ជាតិ
សង្គមជាតិ
មេរៀន​ស្តីពី​ការប្រឆាំង​អំពើពុករលួយ ចូលដល់​ថ្នាក់​វិទ្យាល័យ
24, Dec 2014 , 3:49 pm        
រូបភាព
ដោយ:
កំពង់ធំ៖ វិទ្យាល័យ ហ៊ុន សែន ត្បែង​បានរៀបចំ​ការបញ្ជ្រាប​អំពី​ការប្រឆាំង​អំពើពុករលួយ​ដល់​សិស្ស​ថ្នាក់​វិទ្យាល័យ​ចាប់​ថ្នាក់​ទី១០ដល់ទី១២ ។ ការបញ្ជ្រាប​អំពី​អំពើពុករលួយ ដែល​បង្រៀន​ដោយ​គ្រូ​មុខវិជ្ជា​សីលធម៌ និង​ពលរដ្ឋវិទ្យា ត្រូវបាន​រៀបចំឡើង​បន្ត​ពី​សិក្ខាសាលា​របស់​មន្ទីរអប់រំ​ខេត្តកំពង់ធំ ក្នុង​ក្របខណ្ឌ​នៃ​ការផ្សព្វផ្សាយ​ពី​ការប្រឆាំង​អំពើ ពុករលួយ។


វិទ្យាល័យ​ត្បែង ជា​វិទ្យាល័យ​មួយ​ក្នុងចំណោម​វិទ្យាល័យ​នានា​នៃ​ខេត្តកំពង់ធំ​ដែល​បានចាប់ផ្តើម​បញ្ចូល​មេរៀន​ស្តីពី​អំពើពុករលួយ​ទៅក្នុង​កម្មវិធីសិក្សា​មុខវិជ្ជា​សីលធម៌ និង​ពលរដ្ឋវិទ្យា។ ជា​ដំណាក់កាល​ដំបូង ក្នុងពេល​ពេញ​មួយឆ្នាំ មេរៀន​ស្តីពី​អំពើពុករលួយ​មាន​ចំនួន៤ ដែល​ត្រូវបាន​បែងចែក​ក្នុងការ​បង្រៀន២មេរៀន សម្រាប់​ឆមាស​ទីមួយ និង២មេរៀន​ក្នុង​ឆមាស​ទី២ ។

អ្នកគ្រូ ហង់ សុ​មិច ដែល​បង្រៀន​មុខវិជ្ជា​សីលធម៌​នៃ​វិទ្យាល័យ​ត្បែង បាន​ប្រាប់ថា ការផ្សព្វផ្សាយ​មេរៀន​ស្តីពី​អំពើពុករលួយ​នៅតាម​សាលារៀន មាន​គោលដៅ ធ្វើឱ្យ​សិស្សានុសិស្ស​ទទួល​បានកា​រ​យល់ដឹង​ទូលំទូលាយ​ពី​រូបភាពផ្សេងៗនៃ​អំពើពុករលួយ។ ហើយ​ថា ពួកគេ (សិស្សានុសិស្ស) អាច ឆ្លើយតបបានភ្លាមៗពេល​ឃើញ​ភាពមិនប្រក្រតី​កើតឡើង​តាមរយៈ​ការផ្តល់​ព័ត៌មាន​តាម​ទូរ​សព្ទ។ អ្នកគ្រូ​សុ​មិច​ក៏បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ផ្ទាល់ខ្លួន​ផងដែរ​ថា៖«បន្ទាប់ពី​បាន​រៀន​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ វា​បានធ្វើ​ឲ្យ​ខ្ញុំ​មានចិត្ត​ក្លាហាន ហ៊ាន​រាយការណ៍​ពី​អំពើពុករលួយ​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ។ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ជួយ​លាក់​អត្តសញ្ញាណ​យើង និង​ការពារ​យើង​ផងដែរ»។

ចំណែក​យុវតី អូត និមល និង ថា​ន់ វណ្ណា​រី ជា​សិស្ស​ថ្នាក់​ទី១២នៃ​វិទ្យាល័យ​ត្បែង ហាក់ដូចជាមិនសូវ​យល់ច្បាស់​ពី​អំពើពុករលួយ​ទេ ក្នុងពេល​កន្លងមក។ ប៉ុន្តែ​បច្ចុប្បន្ននេះ យុវ​សិស្ស​ទាំង២នាក់ ដែល​ដឹងថា អំពើពុករលួយ​ជា​អំពើ​ដែល​ខុសច្បាប់ អាច​យល់បាន​ថា ការដែល​សិស្ស​ឱ្យ​លុយ​គ្រូ ឬ​គ្រូ​យកលុយ​ពី​សិស្ស វា​គឺជា​អំពើពុករលួយ។

ទាក់ទង​ទៅនឹង​បញ្ហា​អំពើពុករលួយ​នេះដែរ លោក ថន​ស៊ី ពុទ្ធា នាយក​វិទ្យាល័យ​ត្បែង​បានប្រាប់​ឱ្យដឹងថា៖ « ការបញ្ជ្រាប​អំពើពុករលួយ​នេះ គឺ​ដើម្បីឱ្យ​ក្មេង​ដឹងថា អំពើពុករលួយ​កើតចេញពី​ណា? ហើយ​អ្វីខ្លះ​ជា​រូបភាព​នៃ​អំពើពុករលួយ? ឧទាហរណ៍​ដូចជា ពេល​សិស្ស​ប្រឡង​បាន​ពិន្ទុ​តិច ហើយ​ពួកគេ​យកលុយ​ឱ្យ​គ្រូ​ដើម្បី​បាន​ពិន្ទុ​បន្ថែម នេះហើយ​ជា​រូបភាព​សាមញ្ញ​នៃ​អំពើពុករលួយ»។

លោកនាយក​វិទ្យាល័យ​ត្បែង​បានបញ្ជាក់​បន្ថែមថា ក្រសួង​អប់រំ​បាន​បញ្ជូន​សៀ​ភៅ​ស្តីពី​អំពើពុករលួយ​ជាង២០០ក្បាល​មកដល់​សាលារៀន​របស់លោក ដើម្បី​បញ្ជ្រាប​ដល់​មជ្ឈដ្ឋាន​សិស្សានុសិស្ស៕



© រក្សាសិទ្ធិដោយ thmeythmey.com