ជាតិ
បទសម្ភាសន៍
វីដេអូ
ចង្កៀង​​ថ្ម​ស្អុយ និងចង្កៀង​​​ប្រេង​កាត ដែលធ្លាប់ប្រើប្រាស់ក្នុងគេហដ្ឋានពលរដ្ឋខ្មែរ
16, Jun 2024 , 7:00 pm        
រូបភាព
​​​​​​​កំពង់ចាម៖ ការប្រើប្រាស់ចង្កៀងដើម្បីអ៊ុចបំភ្លឺក្នុងផ្ទះនៅពេលយប់ ទំនងលែងមានទៀតហើយនៅ​កម្ពុជា។ ជំនួសភ្លើងចង្កៀង តាមខ្នងផ្ទះពលរដ្ឋបច្ចុប្បន្ន គេប្រើ​​អំពូលភ្លើងអគ្គិសនី ឬអំពូលសឡា​។ ​ផ្ទះអ្នក​ស្រី ទា ស៊ិហ្គី ដែលស្ថិត​នៅក្បែរ​ទន្លេ​មេគង្គ ក្នុងភូមិ​ព្រែក​តានង់២ ឃុំ​ព្រែក​តានង់ ស្រុកកោះសូទិន ខេត្ត​កំពង់ចាម ក៏លែងប្រើចង្កៀងយូរឆ្នាំមកហើយដែរ។ ដ្បិតដូច្នេះមែន ប៉ុន្តែគាត់នៅតែបន្តទុកចង្កៀង​​បុរាណ​២គ្រឿង​​នៅ​ឡើយ គឺចង្កៀងថ្មស្អុយ និងចង្កៀងប្រេងកាត។ ប៉ុន្តែ​វា​មានសភាពចាស់​ណាស់។

ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាងទស្សនាកិច្ចសម្ភាស រវាង​នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងអ្នកស្រី ទា ស៊ិហ្គី ដូចតទៅ៖
 
​បើតាម អ្នកស្រី ទា ស៊ិហ្គី ចង្កៀង​ថ្ម​ស្អុយ (ហ្គាស) ទំនង​មាន​ចំណាស់​ប្រហែល​៧០ឆ្នាំ​ ដូច​វ័យ​​របស់គាត់​ដែរ។ រីឯ​ចង្កៀង​ប្រេង​កាត​វិញ គាត់​អះអាង​ថា នៅ​ពេល​ដែល​គាត់​រៀបការ ចង្កៀង​នេះ​មាន​ហើយ ​ក្នុង​ផ្ទះ​ខាង​ស្វា​មី​​។
 
ស្ត្រីដដែល ឱ្យដឹងទៀតថា ​​ចង្កៀង​ថ្ម​ស្អុយ ​គឺ​​ឪពុកក្មេក​របស់​អ្នក​ស្រី ស៊ិហ្គី ដែលមានបន្ទុក​ទិញថ្ម​ស្អុយ។ ឪពុកក្មេក​របស់​អ្នក​ស្រី ​ក៏​មាន​ទម្លាប់​​ទិញ​ប្រេង​ដាក់​ចង្កៀង​ប្រេង​កាត​បន្ថែម​ កាល​ពី​គាត់​នៅ​រស់​។ ម្យ៉ាង​ទៀត ​អ្នក​ស្រី ស៊ិហ្គី ក៏រំឭក​អំពី​ចង្កៀង​​ ម៉ាំងសុង ដែល​កាល​ពី​មុន​គេ​ព្យួរ​កំដរ​សាក​សព​អ្នក​ភូមិ​ ដែលទើបតែ​ស្លាប់។ ​គឺ​ជា​ប្រភេទ​ចង្កៀង​ប្រេងកាតធំ ដែល​មាន​ថាស​ពីលើ​ ដើម្បី​ពន្លឺ​ចុះ​ទៅ​ក្រោម​វិញ។
 

ចង្កៀង​​ថ្ម​ស្អុយនោះ ​វា​ធ្វើ​អំពី​ដែក។ វា​មាន​ទទឹង​ប្រហែល​១៥​សង់ទីម៉ែត្រ។ វា​មាន​រាង​ដូច​កំ​ប៉ុង​​មូល​មួយ។ ភ្លើង​វា​ចេញ​ពី​លើ ខាង​ចំហៀង។ មាន​បង្កាន់ដៃ​ខាងលើ ដើម្បីព្យួរ​វា។ចង្កៀង​​​​ប្រេង​កាត​នោះ​វិញ វា​តូច​ជាង។ វា​មាន​កម្ពស់​ប្រហែល​១៥​សង់ទីម៉ែត្រ។ ផ្នែក​ខាង​ក្រោម គឺជា​កែវ​មួយ ដើម្បី​ដាក់​ប្រេង។ ផ្នែក​ខាង​លើ​វិញ វា​ធ្វើអំពី​ដែក ពីព្រោះ​ភ្លើង​ចេញ​តាម​នេះ។ អ្នក​ស្រី ទា ស៊ិហ្គី ​និយាយ​ថា គាត់​ឃើញ​ចង្កៀង​​នេះ តាំង​ពីការទៅ​នៅ​ផ្ទះ​ខាង​ស្វាមី។ តាម​ពិត ដើមទស្សវត្សឆ្នាំ​១៩៧០ ទោះបី​ជា​អ្នក​ខ្លះ​នៅ​បន្ត​ប្រើ គេ​លែង​ផលិត​ចង្កៀង​ប្រភេទ​​នេះតាំង​ពី​យូរ​មក​ហើយ។ គេ​បានផលិត​ចង្កៀង​ខ្នាត​តូច​ដូច​នេះ ​រយៈពេល​ច្រើន​ទសវត្សរ៍ ហេតុនេះ​​ពិបាក​ដឹង​ថា វា​មាន​អាយុកាល​ប៉ុន្មាន​ឆ្នាំ។ យ៉ាងណា​ក៏​ដោយ ​​វា​អាំចមាន​អាយុ​កាលជិត១០០ឆ្នាំ​ហើយ។
 
ចង្កៀង​ប្រេងកាតរបស់​អ្នក​ស្រី ស៊ិហ្គី ត្រូវ​ដាក់​ប្រេង​ ក្នុង​ធុង​កែវ​ខាង​ក្រោម ហើយ​បញ្ឆេះ​ខ្សែ​ខាងផ្នែក​ដែក​លើ។ រួចរាល់​គួរ​ដាក់​កែវទិបពី​លើ​សម្រាប់​សុវត្ថិភាព ក៏​ប៉ុន្តែ​វា​បាត់បង់​ហើយ។ គឺ​លោក LUKASIEWICZ Ignacy ដែល​បាន​បង្កើត​ចង្កៀង​ប្រេងកាត នៅ​អំឡុងឆ្នាំ១៨៥៣។ លោក​ប្រកប​មុខរបរគ្រូ​​ឱសថ នៅ​ប្រទេស​ប៉ូឡូញ។ សូម​បញ្ជាក់​ថា ប្រភេទ​ប្រេង​កាត​នេះ គេ​​​លែង​ប្រើ​សម្រាប់ចង្កៀងហើយ គេប្រើ​សម្រាប់​យន្ដ​ហោះ​វិញ !
 


ចង្កៀង​ប្រេងកាតខា្នត​តូចរបស់អ្នក​ស្រី ស៊ិហ្គី អាច​ផ្លាស់ទី​យ៉ាងងាយៗបាន តែជា​ប្រភេទ​​ប្រើ​​ខាងក្នុង។ បច្ចេកទេស​របស់​វា​សាមញ្ញ ប៉ុន្តែ​មាន​ម៉ូលែត​មួយ ដើម្បី​សេរ៉េ​ឱ្យ​ភ្លឺ​ខ្លាំង ឬ​ភ្លឺ​តិច​។ មាន​ប្រភេទ​មួយ​ទៀត ដែល​គេ​ធ្វើ​ដើម្បី​ប្រើ​ខាង​ក្រៅ។ ទោះបីជា​ភ្លៀង ទោះបី​ជា​ខ្យល់ ក៏​វាមិន​រលត់ទេ។ គេ​ហៅ​ថាម៉ាំងសុង។ គេ​ប្រើ​អគ្គិសនី​តាំង​ពី​ចុង​សតវត្សទី១៩។ យូរៗទៅ​ក្នុង​សតវត្សទី​២០ គេ​និយម​ប្រើ​ភ្លើង​អគ្គិសនី​ ច្រើន​ជាង​ភ្លើង​ចង្កៀង។ យ៉ាងណាក៏ដោយ រហូត​ដល់​សម័យ​បច្ចុប្បន្ន​ មាន​រោងចក្រ​ខ្លះ​ដែល​នៅ​តែ​ផលិត​ចង្កៀង​ប្រភេទ​នេះប្រើ​នៅ​ក្រៅនៅ​ឡើយ ! ក៏​ប៉ុន្តែ​វា​ពិបាក​ឃើញ ​ដោយសារ​ផលិត​ចំនួនតិច ព្រោះ​អ្នក​ប្រើ​មាន​តិចណាស់​។ មាន​តែ​មនុស្ស​នៅ​កន្លែង​គ្មាន​អគ្គិសនីរយៈ​ពេល​យូរ ដែល​ប្រើ​ចង្កៀង​សម័យ​ឥឡូវនេះ​។
 

Tag:
 ចង្កៀង
© រក្សាសិទ្ធិដោយ thmeythmey.com