ជាតិ
សង្គមជាតិ
CEDAC ប្រាប់​កសិករ​ឲ្យ​ប្រែក្លាយ​ជញ្ជ្រាំង​ស្រូវ​ធ្វើជា​ជីធម្មជាតិ
23, Dec 2014 , 5:09 pm        
រូបភាព
ដោយ:

ភ្នំពេញ៖ មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា (CEDAC) បាន​ប្រាប់​ឲ្យ​កសិករ​ប្រើប្រាស់​ឡើងវិញ​នូវ​អនុផល​ស្រូវ ដូចជា ចំបើង ជញ្ជ្រាំង និង​អង្កាម ជាដើម ដើម្បី​ធ្វើជា​ជីធម្មជាតិ សម្រាប់ធ្វើ​កសិកម្ម។



CEDAC ចាត់ទុកថា ជញ្ជ្រាំង​ស្រូវ ដែល​នៅក្នុង​ដីស្រែ បន្ទាប់ពី​ការ​ច្រូតកាត់​របស់​កសិករ​នោះ គឺជា​ប្រយោជន៍​សម្រាប់​កសិករ ជាពិសេស គឺជា​ជីធម្មជាតិ​ដ៏​ល្អ ដែល​ជួយ​ឲ្យ​ដី​ផុស និង​ផ្តល់​ជីជាតិ​បន្ថែម​ដល់​ស្រូវ​របស់​ពួកគេ។

ដើម្បី​ឲ្យ​កសិករ​ទទួលបាន​ទិន្នផល​ស្រូវ​ខ្ពស់​ជាប់​ជានិច្ច និង​កាត់បន្ថយ​នូវ​ការចំណាយ​លើ ថ្លៃ​ទិញ​ជី​ពី​ខាងក្រៅ​នោះ CEDAC ប្រាប់ថា កសិករ​គួរតែ​ប្រើប្រាស់​ឡើងវិញ​នូវ​អនុផល​ស្រូវ ដូចជា ចំបើង ជញ្ជ្រាំង អង្កាម មក​ប្រើ​ជា​ជីធម្មជាតិ​វិញ។

សេ​ដាក សង្កត់ធ្ងន់ថា៖«ក្នុងចំណោម​អនុផល​ទាំងនោះ ជញ្ជ្រាំង​ជា​ធនធាន​មួយ ដែល​កសិករ​ច្រើន​គ្នា​មិនសូវ​ឲ្យ​តម្លៃ»។

ចំពោះ​បញ្ហា​បំផ្លាញ​ជញ្ជ្រាំង​ស្រូវ​ចោល លោក យ៉ង សាំង​កុមារ ប្រធាន​អង្គការ សេ​ដាក បាន​ចាត់ទុកថា ការដុត​ជញ្ជ្រាំង​ចោល​ដោយ​ចេតនា ឬ​អ​ចេតនា​នាំមក​នូវ​គុណវិបត្តិ ជាច្រើន​ដូចជា បាត់បង់​នូវ​សារធាតុសរីរាង្គ​សំរាប់​ប្រើ​ជា​ជី​ជំនួយ​ដល់​ដី បាត់បង់​នូវ​គំរប ការពារ​ដី​ពី​កម្តៅថ្ងៃ។

លោក​បញ្ជាក់ថា៖«ចំហេះ​ជញ្ជ្រាំង​នាំមក​នូវ​កម្តៅ​បន្ថែម និង​ឧស្ម័នផ្សេងៗ ជាពិសេស​ឧស្ម័ន កាបូ​និ​ច ដែល​អាច​បង្ក​ឲ្យ​មាន​បំពុល​ដល់​បរិយាកាស និង​បង្កើត​ឲ្យ​មាន​អាកាសធាតុ​ក្តៅ»៕

សេ​ដា​កបាន​អំពាវនាវ​ឲ្យ​កសិករ និង​អ្នកពាក់ព័ន្ធ ជាពិសេស​គ្រូបង្រៀន និង​អាជ្ញាធរ​មូលដ្ឋាន ជួយ​ចាត់វិធានការ​ការពារ​ធនធានធម្មជាតិ​នេះ ដោយ កសិករ​គួរ​ភ្ជួរ​លុប​ជញ្ជ្រាំង​ស្រូវ​ទៅតាម លទ្ធភាព ស្វែងយល់​ពី​ប្រយោជន៍​ជញ្ជ្រាំង​ស្រូវ និង​កុំ​ដុត​ជញ្ជ្រាំង។ ហើយ​អាជ្ញាធរ​មូលដ្ឋាន គួរ​មាន​វិធានការ​ផាកពិន័យ​ក្នុង​កំរិត​ណាមួយ ចំពោះ​ជន​ណា​ដែល​ដុត​ជញ្ជ្រាំង និង​ចំបើង​ទុក​តាម​វាលស្រែ​ដោយ​ចេតនា៕


© រក្សាសិទ្ធិដោយ thmeythmey.com