ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី - កឹម សុខា ខ្វះ​ភាពជា​អ្នកដឹកនាំ​ត្រង់​យកប្រពន្ធ​និង​កូន​តាម​ខ្លួន
31, Jan 2015 , 2:21 pm        
រូបភាព
ដោយ:
ស្ទើរតែ​មិន​លុះ​ពេល​ឡើយ ដែល​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ តែងតែ​យកប្រពន្ធ​របស់ខ្លួន​ឲ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នានា ដោយ​ហោចទៅ​សូម្បីតែ​ចូលគាល់​ព្រះមហាក្សត្រ​ក៏មាន​វត្តមាន​ភរិយា​របស់លោក សម រង្ស៊ី ដែរ។ រីឯ​លោក កឹម សុខា អនុប្រធាន​គណបក្ស​វិញ​ផ្ទុយ​ពី​លោក សម រង្ស៊ី មិន​យកប្រពន្ធ​តាម​ខ្លួន​ឡើយ តែ​យក​កូន​តាម​ខ្លួន​ជំនួស​វិញ។ ទង្វើ​របស់​មេដឹកនាំ​កំពូល​បក្សប្រឆាំង​ទាំងពីរ​នេះ ត្រូវ​លោក អ៊ូ វីរៈ ចាត់ទុកថា ជា​ទង្វើ​ដែល​បង្ហាញ​ពី​កង្វះ​ភាពជា​អ្នកដឹកនាំ។



ការយក​ប្រពន្ធ​តាម​ខ្លួន​របស់លោក សម រង្ស៊ី និង​ការយក​កូន​តាម​ខ្លួន​របស់លោក កឹម សុខា គឺជា​សកម្មភាព ដែល​លោក អ៊ូ វីរៈ រិះគន់ថា លោក​មេបក្ស​ប្រឆាំង​ទាំងពីរ​ខ្វះ​ភាពជា​អ្នកដឹកនាំ។ ក្នុងនាម​ជា​អ្នកវិភាគ​ស្ថានការណ៍​នយោបាយ​កម្ពុជា​មួយរូប​ផង​នោះ លោក អ៊ូ វីរៈ បាន​មើលឃើញ​ទង្វើ​លោក សម រង្ស៊ី កន្លងមក​ថា មេបក្ស​ប្រឆាំង​រូបនេះ តែងតែ​យកប្រពន្ធ​គឺ​លោកស្រី ជូ​ឡុង ស៊ូ​ម៉ា​រ៉ា តាម​ខ្លួន​ស្ទើរ​គ្រប់​ជំនួប​ជាមួយ​ថ្នាក់ដឹកនាំ​ដទៃ និង​ស្ទើរ​គ្រប់​កិច្ចប្រជុំ​នៅក្នុង​បក្ស ព្រមទាំង​ពេល​ជួប​ពលរដ្ឋ​ផងដែរ ។ បន្ថែម​ពីលើ​នេះ លោក អ៊ូ វីរៈ បាន​អះអាងថា ទង្វើ​របស់លោក សម រង្ស៊ី បែបនេះ នឹងធ្វើ​ឲ្យ​បាត់បង់​ភាព​ស្និត​ស្នាល​នៅក្នុង​ក្រុម ឬ​ក្នុង​បក្ស។

អ្នកវិភាគ​រូបនេះ បញ្ជាក់​យ៉ាងនេះ​ថា៖ «លោក សម រង្ស៊ី គាត់​ខ្វះ​ភាពជា​អ្នកដឹកនាំ​ត្រង់​យកប្រពន្ធ​តាម​ខ្លួន​ពេក ។ លោក សម រង្ស៊ី បើ​គាត់​មាន​ភាពជា​អ្នកដឹកនាំ គួរតែ​ដឹងថា ប្រពន្ធ​គាត់​ធ្វើ​ឲ្យ​ការ​ល្អូកល្អិន​ជា​ក្រុម​បាត់បង់ ព្រោះថា កាលណា​មាន​ប្រពន្ធ​ជិត​ខ្លួន​ហើយ​ជា​ធម្មជាតិ​មនុស្ស គឺ​នៅពេល​គាត់​មានរឿង​អ្វីមួយ ប្រាប់​ប្រពន្ធ ជួប​បញ្ហា​អ្វី រអ៊ូ​ប្រាប់​ប្រពន្ធ  ជាពិសេស​ពី​បញ្ហា​ក្នុង​ការងារ​ជាដើម។ ខ្ញុំ​ថា ធ្វើបែបនេះយូរៗទៅ គាត់​បាត់បង់​ភាព​អ្នកដឹកនាំ​នៅក្នុង​ក្រុម និង​បាត់​ភាព​ជិតស្និត» ។

ទន្ទឹមនឹង​លើក​ពី​កង្វះ​ភាពជា​អ្នកដឹកនាំ​របស់លោក សម រង្ស៊ី ត្រង់ចំណុច​នេះ លោក អ៊ូ វីរៈ ដែល​ធ្លាប់តែ​រិះគន់​លោក សម រង្ស៊ី នោះ ក៏​បន្ត​និយាយ​ពី​ចំណុចខ្សោយ​របស់លោក​មេ​បក្សប្រឆាំង​រូបនេះ មួយចំនួនទៀត​ផងដែ​រ។ តែ​មុននឹង​អធិប្បាយ​ដល់​ចំណុចខ្សោយ​បន្ថែម លោក អ៊ូ វីរៈ ក៏​សរសើរ​លោក សម រង្ស៊ី ខ្លះ​ដែរ​អំពី​ភាពជា​អ្នកដឹកនាំ​របស់លោក កាលពី​ជាង ២០ ឆ្នាំមុន។ លោក​ថា នៅពេលនោះ លោក សម រង្ស៊ី  ជា​មេដឹកនាំ​ដែល​ល្អ មានចំណេះដឹង​ខ្ពស់ មាន​ឆន្ទៈ និង​មាន​ទស្សនៈវិស័យ​ច្បាស់លាស់ ដែល​សាក​សម ជា​អ្នកដឹកនាំ​ប្រទេស។  តែ​ពេលវេលា​រំលង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ដោយសារ​មានការ​គំរាមកំហែង​ផង​នោះ​លោក សម រង្ស៊ី កាន់តែ​ខ្សោយទៅ។

លោក អ៊ូ វីរៈ អះអាងថា ការជួប​ស្ថានការណ៍​បែបនេះ ធ្វើ​ឲ្យ​លោក សម រង្ស៊ី មាន​ចំណុចខ្សោយ​មិន​ទុកចិត្ត​លើ​អ្នកដទៃ​ឡើយ។ «លោក សម រង្ស៊ី ជាម​នុស្ស រឹងមាំ។ ខ្ញុំ​ចាំ​ថា កាលពី ២០ ឆ្នាំមុន​គាត់​ជា​មេ​ដឹក​ល្អ គាត់​មាន​ទស្សនៈវិស័យ មាន​ឆន្ទៈ​ច្បាស់លាស់ ហើយ​គាត់​ដឹងថា ត្រូវ​រៀបចំ​ប្រទេស​កម្ពុជា​យ៉ាងម៉េច​ពេលនោះ ។ គាត់​ខំប្រឹងប្រែង​ខ្លាំងណាស់​ដើម្បី​ជាតិ ។ តែ​ខ្ញុំ​សោកស្តាយ​អ្វីដែល​កើតឡើង​សម្រាប់​គាត់​ជាង ២០ ឆ្នាំ​មកនេះ គឺ​គាត់​តែងតែ​រងគ្រោះ​ច្រើន​មានដូចជា ការគំរាមកំហែង​សម្លាប់​ដល់​អាយុជីវិត​ការ​គំរាម​ចាប់​ដាក់គុក ការ​លាប​ព័ណ៌ គេ​ជេរប្រមាថផ្សេងៗ ក៏​ធ្វើ​ឲ្យ​គាត់​ខ្លាច​សង្គម ឈប់​ទុកចិត្ត​លើ​អ្នកដទៃ ដែល​ធ្វើ​ឲ្យ​គាត់រួញៗទៅ ហើយ​វា​ជាការ​បរាជ័យ​សម្រាប់​ទឹកចិត្ត​គាត់ ។

កត្តា​នេះ​មិនអាច​ឲ្យ​គាត់​រីកចម្រើន​បានទេ គាត់​ធ្វើ​អ្វី​តែម្នាក់ឯង មិន​ទុកចិត្ត​លើ​អ្នកផ្សេង មិនសូវ​សហការ​ជាមួយ​អ្នកដទៃ។ លោក សម រង្ស៊ី តែងតែ​អត់​ហ៊ាន​ទាញ​មនុស្ស​ពី​ខាងក្រៅ​ឲ្យ​ចូល​ជាមួយ​ខ្លួន​ទេ ខ្លាច​លោក ហ៊ុន សែន ដាក់​មនុស្ស​បង្កប់។ ដូច្នេះ​ជា​ផ្លូវចិត្ត​លោក ហ៊ុន សែន បាន​ជោគជ័យ​លើ​លោក សម រង្ស៊ី បាត់ទៅហើយ។ តាមពិត លោក សម រង្ស៊ី ជា​អ្នកចេះដឹង ហើយ​ឆ្លាត​ទៀត តែ​គាត់​បាត់បង់​ភាពជា​អ្នកដឹកនាំ និង​មាន​ចំណុចខ្សោយ ដោយសារ​គាត់​រងគ្រោះ​ច្រើនពេក» ។ នេះ​ជាការ​វិភាគ​របស់លោក អ៊ូ វីរៈ ។

ក្រោយពី​វិភាគ​ទៅលើ​ចំណុច​អវិជ្ជមាន​របស់លោក លោក សម រង្ស៊ី លោក អ៊ូ វីរៈ ក៏​មិន​ភ្លេច​និយាយ​ពី​ចំណុច​អវិជ្ជមាន​របស់លោក កឹម សុខា ដែល​ខ្វះ​ភាពជា​អ្នកដឹកនាំ​ផងដែរ។ លោក​ថា លោក កឹម សុខា ខ្វះ​ភាពជា​អ្នកដឹកនាំ​ត្រង់​យក​កូនស្រី​តាម​ខ្លួន​ច្រើនពេក។ « លោក កឹម សុខា មិនអាច​ឲ្យ​កូន ( កញ្ញា កឹម មនោ​វិទ្យា) ចូលក្នុង​ក្រុម​បានទេ ពីព្រោះ​វា​នឹងធ្វើ​ឲ្យ​បាត់បង់​ការសហការ​គ្នា​ជា​ក្រុម ។ ហើយ​បើសិនជា​បើ​កូន​នោះ មាន​សមត្ថភាព លោក កឹម សុខា គួរ​ឲ្យ​កូន​នោះ ជា​អ្នក​ជួយ​ពីក្រោយ ឬ​ធ្វើ​ជំនួយការ​វិញ​ល្អ​ជាង មិនបាច់​ចេញមុខ​ជាមួយ​គាត់​ទេ» ។ នេះ​ជាការ​បញ្ជាក់​របស់លោក អ៊ូ វីរៈ ។ លើសពីនេះ​ទៀត លោ​កថា​លោក​អនុប្រធាន​បក្សប្រឆាំង​រូបនេះ ក៏មាន​ចំណុចខ្សោយ​មួយទៀត គឺ​ការ​ឆាប់​ជឿ​អ្នកដទៃ។ លោក អ៊ូ វីរៈ សង្កត់ធ្ងន់​យ៉ាងនេះ​ថា៖«លោក កឹម សុខា ពេលខ្លះ​គាត់​ឆាប់​ជឿ​ង​គេ​ណាស់ ដែល​ធ្វើ​ឲ្យ​គាត់​ជួប​បញ្ហា ចំពោះ​ការសម្រេចចិត្ត​លឿន​របស់គាត់។ ហើយ​នេះ​ជា​ចំណុចខ្សោយ ក្នុងនាម​ខ្លួន​ជា​មេដឹកនាំ​បក្ស» ។

តែ​យ៉ាងណា​លោក អ៊ូ វីរៈ មិនមែន​និយាយ​ពី​ចំណុច​អវិជ្ជមាន​របស់លោក កឹម សុខា តែមួយ​មុខ​នោះទេ ក៏ប៉ុន្តែ​លោក ក៏​និយាយ​ពី​ចំណុច​ល្អ​ផងដែរ។ « លោក កឹម សុខា គាត់​ជាម​នុស្ស​ឆ្លាត​មួយ តែ​មិនមែន​ឆ្លាត​ដូច​លោក សម រង្ស៊ី ដែល​កើត​ពី​ការរៀនសូត្រ​ខ្ពង់ខ្ពស់​នោះទេ។ គាត់​រៀន​បាន​តិចតួច​ទេ​តែ​គាត់​ឆាប់​ចាប់បាន​លឿន​ណាស់​ជាពិសេស​គាត់​អនុវត្ត​ជាក់ស្តែង​តែម្តង។ ចំណុច​នេះ គួរ​សរសើរ​គាត់ » ។ នេះ​ជា​អ្វី​ដែ​លោក អ៊ូ វីរៈ សរសើរ​លោក កឹម សុខា ដែលជា​អតីត​ប្រធាន​របស់លោក កាល​លោក កឹម សុខា នៅ​ធ្វើជា​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ៕

(សូម​រងចាំ​អាន​អត្ថបទ​លើក​ក្រោយ ដែល​នឹង​និយាយ​ពី​ចំណុចខ្សោយ និង​ចំណុចខ្លាំង​របស់លោក ហ៊ុន សែន និង​ព្រះអង្គម្ចាស់ នរោត្តម រណ​ឬ​ទ្ធិ) ។


© រក្សាសិទ្ធិដោយ thmeythmey.com