ជាតិ
រដ្ឋមន្រ្តីកសិកម្ម ជំរុញវិស័យឯកជនផ្ដល់កម្ចីអត្រាការប្រាក់ទាប ដើម្បីអភិវឌ្ឍសហគមន៍កសិកម្មទំនើប
28, Jun 2024 , 9:29 pm        
រូបភាព
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម ក្នុងកិច្ចពិភាក្សាការងារជាមួយ លោក Jacques PELLET អគ្គរដ្ឋទូតសាធារណរដ្ឋបារាំងនៅកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា។ រូបភាព៖ ក្រសួងកសិកម្ម
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម ក្នុងកិច្ចពិភាក្សាការងារជាមួយ លោក Jacques PELLET អគ្គរដ្ឋទូតសាធារណរដ្ឋបារាំងនៅកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា។ រូបភាព៖ ក្រសួងកសិកម្ម
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គាំទ្រចំពោះវិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា ដែលផ្ដល់ឥណទានក្នុងអត្រាការប្រាក់ទាប ដើម្បីចូលរួមជំរុញ «សហគមន៍កសិកម្មទំនើប»។ នេះជាការចង់បានរបស់លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម ដែលប្រាប់ទៅកាន់ លោក Jacques PELLET អគ្គរដ្ឋទូតសាធារណរដ្ឋបារាំងនៅកម្ពុជា ក្នុងកិច្ចពិភាក្សាការងារ កាលពីថ្ងៃទី២៧ មិថុនា។



សហគមន៍កសិកម្មទំនើប គឺជាចក្ខុវិស័យនៃការអនុវត្តផលិតកម្មកសិកម្ម រួមគ្នាក្នុងទ្រង់ទ្រាយធំ នៅក្នុងវិស័យកសិកម្ម ដែលជាផ្នែកមួយនៃកម្មវិធី គោលនយោបាយអាទិភាពទី៦ របស់រដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលចាប់ផ្ដើមដាក់ឱ្យអនុវត្តចាប់តាំងពីឆ្នាំ ២០២៣។ គោលបំណងនៃការបង្កើតសហគមន៍កសិកម្មទំនើបនេះ ដើម្បីប្រែក្លាយវិស័យកសិកម្មកម្ពុជា ពីលក្ខណៈគ្រួសារឱ្យទៅជាសហគ្រាស សេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ និងគុណភាព។ 
 
បើតាម លោក ឌិត ទីណា សហគមន៍កសិកម្មទំនើប ដែលមានសមត្ថភាពក្នុងការផលិតទ្រង់ទ្រាយធំ គឺត្រូវការទុនផលិតទាប មានស្ថិរភាពផ្នែកតម្លៃ ផ្តល់ផលចំណេញដល់កសិកម្ម ដោយស្មើភាព។ ដូច្នេះ លោក ចង់ឱ្យវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ផ្តល់កម្ចីដែលមានអត្រាការប្រាក់ទាប ដើម្បីចូលរួមជំរុញសហគមន៍កសិកម្មទំនើបថ្មី។ 
  


ក្នុងជំនួបសំណេះសំណាលជាមួយកសិករសមាជិកសហគមន៍ដាំបន្លែ ក្នុងផ្ទះសំណាញ់ នៅឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ កាលថ្ងៃទី១៨ មិថុនា លោក ឌិត ទីណា បានពន្យល់ទៅកាន់កសិករថា ការចូលរួមក្នុងសហគមន៍កសិកម្មទំនើប នឹងជួយឱ្យពួកគេទទួលបានផលចំណេញច្រើន តាមរយៈការរៀបចំផែនការផលិតច្បាស់លាស់ ហើយផ្សារភ្ជាប់ទៅកាន់ទីផ្សារដោយត្រង់។ មិនតែប៉ុណ្ណោះ សហគមន៍កសិកម្មទំនើប នឹងទទួលបានការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដូចជា ផ្ទះសំណាញ់ ប្រព័ន្ធស្រោចស្រពត្រឹមត្រូវតាមបច្ចេកទេស ដើម្បីធ្វើយ៉ាងណាកាត់បន្ថយការចំណាយឱ្យបានជាអតិបរិមា។
 
រដ្ឋមន្រ្តីកសិកម្មរូបនេះ បានណែនាំឱ្យ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ក៏ដូចជាថ្នាក់ដឹកនាំទទួលបន្ទុកការងារ «សហគមន៍កសិកម្មទំនើប» ដទៃទៀត ពិនិត្យមើលលទ្ធភាព ជាមួយកសិករ និងសមាជិកសហគមន៍កសិកម្មដែលចាប់អារម្មណ៍ ដើម្បីសិក្សាបន្តអំពីលទ្ធភាពនៃការចងក្រងសហគមន៍កសិកម្មទំនើប ទៅតាមគោលការណ៍ស្ម័គ្រចិត្ត និងសក្ដានុពលនៃផលិតកម្មរបស់ពួកគេ៕ 



Tag:
 ឥណទានអត្រាការប្រាក់ទាប
  ក្រសួងកសិកម្ម
  សហគមន៍កសិកម្មទំនើប
© រក្សាសិទ្ធិដោយ thmeythmey.com