ជាតិ
សង្គមជាតិ
គ្រូពេទ្យ​នៅ​ភូមិរកា​ ត្រូវ​ជាប់ចោទ​ពីបទ​ឃាតកម្ម​ដោយមាន​ទារុណកម្ម អំពើ​ឃោរឃៅ​
22, Dec 2014 , 5:19 pm        
រូបភាព
ដោយ:
លោក យ៉ែម ជ្រិ​ន ដែល​គេ​សង្ស័យថា​ជា​អ្នកធ្វើ​ឲ្យ​មានការ​ចម្លង​ជំងឺអេដស៍​ដល់​អ្នក ភូមិ​ជាង១០០​​នាក់​នោះ ត្រូវបាន​ព្រះរាជអាជ្ញានៃ​​សាលាដំបូង​ខេត្តបាត់ដំបង ចោទប្រកាន់ ជា​ផ្លូវការ​ហើយ។


នៅ​រសៀល​ថ្ងៃទី២២ ខែធ្នូ​នេះ ព្រះរាជអាជ្ញា លោក នួន សាន បាន​ប្រាប់​សារព័ត៌មានថ្មីៗ តាម​ទូរ​សព្ទ​ថា លោក យ៉ែម ជ្រិ​ន ត្រូវបាន​ជាប់​ពីបទ​ឃាតកម្ម អំពើ​ឃោរឃៅ (មាត្រា ២០៥) នៃ​ក្រមព្រហ្មទណ្ឌ ការប្រព្រឹត្ត​ចម្លង​មេរោគ​ដេ​ស៍​ទៅ​អ្នកដទៃ (មាត្រា១៨ និង​មាត្រា៥០)នៃ​ច្បាប់​ស្តីពី ការបង្ការ និង​ការប្រយុទ្ធ​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​អេដស៍/ជំងឺអេដស៍ និង បទ​ធ្វើ​អាជីវកម្ម​ពេទ្យ​ដោយ​គ្មាន​ការអនុញ្ញាត។

លោក​ព្រះរាជអាជ្ញា​បាន​ប្រាប់ថា៖«នេះ​គឺជា​ការចោទប្រកាន់​បឋម​ដើម្បី​បើកផ្លូវ​ឲ្យ​ចៅក្រម​ស៊ើបសួរ​ធ្វើការ​បន្ថែម ទៅតាម​នីតិវិធី»។

លោក យ៉ែម ជ្រិ​ន ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅក្នុង​ពន្ធនាគារ​ខេត្តបាត់ដំបង។

ប្រសិនបើ​តុលា​ការរក​កំហុស​ដូច​បទចោទប្រកាន់ លោក​នឹងត្រូវ​ប្រឈមមុខ​ជាប់​ក្នុង​ពន្ធនាគារ អស់​មួយជីវិត។

លោក យ៉ែម ជ្រិ​ន ជា​គ្រូពេទ្យ​ឯកជន​នៅ​ភូមិ​រកា ដែល​សង្ស័យថា ជា​អ្នកប្រើប្រាស់​ម្ជុលចាក់​ថ្នាំ​រួមគ្នា​បង្ក​ឲ្យ​ឆ្លង​មេរោគ​អេដស៍​ដល់​ពលរដ្ឋ​ភូមិ​រកា ឃុំ​រកា ស្រុក​សង្កែ​នោះ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤ ៕


© រក្សាសិទ្ធិដោយ thmeythmey.com