កីឡាជាតិ
ជាតិ
គ្រូជំនួយជម្រើសជាតិកីឡាទូក ជឿជាក់កូនក្រុម នឹងដណ្ដើមមេដាយ ពីព្រឹត្តិការណ៍ទូកនាគអន្ដរជាតិ
28, Jun 2024 , 8:29 am        
រូបភាព
ប្រតិភូកីឡាទូកកានូ និងរ៉ូអ៊ីង ចេញដំណើរទៅប្រទេសរុស្ស៊ី រូបពីសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា
ប្រតិភូកីឡាទូកកានូ និងរ៉ូអ៊ីង ចេញដំណើរទៅប្រទេសរុស្ស៊ី រូបពីសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា
លោក គង់ សុភាព គ្រូជំនួយក្រុមជម្រើសជាតិកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ជឿថាក្រុមកីឡាករកម្ពុជា អាចនឹងដណ្ដើមបានមេដាយណាមួយពីព្រឹត្តិការណ៍ប្រណាំងទូកនាគអន្ដរជាតិ (International Dragon Boat  Festival) ដែលប្រទេសរុស្ស៊ី នឹងត្រូវធ្វើចាប់ពីថ្ងៃទី២៨-៣០ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុង Barnaul Altai Krai។

 
នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានបញ្ជូនប្រតិភូកីឡាទូក១៥នាក់ ចូលរួមប្រកួតព្រឹត្ដិការណ៍ប្រណាំងទូកនាគអន្ដរជាតិ នៅទីក្រុង Barnaul Altai Krai ប្រទេសរុស្ស៊ី។ ព្រឹត្តិការណ៍អន្ដរជាតិនេះ នឹងត្រូវធ្វើចាប់ពីថ្ងៃទី២៨-៣០ ខែមិថុនា ឆ្នាំ២០២៤។
 
លោក គង់ សុភាព បានប្រាប់សារព័ត៌មានថ្មីៗ តាមហ្វេសប៊ុកថា ឆ្លងកាត់តាមការហ្វឹកហាត់ជារៀងរាល់ថ្ងៃ និងធ្វើតេស្ដសមត្ថភាពកីឡាករ ជារៀងរាល់ខែ គុណផលរបស់អ្នកទាំងនោះ កើនឡើងល្អ ពីមួយកម្រិតទៅមួយកម្រិត។ គ្រូជំនួយរូបនេះ ជឿជាក់ថា កីឡាករកម្ពុជា នឹងដណ្ដើមបានមេដាយណាមួយ ពីព្រឹត្តិការណ៍អន្ដរជាតិនេះ។
 
«ខ្ញុំរំពឹងថា នឹងទទួលមេដាយ តែមិនដឹងមេដាយណាមួយទេ ប្រហែលជាមេដាយសំរឹទ្ធ។ ការធ្វើតេស្តកីឡាករ ខ្ញុំឃើញថាលទ្ធផលល្អ ឋិតក្នុងកម្រិតដណ្តើមមេដាយបាន។ យើង បានហ្វឹកហាត់ជាប្រចាំថ្ងៃ និងតេស្ដប្រចាំខែ ហើយលទ្ធផលល្អទៅៗ។»។ លោក គង់ សុភាព បាននិយាយដូច្នេះ។
 
គួរបញ្ជាក់ផងដែរថា កីឡាករកម្ពុជា នឹងប្រកួតលើវិញ្ញាសា ២០០ម៉ែត្រ, ៥០០ម៉ែត្រ និង២០០០ម៉ែត្រ ផ្នែកបុរស ចំណុះ១២នាក់៕
 

Tag:
 ទូកកានូ
  ទូកនាគ
  គង់ សុភាព
© រក្សាសិទ្ធិដោយ thmeythmey.com