ជាតិ
វីដេអូ
សិស្សថ្នាក់ទី៩ នៃវិទ្យាល័យព្រែកលៀប ចងក្រងសៀវភៅអំពីតំបន់ទាក់ទាញទេសចរនៅខេត្តកំពត
30, Jun 2024 , 8:59 pm        
រូបភាព
ដោយ៖ ភេន សុភ័ក្រ្ត
 
ភ្នំពេញ៖ សៀវភៅមួយក្បាល មានចំណងជើងថា «តំបន់ទាក់ទាញភ្ញៀវទេសចរនៅ ខេត្តកំពត» ត្រូវបានចងក្រងឡើងដោយសិស្សនៃក្លិបភូមិវិទ្យា សាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប។ កញ្ញា ស៊ិន សុផាន់អានីតា សមាជិកនៃក្លិបភូមិវិទ្យា បានពន្យល់ថា សៀវភៅនេះចងក្រង ដើម្បីផ្សព្វផ្សាយតំបន់ទេសចរណ៍លេចធ្លោជាច្រើន ឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្ដនៅទីនេះ។ លើសពីនេះ សិស្សានុសិស្ស ក៏អាចសិក្សាស្វែងយល់បន្ថែមពីតំបន់នានា ក្នុងខេត្តកំពត ដែលជាខេត្តមានសក្តានុពលមួយផងដែរ។


 
មានស្រុកកំណើតនៅខេត្តកំពត កញ្ញា ស៊ិន សុផាន់អានីតា បានមកបន្តការសិក្សានៅវិទ្យាល័យព្រែកលៀប។  សិស្សថ្នាក់ទី៩រូបនេះ ព្រមទាំងមិត្តរួមក្រុម បានសហការគ្នា សិក្សាស្រាវជ្រាវពីតំបន់ទេសចរណ៍ពេញនិយម នៅខេត្តកំពត។ សៀវភៅមួយក្បាលនេះ ក្រុមរបស់នីតា ប្រើរយៈពេល៧ថ្ងៃ ដើម្បីបង្កើតស្នាដៃនេះឡើង ដោយបែងចែកធ្វើកិច្ចការរៀងៗខ្លួន រួមមាន ផ្នែកកុំព្យូទ័រ ទូរសព្ទ និងសៀវភៅ ដើម្បីស្រាវជ្រាវរូបភាព និងទីតាំងតំបន់ទេសចរណ៍នៅទីនោះ។ 

កញ្ញា ស៊ិន សុផាន់អានីតា សមាជិកនៃក្លឹបភូមិវិទ្យា នៃសាលាជំនាន់ថ្មីវិទ្យាល័យព្រែកលៀប
 
«ហេតុផលដែលបង្កើតសៀវភៅនេះ គឺចង់ឱ្យបងប្អូនដទៃទៀត មិនទាន់ដឹងថាខេត្តកំពតមានតំបន់ទេសចរណ៍អ្វីខ្លះ ឱ្យពួកគាត់បានដឹងពីទីតាំងលាក់ខ្លួនជាច្រើននៅខេត្តហ្នឹង។ ណាមួយខ្ញុំជាអ្នកខេត្តនេះស្រាប់ ទើបបានជាចង់ផ្សព្វផ្សាយឱ្យទេសចរទៅលេងច្រើន។» នេះជាការបញ្ជាក់របស់ កញ្ញា ស៊ិន សុផាន់អានីតា នាការពិព័រណ៍ស្នាដៃសិស្ស។ នីតា បន្ថែមទៀតថា សៀវភៅមួយក្បាលនេះ បានដាក់បញ្ចូលតំបន់ទេសចរណ៍ និងរមណីយដ្ឋានចំនួន២៦ទីតាំង មានដូចជា ភ្នំបូកគោ ឧទ្យានដងព្រែក បឹងកាឡូបែបធម្មជាតិ ទឹកជ្រោះវាលពួច សហគមន៍ត្រពាំងសង្កែ រួមទាំងតំបន់ទេសចរណ៍ជាច្រើនទៀត ដែលកំពុងពេញនិយម និងទាក់ទាញទេសចរទៅកម្សាន្តជាហូរហែ។ 
 
សូមជម្រាបថា សិស្សានុសិស្សជាច្រើន នៃសាលាជំនាន់ថ្មីវិទ្យាល័យព្រែកលៀប បានយកស្នាដៃ និងគំនិតច្នៃប្រឌិតដ៏សម្បូរបែបរបស់ខ្លួន មកតាំងបង្ហាញក្នុងពិព័រណ៍ស្នាដៃសិស្ស ដែលរៀបចំឡើងនៅថ្ងៃទី២៩ ខែមិថុនា នាបរិវេណវិទ្យាល័យព្រែកលៀប។ ស្នាដៃភាគច្រើន ជាគំនិតរបស់សិស្ស ផ្ដើមចេញពីការងារសាលា និងការងារស្រាវជ្រាវជាក្រុម៕
 




Tag:
 ពិព័រណ៍ស្នាដៃសិស្ស
 តំបន់ទេសចរណ៍ខេត្តកំពត
© រក្សាសិទ្ធិដោយ thmeythmey.com