ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល ប្រឹងអភិវឌ្ឍវិស័យមីក្រូធុនតូចនិងមធ្យម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច
27, Jun 2024 , 9:29 pm        
រូបភាព
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ។ រូបភាពផ្តល់ឲ្យពីលោក Chheong kimny
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ។ រូបភាពផ្តល់ឲ្យពីលោក Chheong kimny
ដើម្បីជំរុញការអភិវឌ្ឍ និងធ្វើទំនើបកម្មសហគ្រាសធុនមីក្រូធុនតូច និងមធ្យម (MSMEs) ឱ្យក្លាយជាកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ចជាតិ, រដ្ឋាភិបាលបានដាក់ចេញវិធានការជាច្រើន។ ជាពិសេស រដ្ឋដាក់ចេញនូវគោលនយោបាយបង្កើនផលិតភាព ការផ្តល់ហិរញ្ញប្បទាននិងឥណទាន សម្រាប់ការអភិវឌ្ឍជំនាញ រួមទាំងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ។ ក្រៅពីនេះ​ រដ្ឋក៏ប្រឹងប្រែងទាក់ទាញអ្នកវិនិយោគក្នុងវិស័យ MSMEs ផងដែរ។

 
សហគ្រាសធុនមីក្រូ តូច និងមធ្យម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍកំណើនសេដ្ឋកិច្ច និងសង្គម និងមានចំនួនច្រើនលើសលប់ ពោលជាស្នូលនិងមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចជាតិ។ វិស័យ MSEMs ជាឆ្អឹងខ្នងសេដ្ឋកិច្ចរបស់កម្ពុជា ដែលជាផ្នែកមួយជំរុញកំណើន ៥ភាគរយកាលពីឆ្នាំ២០២៣ និងរំពឹងកើនឡើងខ្ទង់ ៦ភាគរយនៅឆ្នាំ២០២៤។ 
 
យ៉ាងណាមិញ ដើម្បីរក្សាកំណើនប្រកបដោយចីរភាព និងស្ថិរភាពកម្ពុជាបានគិតគូរ និងដាក់ចេញជាវិធានការជាច្រើនដើម្បីលើកស្ទួយវិស័យ MSMEs ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ 
 
ក្នុងវេទិជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ នាថ្ងៃទី២៧ ខែមិថុនា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ពីវិធានការនានារបស់រដ្ឋាភិបាល ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់កំណើនកាន់តែប្រសើរ។ ក្នុងនោះ រដ្ឋាភិបាលបានដាក់ចេញនូវក្របខណ្ឌគោលនយោបាយជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា ២០២២-២០៣៥។ 
 
ក្របខណ្ឌគោលនយោបាយនេះ នឹងជំរុញកំណើនផលិតភាពសេដ្ឋកិច្ច និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាជនម្នាក់ៗ សំដៅបង្កើនកំណើនសេដ្ឋកិច្ច និងសុខុមាលភាពសង្គម ប្រកបដោយចីរភាព និងបរិយាបន្ន តាមរយៈគោលដៅយុទ្ធសាស្រ្តអាទិភាពចំនួន ៤។  រួមមាន ការជំរុញការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ, ការចាប់យកបច្ចេកវិទ្យា និងនវានវុត្តន៍, ការអភិវឌ្ឍសមត្ថភាពស្ថាប័នសាធារណៈ និងការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ។
 
ទន្ទឹមនេះ កម្ពុជាក៏បានផ្តល់ហិរញ្ញប្បទាននិងឥណទានសម្រាប់វិស័យ MSMEs ដែរ។ កម្ពុជាបានបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank), ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), សាជីវកម្មធានាឥណទានកម្ពុជា (CGCC)។ 
 
កន្លងមក រដ្ឋាភិបាល បានទម្លាក់កញ្ចប់ថវិកាដែលមានស្រាប់របស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់សហគ្រាសធុនតូច និង មធ្យម ក្នុងការទទួលបានកម្ចីទំហំធំ និងរយៈពេលវែងជាងមុន។ 
 
លើសពីនេះ រដ្ឋាភិបាលមានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (SDF) ដែលគាំទ្រដល់សហគ្រិនមានសក្តានុពលនៅកម្ពុជា, និងសហគ្រិនខ្មែរ (KE) ដែលជាបរធនបាលកិច្ចរបស់រាជរដ្ឋាភិបាល កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា តាមរយៈការផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដល់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម។ 
 
បន្ថែមពីលើនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវ គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុឆ្នាំ ២០២៣-២០២៨ ដែលមានចក្ខុវិស័យរយៈពេលវែងក្នុងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ។ គោលនយោបាយ ដាក់ចេញឡើង គឺដើម្បីចាប់យក  អត្ថប្រយោជន៍ជាអតិបរមាពីបរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ និងផ្តល់កាលានុវត្តភាពដល់គ្រប់តួអង្គ សំដៅរួមចំណែកជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឱ្យបានរស់រវើក។
 
លោក អូន ព័ន្ធមុនីរ័ត្ន បានអះអាងថា ការអភិវឌ្ឍជំនាញដែលផ្នែកមួយជំរុញការអភិវឌ្ឍវិស័យ MSMEs។​ កាលពីខែមករា ឆ្នាំ២០២៤ កន្លងទៅនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសម្ពោធជាផ្លូវការ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ដែលមានបេសកកម្មជំរុញភាពជាដៃគូពិតប្រាកដ រវាងវិស័យឯកជន និងគ្រឹះស្ថានបណ្តុះបណ្តាល តាមរយៈការផ្តល់ហិរញ្ញប្បទានដល់ការបណ្តុះបណ្តាលជំនាញ ឆ្លើយតបនឹងតម្រូវការវិស័យឯកជន និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ 
 
ក្រៅពីនេះ រដ្ឋាភិបាលដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនយុវនារីមកពីគ្រួសារជួបការលំបាក និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស ចំនួន១,៥ លាននាក់ ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តចាប់តាំងពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣មក។​ 
 
ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ (National Quality Infrastructure) ជាមូលដ្ឋានគ្រឹះសំខាន់ក្នុងការជំរុញសមត្ថភាពជាតិក្នុងការផ្តល់សេវា និងប្រតិបត្តិការងារតេស្តពិសោធន៍ ស្តង់ដារូបនីយកម្ម សេវាកម្មវាយតម្លៃភាពអនុលោម មាត្រាសាស្រ្ត និងការវាយតម្លៃទទួលស្គាល់ ។​ ការអភិវឌ្ឍន៍នេះ មានយន្តការនិងគោលដៅអភិវឌ្ឍវិស័យឧស្សាហកម្ម និងសហគ្រាសគ្រប់ប្រភេទ កាត់បន្ថយរបាំងបច្ចេកទេសចំពោះពាណិជ្ជកម្ម និងជំរុញការធ្វើពាណិជ្ជកម្មរបស់វិស័យឯកជន។ 
 
ជារួមហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ គឺមានភាពប្រទាក់ក្រឡាគ្នារវាងអង្គភាពគោលធំចំនួន ៤ ដូចជា មន្ទីរពិសោធន៍ជាតិ, វិទ្យាស្ថានស្តង់ដារជាតិកម្ពុជា, មជ្ឈមណ្ឌលមាត្រាសាស្រ្ត (ជាតិ) និងអង្គភាពវាយតម្លៃទទួលស្គាល់កម្ពុជា។ 
 
បន្ថែមពីនេះ រដ្ឋាភិបាលកំពុងបន្តជំរុញការវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលនេះជាឱកាសសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងស្រុក ក្នុងការប្រែក្លាយខ្លួន និងប្រមូលផ្តុំជាអ្នកផ្គត់ផ្គង់តម្រូវការវត្ថុធាតុដើម ផលិតផលពាក់កណ្តាលសម្រេចនិងសម្រេច ដល់រោងចក្រ សហគ្រាសធំៗ ទាំងនោះ។ 
 
លោក អូន ព័ន្ធមុនី បាននិយាយយ៉ាងដូច្នេះ៖  កម្ពុជាត្រូវបង្កើតឱ្យបានភាពជាប្រព័ន្ធប្រទាក់ក្រឡាគ្នា និងទ្រទ្រង់គ្នាទៅវិញទៅមក រវាងសហគ្រាសធុនតូច និងមធ្យម (SMEs) និងការវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលនេះអាចនិយាយបានថា ជាផ្នែកមួយនៃការបង្កើតប្រព័ន្ធជីវភាពប្រកបដោយថាមភាពរួមមួយ សម្រាប់អភិបាលកិច្ចធុរកិច្ចនៅកម្ពុជា»។ 
រដ្ឋាភិបាលប្រឹងប្រែងអភិវឌ្ឍវិស័យមីក្រូធុនតូចនិងមធ្យមបែបនេះ  គឺដើម្បីជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយភាពធន់៕ 

Tag:
 MSMEs
  សហគ្រាស
© រក្សាសិទ្ធិដោយ thmeythmey.com