ជាតិ
ដង្កូវហ្វូងប្រភេទថ្មី បានបំផ្លាញដំណាំស្រូវកសិករជាង១០០ហិកតាហើយ
19, Jun 2024 , 3:22 pm        
រូបភាព
 រូបភាព៖ មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ
រូបភាព៖ មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ
ដង្កូវហ្វូងប្រភេទថ្មី (fall armyworm-Spodoptera frugiperda) បានបំផ្លាញដំណាំស្រូវប្រមាណ១០០ហិកតាហើយ នៅក្នុងខេត្តត្បូងឃ្មុំ សៀមរាប និងកំពង់ធំ។ នេះ​បើតាម​ការវាយតម្លៃរបស់ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គិតត្រឹមថ្ងៃទី១៨ មិថុនា។ 



ជារៀងរាល់ឆ្នាំ មានដំណាំជាច្រើនមុខដូចជា ស្រូវ សណ្តែក ដំឡូងមី ពោត ជាដើម តែងរងការបំផ្លាញដោយសត្វល្អិតចង្រៃប្រភេទនេះ។ ដោយឡែក ឆ្នាំនេះ មានលក្ខខណ្ឌអាកាសធាតុក្ដៅខ្លាំង និងរាំងស្ងួត ដែលអូសបន្លាយយូរ បានបង្កភាពសមស្របដល់ការកកើត និងរាលដាលនៃពួកដង្កូវហ្វូងយ៉ាងរហ័ស ក្រោយមានភ្លៀងធ្លាក់ដើមរដូវ។
 
មានលំនៅក្នុងភូមិបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ លោក រ៉ា បញ្ញា មានស្រូវពង្រោះប្រមាណ២ហិកតា ត្រូវបានដង្កូវប្រភេទថ្មីនេះ ព្រួតស៊ីបណ្ដូល និងស្លឹក យ៉ាងណែនតាន់តាប់ ក្នុងនោះកន្លះហិកតាបានរងការខូចខាតធ្ងន់ធ្ងរ។ ដង្កូវហ្វូងនេះ ចាប់ផ្ដើមស៊ីដំណាំស្រូវរបស់លោក បញ្ញា កាលពី១០ថ្ងៃមុន ប៉ុន្តែមកទល់ពេលនេះ ស្ថានភាពបានប្រសើរឡើងវិញហើយ ក្រោយលោកបាញ់ថ្នាំសម្លាប់ទាន់ពេលវេលា។ 
 
នេះជាលើកទី១ ដែលស្រូវរបស់ លោក បញ្ញា រងការវាយប្រហារពីដង្កូវហ្វូងទាំងអស់នេះ។ លោក ប្រាប់សារព័ត៌មា​នថ្មីៗ បែបនេះ៖«ស្រែខ្ញុំ២ហិកតា ហើយវា(ដង្កូវហ្វូង) ស៊ីទាំងអស់ ក្នុងនោះកន្លះហិកតា បានខូចខាតច្រើន។ ប៉ុន្តែ ឥឡូវអត់សូវអីទេ គ្រាន់តែវា(ស្រូវ)ខ្សោយបន្តិច ដោយសារខ្ញុំអន្តរាគមន៍បាញ់ថ្នាំ និងដាក់ជីទាន់ពេលវេលា។ ដង្កូវហ្វូងនេះ ច្រើនណាស់ ខ្ញុំមិនដែលចួបទេ អ្នកខ្លះមិនហ៊ានចុះបាញ់ថ្នាំទេ ព្រោះវាច្រើនពេក ហើយឡើងមកតោងខោអាវយើងជាប់»។​
 
ដង្កូវហ្វូងប្រភេទថ្មីនេះ អាចបំផ្លាញបណ្ដូលស្រូវ ដោយប្រើពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ក្នុងករណីស្រែមានទឹកពេញ។ ដោយឡែក ប្រសិនបើស្រែមិនទាន់បញ្ចូលទឹក វាស៊ីត្រឹមតែស្លឹកប៉ុណ្ណោះ។ នេះជាការសង្កេតរបស់ លោក បញ្ញា ដោយបន្ថែមថា បញ្ហាសត្វល្អិតចង្រៃនេះ បានធ្វើឱ្យខាតបង់ពេលវេលា និងថវិកាដែលចំណាយលើការទិញថ្នាំ ជី ជាដើម។
 
លោក ប្រាប់ដូច្នេះថា៖«វាប៉ះពាល់ច្រើន។ ទី១. ខាតបង់ទៅលើទ្រពសម្បិត្តិ (ដំណាំ)។ ទី២. ថិវកាយើងចំណាយច្រើនទៅលើការទិញថ្នាំ និងជី ដើម្បីថែទាំងស្រូវជាដើម»។ 
 
ចំណែក លោក ហេង ពិសិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានឱ្យដឹងដែរថា ដង្កូវហ្វូង កំពុងបំផ្លាញដំណាំស្រូវរបស់កសិករក្នុងស្រុកតំបែរ ពញាក្រែក និងស្រុកត្បូងឃ្មុំ។ បច្ចុប្បន្ន លោក មិនទាន់អាចវាយតម្លៃពីទំហំនៃការខូចខាតបាននៅឡើយទេ គ្រាន់តែបញ្ជាក់ថា វាស្ថិតក្នុងស្ថានភាពអាចគ្រប់គ្រងបាន។ 



វត្តមានដង្កូវនេះ អាចធ្វើឱ្យស្រូវកាន់តែល្អ ដោយសារតែវាស៊ីបានត្រឹមស្លឹកប៉ុណ្ណោះ។ នៅពេលស៊ីហើយ វានឹងជុះលាមកចេញមកវិញ ដែលផ្ដល់នូវជីបន្ថែមសម្រាប់ដី។ ប្រសិនបើ ដីស្រែមានទឹកពេញហូរហៀរ សត្វល្អិតចង្រៃនេះ មានលទ្ធភាពស៊ីដល់បណ្ដូល ដែលអាចបណ្ដាលឱ្យស្រូវងាប់បាន។ នេះជាការពន្យល់ របស់ លោក ហេង ពិសិទ្ធ ដោយបន្ថែមដូច្នេះថា៖«បើសិនជាស្រែអត់ទឹក វាស៊ីហើយនឹងល្អលើសដើម ព្រោះថាសត្វប្រភេទនេះ វាស៊ីហើយ ជុះនៅនឹងកន្លែងតែម្ដង»។ 
 
ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំរូបនេះ ណែនាំឱ្យកសិករប្រើអន្ទាក់ជូរអែមនៅពេលយប់ ដើម្បីកម្ចាត់ដង្កូវហ្វូងប្រភេទនេះ។ វិធីធ្វើអន្ទាក់ជូរអែម ត្រូវដាក់ទឹក១ភាគ ស្រាស១ភាគ ស្ករ៤ភាគ ទឹកខ្មេះ៤ភាគ ហើយលាយបញ្ចូលគ្នាឱ្យសព្វ រួចលាយថ្នាំកសិកម្ម Fipronik ក្នុងបរិមាណ ២មីលីត្រ ក្នុងសូលុយស្យុងលាយបញ្ចូលគ្នាចំណុះ១លីត្រ។ ចំណែក របៀបប្រើវិញ ត្រូវយកសូលុយស្យុងខាងលើដាក់ក្នុងចានជ័រស្ដើង ឬជ្រលក់នឹងសំឡី បន្ទាប់មកយកចងព្យួរតាមស្រែនៅពេលយប់។ ក្លិនអន្ទាក់ជូរអែមនេះ អាចទាក់ទាញមេអំបៅមកជញ្ជក់ បន្ទាប់មកវានឹងងាប់។ 
 
ចំពោះចម្ការ ឬស្រែដែលគ្មានទឹក ត្រូវជីកចង្អូរនៅតាមព្រំចម្ការ ឬស្រែ ដែលជាប់ជាមួយព្រៃ ឬមានស្មៅចង្រៃដុះច្រើននៅតាមព្រំ ។ ចង្អូរនោះ ត្រូវមានមុខលើទំហំ៣០សង់ទីម៉ែត្រ ជម្រៅ២០សង់ទីម៉ែត្រ រួចរោយផេះពីលើ ឬនៅពេលដង្កូវចូលច្រើន អាចបាញ់ថ្នាំសម្លាប់សត្វល្អិតតាមចង្អូរក៏បាន។ ប្រើមែកឈើស្រស់ ស្លឹកចេក ឬវត្ថុធាតុដទៃទៀត ដែលអាចធ្វើជាម្លប់ យកទៅរាយក្នុងចម្ការ ឬស្រែ ដោយដាក់គម្លាតពីមួយទៅមួយប្រមាណពី៤ ទៅ ៥ម៉ែត្រ ចាប់ពីម៉ោង ៧:៣០នាទីព្រឹក រហូតដល់ម៉ោង ៣ល្ងាច។ ក្នុងករណីមេឃស្រឡះ មានថ្ងៃក្តៅខ្លាំងត្រូវចុះប្រមូលដង្កូវរៀងរាល់ ២-៣ម៉ោង ដើម្បីកម្ទេចចោល។
 
ចំណែក ស្រែមានទឹក ឬនៅជិតប្រភពទឹក ត្រូវបញ្ចូលទឹកឱ្យលិចចុងស្រូវ រួចប្រើស្បៃមុង អូសប្រមូលដង្កូវយកទៅកម្ទេចចោល។ ករណីមានដង្កូវហ្វូងនៅជុំវិញចម្ការ ឬស្រែ ត្រូវសម្អាតស្មៅចង្រៃ ប្រមូលកម្ទេចកម្ទីដែលជាជម្រក និងជាប្រភពដង្កូវហ្វូងលាក់ខ្លួន យកទៅដុតកម្ទេចចោល។ ប្រសិនបើ បណ្តាវិធានការខាងលើមិនអាចទប់ទល់បាន កសិករត្រូវបាញ់ថ្នាំសម្លាប់សត្វល្អិតមួយចំនួនដូចជា Thuricide ឬ Dipcl ក្នុងកម្រិតប្រើ១គីឡូក្រាម លាយទឹក៣០០-៤០០លីត្រ សម្រាប់ប្រើលើផ្ទៃដី១ហិកតា និងថ្នាំសម្លាប់សត្វល្អិតក្នុងក្រុម Pyrethroid ដូចជា Cypermethrin ឬ Deltamethrin ក្នុងកម្រិត ប្រើ១លីត្រ លាយទឹក៣០០-៤០០លីត្រ សម្រាប់ប្រើលើផ្ទៃដី១ហិកតា។ 
 
យោងតាម វិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិ (International Rice Research Institute) ដង្កូវហ្វូងប្រភេទថ្មីនេះ កើតចេញពីមេអំបៅ ដែលមានដើមកំណើតមកពីទ្វីបអាមេរិកខាងត្បូង ហើយបានរាលដាលយ៉ាងឆាប់រហ័សដល់អាហ្រ្វិក ឥណ្ឌា ចិន ស្រីលង្ការ បង់ក្លាដេស ថែ មីយ៉ាន់ម៉ា និងឡាវ។ 
 
នៅកម្ពុជា ដង្កូវប្រភេទនេះ ត្រូវបានរកឃើញកាលពីខែឧសភា ឆ្នាំ២០១៩ លើដំណាំពោត១១ ១៨២​ហិកតា​ នៅខេត្តប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ និងត្បូងឃ្មុំ។ 
 
ដោយឡែកនៅឆ្នាំនេះ ក្រៅពីខេត្តត្បូងឃ្មុំ កំពង់ធំ និងសៀមរាប ដំណាំស្រូវ និងដំឡូងរបស់កសិករនៅក្នុងខេត្តក្រចេះ ​បន្ទាយមានជ័យ ឧត្តរមានជ័យ ស្ទឹងត្រែង ព្រះវិហារ ក៏រងការវាយប្រហារពីដង្កូវហ្វូងនេះដែរ។ នេះបើតាមកញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្មប្រាប់ក្រុមអ្នកសារព័ត៌មាននៅប្រព័ន្ធតេឡេក្រាម។ យ៉ាងណាក៏ដោយ អាជ្ញាធរនៅពុំទាន់មានតួលេខពីទំហំដំណាំ ដែលត្រូវសត្វដង្កូវហ្វូងនេះ បំផ្លាញនៅឡើយទេ៕

Tag:
 ហ្វូងដង្វូវ
  ស្រូវ
  fall armyworm
© រក្សាសិទ្ធិដោយ thmeythmey.com