ជាតិ
ពិភពតារា៖ នៅ ម៉ា​រី​សា សូម​ឲ្យ​តែ​បុរស​នោះ​នៅ​កំលោះ
20, Jan 2015 , 9:38 am        
រូបភាព
ដោយ:
ភ្នំពេញ៖ អ្នក​សម្តែង​ពន្លក​ថ្មី កញ្ញា នៅ ម៉ា​រី​សា ដែល​បានបង្ហាញ​វត្តមាន​នៅក្នុង​ខ្សែ​វីដេអូ​ភាគ​របស់​ផលិត កម្ម​មហាហង្ស បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ពី​ជីវិត​គូស្រករ​ថា ទៅ​ថ្ងៃ​អនាគត បើ​នាង​មាន​ស្វាមី គឺ​មិន​សំខាន់​ទេ​លើ​អាយុ​ក្មេង ចាស់ មាន ឬ​ក្រ តែ​អ្វីដែល​សំខាន់ គឺ​នាង​សូម​ឲ្យ​បុរស​នោះ​នៅ​កំលោះ។



អ្នក​សម្តែង​ថ្មោងថ្មី វ័យ ១៩ឆ្នាំ ដែលមាន​សម្រស់​ស្រស់ស្អាត សាច់​សរ​ម៉ដ្ឋ រលើបរលោង ដែល​ទើបតែ​ចាប់ផ្តើម​រះ​លើ​វិថី​សិល្បៈ ដោយសារតែ​ការប្រឡង​ជ្រើសរើស​តារា​សម្តែង​របស់​ផលិតកម្ម មហាហង្ស កញ្ញា នៅ ម៉ា​រី​សា បាន​ប្រាប់​ឲ្យ​ដឹងថា នាង​បាន​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​រយៈពេល​ជិត១ឆ្នាំ​ហើយ ដោយ​នាង​មានឱកាស​បាន​សម្តែង​ខ្សែភាពយន្ត​ចំនួន​រឿង២ គឺ​រឿង​ទី១ “រលក​បោក​ខ្សាច់” និង​រឿង ទី២ “ម៉ឺ​នុយ​ធ្នាក់​អន្ទាក់ស្នេហ៍” ។

កញ្ញា ម៉ា​រី​សា បាន​ប្រាប់​ឲ្យ​ដឹងផង​ដែរ​ថា បច្ចុប្បន្ន ក្រៅពី​ការងារ​សិល្បៈ និង​កំពុង​សិក្សា នាង​មិនទាន់​ចង់​គិតពី​រឿង​អ្វី​ផ្សេង​ទេ ជាពិសេស​រឿង​ស្នេហា ដោយ​នាង​អះអាងថា នាង​មាន​វ័យក្មេង​ពេក ខ្លាច​ដើរ​លើផ្លូវ​ស្នេហា​នេះ​ខុស ប៉ះចំ​ស្នេហា​ត្រីកោណ ស្នេហា​ប្តី​គេ​ជាដើម ប្រាកដជា​បាត់បង់​អនាគត។ ម្យ៉ាងវិញទៀត នៅក្នុង​វិថី​សិល្បៈ​វា​ងាយ​នឹង​ជួបប្រទះ​ព័ត៌មាន និង​រឿងរ៉ាវ​ស្នេហា​ខ្លាំងណាស់។ ដូច្នេះ នាង​ទើបតែ​ចូលប្រឡូក មិន​ចង់យក​ខ្លួន​ទៅ​ពាក់ព័ន្ធ​ក្នុង​រឿង​ស្នេហា​នោះទេ ។

យ៉ាងណាក្តី កញ្ញា ម៉ា​រី​សា បាន​ប្រាប់ទៀតថា នាង​មិនទាន់​ចង់​គិត​ចង់​ប្រឡូក​រឿង​ស្នេហា​ទេ គឺ​ចង់យក​ពេលទំនេរ​ពី​ការសិក្សា​ទៅ ចាប់​អាជីព​សិល្បៈ និង​ខំប្រឹង​កសាង​កេរ្តិ៍ឈ្មោះ​ឲ្យ​ល្បី មាន​ភាព​លេចធ្លោ បន្ថែម​ពីនេះ​សិន ។ នាង​បញ្ជាក់ថា មិន​ចង់​ឲ្យ​ជួបប្រទះ​នោះ គឺ​រឿង​ស្នេហា​ត្រីកោណ ព្រោះ​ស្នេហា​ទាំងនេះ សុទ្ធតែ​អនាគត​ស្វាមី​មានទ្រព្យ​សម្បត្តិ​តាមផ្លូវ​កាត់ ដែល​ប៉ះចំ​ប្តី​គេ ឬក៏​មាន​ឈ្មោះថា​ចុង (ប្រពន្ធចុង) នោះ។ នាង​បន្ថែមថា ស្នេហា​បែបនេះ អនាគត គ្មាន​អ្នកណាម្នាក់​មើល​ដឹង​ទេ ថា​ទៅ​ថ្ងៃក្រោយ​បែបណា?...៕



© រក្សាសិទ្ធិដោយ thmeythmey.com