើគេបង្កើតនៅប្រព័ន្ធរោងដំណាំឆ្លាតវៃ គេត្រូវបង្កើតជាកូនផ្ទះមួយ ដើម្បីងាយស្រួលគ្រប់គ្រងពីចម្ងាយ ដោយមិនចាំបាច់ទៅផ្ទាល់នោះទេ។ 
 

លោក ថាយ ប៊ុនថី និងក្រុមនិស្សិតចូលរួមក្នុងទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី៧ ឆ្នាំ២០២៤ នៅសួនច្បារខាងជើងព្រះរាជដំណាក់ ខេត្តសៀមរាប។ រូបភាព ថោង ប្រណី៕
 
គ្រូបង្រៀនរូបនេះពន្យល់ថា សម្រាប់អ្នកដែលចង់ប្រើប្រាស់រោងដំណាំឆ្លាតវៃនេះ ត្រូវរៀបចំគម្រោងឱ្យបានច្បាស់ ដើម្បីកំណត់ទំហំរោងឱ្យត្រូវនឹងផ្ទៃដីជាមុនសិន។ បន្ថែមពីនេះ ក្នុងរោងដំណាំឆ្លាតវៃនេះ អាចដាំបន្លែច្រើនប្រភេទ ហើយដាំជាជួរៗ នឹងទទួលបានទិន្នផលខ្ពស់ជាងដាំនៅខាងក្រៅធម្មតា។ ចំពោះការមើលថែវិញ ត្រូវការអ្នកយាមម្នាក់ឬពីរ​នាក់ប៉ុណ្ណោះ ដើម្បីគ្រប់គ្រងនូវប្រព័ន្ធនេះ។ ឯការចំណាយទៅលើសម្ភារៈផ្សេងៗ អាស្រ័យទៅលើតម្រូវការជាក់ស្ដែងសម្រាប់ដំណាំដែលត្រូវដាំ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក ថាយ ប៊ុនថី ។
 

សួនច្បារសិប្បនិម្មិត ផលិតដោយក្រុមនិស្សិតវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ។ រូបភាពអ អោត រត់៕

នេះមិនមែនជាលើកដំបូងនោះទេដែលលោក ប៊ុនថី និងក្រុមនិស្សិតបង្កើតគម្រោងប្រព័ន្ធរោងដំណាំឆ្លាតវៃ  ដោយកាលពីមុន ក្រុមលោកបានបង្កើតម្រោងសិប្បនិម្មិត តែមិនទាន់មានជាលក្ខណៈដំណាំពិតប្រាកដទេ។ លោក បន្តថា ស្នាដៃលើកនេះ មានគ្រូនិងនិស្សិតជាច្រើនចូលរួមពិភាក្សារកវិធីសាស្រ្ដ ដើម្បីសម្រេចបានគម្រោងនេះ ដោយចំណាយពេលជាង៣សប្ដាហ៍ និងថវិកាជាង៤០០ដុល្លារ។
 

រដ្ធបាលខេត្ដសៀមរាបបានរៀបចំទិវាជាតិអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៧ នៅថ្ងៃទី១៥ មិថុនា  ក្នុងគោលបំណងលើកកម្ពស់ការអប់រំនិងបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ និងផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស យុវជន  មាតាបិតាអាណាព្យាបាលសិស្ស និងផ្នែកឯកជនឱ្យបានយល់ដឹងអំពីសារៈសំខាន់នៃការអប់រំ បណ្ដុះបណ្ដាលវិជ្ជាជីវៈ(TVET) ដើម្បីជំរុញការអភិវឌ្ឍន៍កម្លាំងពលកម្មនានា ប្រកបដោយគុណភាព និងវិជ្ជាជីវៈឱ្យឆ្លើយតបទៅនឹងទីផ្សារការងារទាំងក្នុងនិងក្រៅប្រទេស៕







Tag:
 Thmey Thmey
  ប្រព័ន្ធរោងដំណាំឆ្លាតវៃ
  វិទ្យាស្ថានពហុបច្ចេកទេសអង្គរ
 
© រក្សាសិទ្ធិដោយ thmeythmey.com