កីឡាជាតិ
ជាតិ
Hun Sen Cup៖ ជើងឯក និង ជើងឯក​រង​ឆ្នាំ​ចាស់ ចេញ​ប្រកួត​វគ្គ​ជម្រុះ​តាម​ពូ​ល​មុនគេ
21, Jan 2015 , 9:47 am        
រូបភាព
ដោយ:
វគ្គ​ជម្រុះ​តាម​ពូ​ល​នៃ​ពានរង្វាន់​បាល់ទាត់​សម្ដេច​អគ្គ​មហា​សេ​នប​តី​តេ​ជោ ហ៊ុន សែន លើក​ទី ៩ ឆ្នាំ ២០១៥ (Hun Sen Cup) បានចាប់ផ្ដើម​ប្រកួត​ពីថ្ងៃ​ទី ២១ ខែ មករា នេះ​តទៅ​ហើយ​ដោយមាន ៤ គូ​ត្រូវ​ប្រជែង​គ្នា​មុនគេ​លើ ទីលាន​បាល់ទាត់​មជ្ឍមណ្ឌល និង សាលា​បាល់ទាត់​ជាតិ​បាទី ក្នុង​ខេត្តតាកែវ។ ក្រុម​ជើងឯក​ឆ្នាំ​ចាស់ អគ្គស្នងការ​នគរបាល​ជាតិ និង ក្រុម​ជើងឯក​រង​ឆ្នាំ​ចាស់ បៀ​ល​ប្រាយ ក៏មាន​ឈ្មោះ​ប្រកួត​នៅ​ថ្ងៃ​ដំបូង​នេះដែរ។



អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ប៉ះ ត្បូងឃ្មុំ

ក្រុម​ទាំង ២ ស្ថិតនៅ​ពូ​ល A ត្រូវ​ប៉ះគ្នា​នៅវេលា​ម៉ោង ៣:៣០ នាទី​រសៀល លើ​ទីលាន​មជ្ឍមណ្ឌល​បាទី ១ ព្រមទាំង​មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្ដិ៍​ទូរទស្សន៍ BTV ផងដែរ។

សម្រាប់​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ជា​ក្រុម​ការពារ​តំណែង​ជើងឯក​ឆ្នាំ​ចាស់ ២០១៤ និង ជា​ក្រុម​អង្គុយចាំ​នៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយនេះ។ សមាសភាព​ក្រុម​នេះ​មិនមាន​ការផ្លាស់ប្ដូរ​ច្រើន​នោះទេ ស្របពេល​លោក អ៊ុង កង​យ៉ា​និ​ត គ្រូ​បង្គោល​បាន​ចាប់​ប្រមូលផ្ដុំ​តាំងពី៣ ខែ​មុននេះ​ដើម្បី​ត្រៀម​កៅអី​វគ្គ​បន្ទាប់​របស់ខ្លួន។

ចំណែក​ក្រុម​ខេត្ត​ត្បូងឃ្មុំ ជា​ក្រុម​ជំនួស​តំណែង​ក្រុម​អាស៊ី​អឺរ៉ុប ដែល​បាន​ដកខ្លួន។ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បានសម្រេច​ជ្រើស​រើសយក​ក្រុម​ខេត្ត​ត្បូងឃ្មុំ មកពី​មណ្ឌល​ខាងកើត ដែល​រៀបចំ​នៅ​ខេត្តព្រៃវែង ព្រោះតែ​ក្រុម​នេះ​មាន​ចំណាត់ថ្នាក់ និង ពិន្ទុ​ប្រកួត​ល្អ​ជាងគេ បើ​ធៀប​ទៅនឹង​ក្រុម​ចំណាត់ថ្នាក់​លេខ ២ តាម​មណ្ឌល​នានា។

ខេត្តក្រចេះ ជួប Albirex Niigata Phnom Penh

ក្រុម​ទាំង ២ ស្ថិតនៅ​ពូ​ល A ដូច​គូ​ខាងលើ​ដែរ ដោយ​ត្រូវ​ជួបគ្នា​នៅ​ម៉ោង ៣:៣០ នាទី​រសៀល​លើ​វាលស្មៅ​មជ្ឍមណ្ឌល​បាទី ។ ក្រុម​ទាំង ២ ទើប​ឡើង​មកពី​វគ្គ​ជម្រុះ​តាម​មណ្ឌល​ដូចគ្នា ដោយ​ក្រុម​ខេត្តក្រចេះ ជា​ជើង​ខ្លាំង​មកពី​មណ្ឌល​ខាងជើង ចំណែក​ក្រុម Albirex Niigata Phnom Penh ជា​ក្រុម​ឈ្នះ​នៅ​វគ្គ​ប្រកួត​ស្វែងរក​ក្រុម​ចំណាត់ថ្នាក់​លេខ ២ ល្អ​ជាងគេ​ប្រចាំ​មណ្ឌល​ភ្នំពេញ។

បៀ​ល​ប្រាយ ប៉ះ ខេត្តកំពត

២ ក្រុម​នេះ​ចេញមក​ពី​ពូ​ល B ដោយ​ត្រូវ​ជួបគ្នា​នៅ​ម៉ោង ៣:៣០ នាទី​រសៀល​លើ​ទីលាន​មជ្ឍមណ្ឌល​បាទី ។ ចំពោះ​បៀ​ល​ប្រាយ ជា​ក្រុម​ឈរ​ចាំ​នៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ​ជាស្រេច ព្រោះ​រដូវ​កាល​មុន​ក្នុង​លី​ក​កំពូល​កម្ពុជា ក្រុម​សាកលវិទ្យាល័យ​មួយ​នេះ​ឈរ នៅ​ចំណាត់ថ្នាក់​លេខ ៧ ក្នុងចំណោម​ក្រុម​ទាំង ១។ ម្យ៉ាងវិញទៀត​បៀ​ល​ប្រាយ ជា​ក្រុម​ជើងឯក​រង​ឆ្នាំ​ចាស់ ក្រោយ​ចាញ់​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្នុង​លទ្ធផល ២ ទល់ ១។

ចំពោះ​ក្រុម​ខេត្តកំពត វិញ​ជា​ក្រុម​ខ្លាំង​មកពី​មណ្ឌល​ខាងត្បូង​ដែល​រៀបចំ​នៅ​ខេត្តតាកែវ។ នៅ​វគ្គ​ជម្រុះ​តាម​ពូ​ល​ខេត្តកំពត បាន​យកឈ្នះ​ម្ចាស់​នៅ​ប្រកួត​បើកឆាក​ដោយ​លទ្ធផល ៣ ទល់ ០ នៅ​ទីលាន​គរុកោសល្យ​ខេត្ត ចូលដល់​ប្រកួត​ទី២ ក្រុម​ខេត្ត​ភ្ញៀវ​មួយ​នេះ​បាន​បន្ត​យកឈ្នះ ២ ទល់ ១ ទៀត​ព្រោះ​មណ្ឌល​នេះ​មានតែ ២ ក្រុម​ចូលរួម។
 

ត្រាយ​អាស៊ី ភ្នំពេញ Vs គីរីវង់​សុខ​សែន​ជ័យ


ត្រាយ​អាស៊ី និង គីរីវង់ មកពី ពូ​ល B ត្រូវ​ជួបគ្នា​នៅ​ម៉ោង ៣:៣០ នាទី​រសៀល លើ​ទីលាន​មជ្ឍមណ្ឌល​បាទី ។ សម្រាប់​ត្រាយ​អាស៊ី ជា​ក្រុម​ឈរ​ចាំ​នៅ​វគ្គ​ចែក​ពូ​ល​នេះ​ជាស្រេច ព្រោះ​ក្រុម​មួយ​នេះ​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ ៥ ក្នុង​លី​ក​កម្ពុជា កាលពី​រដូវ​កាល​មុន។ ទោះជា​លោកគ្រូ​បង្គោល Daisuke Yoshioka ចាក​ចេញពី​ក្រុម​យ៉ាងណាក៏ដោយ​តែ​ក្លិប​មួយ​នេះ​មិនទាន់​បង្ហាញមុខ​គ្រូបង្វឹក​ថ្មី​នៅឡើយ​នោះទេ។


ចំណែក​ក្រុម​គី​រី​រង់​សុខ​សែន​ជ័យ ជា​ជើង​ខ្លាំង​មកពី​វគ្គ​ជម្រុះ ពូ​ល B នៅ​មណ្ឌល​ភ្នំពេញ ក្រោយ​ប្រកួត ៣ លើក​ឈ្នះ​ទាំង ៣ ក្នុងនោះ​ឈ្នះ ខណ្ឌទួលគោក ៣ ទល់ ០, ឈ្នះ Albirex Niigata Phnom Penh ១ ទល់ ០ និង ឈ្នះ​ក្រុម​ជ្រោយចង្វា ២ ទល់១ ។


រូបថត៖ FFC (ទីលាន​បាល់ទាត់​បាទី)



© រក្សាសិទ្ធិដោយ thmeythmey.com