សង្គមអន្តរជាតិ​
អន្តរជាតិ
អាជ្ញាធរក្រុងហ្សាការតា ប្រឹងប្រែងគ្រប់គ្រងគុណភាពខ្យល់
29, Jun 2024 , 9:59 pm        
រូបភាព
ទិដ្ឋាភាពថតពីលើទីក្រុងហ្សាការតា។ រូបភាព ៖ Xinhua
ទិដ្ឋាភាពថតពីលើទីក្រុងហ្សាការតា។ រូបភាព ៖ Xinhua
មន្ទីរបរិស្ថានទីក្រុងហ្សាការតា បានដំឡើងស្ថានីយ៍ត្រួតពិនិត្យគុណភាពខ្យល់បន្ថែមទៀតក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកំណត់ការបំពុលនៅក្នុងទីក្រុង។ ប៉ុន្មានសប្តាហ៍ថ្មីៗនេះ ទីក្រុងហ្សាការតា បានជាប់ចំណាត់ថ្នាក់ជាកន្លែងដែលបំពុលខ្លាំងបំផុតក្នុងពិភពលោក។

 
យោងតាមសន្ទស្សន៍ក្រុមហ៊ុនបច្ចេកវិទ្យាគុណភាពខ្យល់របស់ស្វីស IQAir ទីក្រុងហ្សាការតាត្រូវបានបញ្ចូលក្នុងបញ្ជីទីក្រុងទាំង១០ ដែលបំពុលខ្លាំងបំផុតរបស់ពិភពលោកកាលពីសប្តាហ៍មុន។
 
ទីក្រុងនេះបានអំពាវនាវឱ្យប្រជាជនបង្កើនការប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ ជៀសវាងការដុតសំរាមនៅខាងក្រៅ និងសកម្មភាពផ្សេងទៀត ដើម្បីកាត់បន្ថយការបំពុលខ្យល់ ដែលបាននិងកំពុងបំពុលនៅទីក្រុងហ្សាការតាអស់រយៈពេលជាច្រើនខែ។
 
បើតាមប្រធានមន្ទីរបរិស្ថានទីក្រុងហ្សាការតា លោក Asep Kuswanto ទីក្រុងនេះមានស្ថានីយ៍ត្រួតពិនិត្យចំនួន៣១ ដែលត្រូវបានចែកចាយទូទាំងទីក្រុងរណបចំនួន៥ រួមទាំងស្ថានីយចំនួន១ នៅតំបន់កណ្តាលនៃរដ្ឋធានី និងស្ថានីយផ្សេងទៀតដែលត្រូវបានរៀបចំតាមទិសដៅផ្សេងៗគ្នា។
 
មន្ទីរនឹងបន្តពង្រីកចំនួនស្ថានីយ៍ត្រួតពិនិត្យគុណភាពខ្យល់ដើម្បីកំណត់អត្តសញ្ញាណប្រភពនៃការបំពុលសំខាន់ៗរបស់ទីក្រុង ដែលជួយឲ្យរដ្ឋាភិបាលអនុវត្តវិធានការការពារប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត។
 
បើតាមលោក Asep Kuswanto ទីក្រុងហ្សាការតានឹងបន្តរឹតបន្តឹងការត្រួតពិនិត្យ និងការអនុវត្តច្បាប់ស្តីពីឧស្សាហកម្ម ក៏ដូចជាកំណត់យានយន្តផ្ទាល់ខ្លួន តាមរយៈគោលនយោបាយនៃការគ្រប់គ្រងស្លាកលេខសេស ដែលចរាចរលើផ្លូវមួយចំនួន។ ទីក្រុងនឹងបន្តការធ្វើតេស្តបំភាយឧស្ម័នជាកាតព្វកិច្ចសម្រាប់យានជំនិះផ្ទាល់ខ្លួន និងអនុវត្តវិធានការដូចជា ការបណ្ដុះពពក ការបាញ់ថ្នាំអ័ព្ទ ... ដើម្បីគ្រប់គ្រងការបំពុលបរិយាកាស។
 
ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយទីក្រុងហ្សាការតា (BPBD) បានដាក់ពង្រាយប្រតិបត្តិការបណ្ដុះពពក ដើម្បីបង្កឲ្យមានភ្លៀងធ្លាក់ក្នុងទីក្រុង ក្នុងកិច្ចខិតខំប្រឹងប្រែងសម្អាតខ្យល់។
 
អភិបាលក្រុងស្តីទីនៃទីក្រុងហ្សាការតា លោក Heru Budi Hartono បានបញ្ជាក់ថា ការបំពុលជាបញ្ហាដែលជួបប្រទះនៅក្នុងផ្នែកជាច្រើននៃពិភពលោក ហើយបានសង្កត់ធ្ងន់លើវិធានការអនុវត្តដោយរដ្ឋាភិបាល និងរដ្ឋបាលក្រុងហ្សាការតា ដើម្បីបង្កើនគុណភាពខ្យល់ ដូចជាការបាញ់ថ្នាំអ័ព្ទពីអគារខ្ពស់ៗ និងផ្លូវធំៗនៅទូទាំងទីក្រុង។ នេះត្រូវបានចាត់ទុកជាជម្រើសមួយសម្រាប់ការបណ្ដុះពពក។
 
យោងតាមអ្នកជំនាញការបំពុលបរិយាកាស លោកស្រី Ana Turyanti នៅសាកលវិទ្យាល័យ Bogor Agricultural University (IPB) អាជ្ញាធរគួរតែផ្តោតលើការដោះស្រាយប្រភពនៃការបំពុលជាជាងអនុវត្តដំណោះស្រាយរយៈពេលខ្លី។
 
លោកស្រី Ana Turyanti បន្ថែមថា គោលនយោបាយយុទ្ធសាស្ត្រគឺចាំបាច់សម្រាប់អនាគត និងរយៈពេលវែង។ ជាធម្មតា ត្រូវលើកទឹកចិត្តដល់ការប្រើប្រាស់ប្រភពថាមពលស្អាតសម្រាប់ឧស្សាហកម្ម លើកកម្ពស់ការប្រើប្រាស់ការដឹកជញ្ជូនសាធារណៈ និងសហការជាមួយអាជ្ញាធរក្នុងតំបន់ដើម្បីការពារការបំពុលឆ្លងព្រំដែនពីការទៅដល់ទីក្រុងហ្សាការតា។
 
នេះមិនមែនជាលើកទីមួយទេ ដែលទីក្រុងហ្សាការតាជាប់ឈ្មោះក្នុងបញ្ជីទីក្រុងធំៗ ដែលបំពុលបរិស្ថានជាងគេលើពិភពលោក។ កាលពីខែសីហាឆ្នាំមុន ទីក្រុងហ្សាកាតាបានកាន់កាប់តំណែងកំពូលអស់រយៈពេលជិតមួយសប្តាហ៍៕
 

Tag:
 ហ្សាការតា
  គុណភាពខ្យល់
© រក្សាសិទ្ធិដោយ thmeythmey.com