ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
ចង្កៀងប្រេងកាតសេរ៉ាមិក ផលិតក្នុងទស្សវត្សរ៍ឆ្នាំ១៩៥០
23, Jul 2023 , 9:59 pm        
រូបភាព
ចង្គៀង
ចង្គៀង
សៀមរាប៖ ក្រៅពីយានជំនិះបុរាណ សារមន្ទីរ វិមានសុខា នៅក្រុងសៀមរាប មានតាំងនូវសម្ភារប្រើប្រាស់បុរាណៗជាច្រើន ទាំងនាឡិកា ឧបករណ៍សោតទស្សន៍ វត្ថុបុរាណផ្សេងទៀត ក្នុងនោះក៏មានចង្កៀងខ្លាញ់ និងចង្កៀងប្រេងកាតដែរ។ លោក លី ប៉េងហេង ហៅតាឆ្កួត ដែលជាស្ថាបនិកសារម្ទីរនេះ បានបង្ហាញនាយ យ៉ាន នៃសារព័ត៌មានថ្មីៗ អំពីចង្កៀងប្រេងកាតមួយដែលធ្វើពីសេរ៉ាមិក។ ចង្កៀងនេះ ផលិតក្នុងទស្សវត្សរ៍ឆ្នាំ១៩៥០។

 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាបទយកការណ៍ដែលរៀបចំដោយ នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ ដូចតទៅ៖
 
 
ចង្កៀងប្រេងកាត ត្រូវដាក់ប្រេង ក្នុងធុងខាងក្រោម ហើយបញ្ឆេះខ្សែខាងលើ។ រួចរាល់គួរដាក់កែវទប់ពីលើសម្រាប់សុវត្ថិភាព។ គឺលោក LUKASIEWICZ Ignacy ដែលបានបង្កើតចង្កៀងប្រេងកាត នៅអំឡុងឆ្នាំ១៨៥៣។ លោកប្រកបមុខរបរគ្រូធ្វើឱសថ នៅប្រទេសប៉ូឡូញ។ មុនមកប្រើចង្កៀងប្រេងកាត គេប្រើចង្កៀងខ្លាញ់។


 
ចង្កៀងប្រេងកាតរបស់ លោក ប៉េងហេង អាចផ្លាស់ទីយ៉ាងងាយៗបាន តែជាប្រភេទប្រើខាងក្នុង។ បច្ចេកទេសរបស់វាសាមញ្ញ ប៉ុន្តែមានម៉ូលែតមួយ ដើម្បីសារ៉េឱ្យភ្លឺខ្លាំង ឬភ្លឺតិច។ មានប្រភេទមួយទៀត ដែលគេធ្វើដើម្បីប្រើខាងក្រៅ។ ទោះបីជាភ្លៀង ទោះបីជាខ្យល់ ក៏វាមិនរលត់ទេ។ គេប្រើអគ្គិសនីតាំងពីចុងសតវត្សទី១៩។ យូរៗទៅក្នុងសតវត្សទី២០ គេនិយមប្រើភ្លើងអគ្គិសនី ច្រើនជាងភ្លើងចង្កៀង។ យ៉ាងណាក៏ដោយ រហូតដល់សម័យបច្ចុប្បន្ន មានរោងចក្រខ្លះដែលនៅតែផលិតចង្កៀងប្រភេទប្រើ នៅក្រៅនៅឡើយ! ក៏ប៉ុន្តែវាពិបាកឃើញ ដោយសារផលិតចំនួនតិច ព្រោះអ្នកប្រើមានតិចណាស់។ មានតែមនុស្សនៅកន្លែងគ្មានអគ្គិសនីរយៈពេលយូរ ដែលប្រើចង្កៀងសម័យឥឡូវនេះ។
 
សារមន្ទីរ វិមានសុខា បើករៀងរាល់ថ្ងៃ ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច។ វាស្ថិតនៅផ្លូវលេខ២២ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ សំបុត្រចូលមានតម្លៃ ៥០០០រៀល សម្រាប់ពលរដ្ឋខ្មែរម្នាក់ និង ២០០០០រៀល សម្រាប់ពលរដ្ឋបរទេសម្នាក់។ សូមបញ្ជាក់ថា ក្នុងសារមន្ទីរ ក៏មានហាងកាហ្វេបែបបុរាណមួយដែរ៕


 

Tag:
 ចង្កៀងប្រេងកាត
  សម្ភារប្រើប្រាស់បុរាណ
  សម្ភារចាស់ៗ
© រក្សាសិទ្ធិដោយ thmeythmey.com