ជាតិ
ឃាត់ខ្លួន​ជនសង្ស័យ​ជាង៣ពាន់​នាក់​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន​​ក្នុង​ឆ្នាំ២០១៤
02, Feb 2015 , 3:14 pm        
រូបភាព
នៅក្នុង​ឆ្នាំ២០១៤សមត្ថកិច្ច​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន បាន​ចំនួន១,៣៣៧ករណី ឃាត់ខ្លួន​ជនសង្ស័យ​បាន​ជាង៣ពាន់​នាក់ តួលេខ​នេះ​កើនឡើង​ជិត៦០ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ២០១៣។ លោក​មាស វិ​រិ​ទ្ធ អគ្គលេខាធិការ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៅក្នុង​កិច្ចប្រជុំ​ស្តីពី​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ ២០១៤ និង​ទិសដៅ​ការងារ​ឆ្នាំ២០១៥ កាលពី​កន្លងទៅថ្មីៗនេះ នៅ​ក្រសួងមហាផ្ទៃ។



បើតាម​ទីភ្នាក់ងារសារព័ត៌មាន​ជាតិ​AKP ដែល​បាន​ដកស្រង់​សម្តី​របស់ លោក មាស វិ​រិ​ទ្ធ បាន​ឲ្យ​ដឹងថា គិត​រហូតមក​ដល់ពេលនេះ សមត្ថកិច្ច​បាន​បង្ក្រាប និង​រឹបអូស​នូវ​សារ​ធាតុគីមី​ចម្រុះ ដែល​នាំចូល​ដោយ​ខុសច្បាប់ តាម​ច្រក​នៅក្នុង​ខេត្ដ​ជាប់​ព្រំដែន បាន​ជិត៣០តោន និង​បាន​ដកហូត គ្រឿងញៀន​ប្រភេទ​កូកាអ៊ីន ហេ​រ៉ូ​អ៊ី​ន ព្រមទាំង​មាន​សារធាតុ​គីមី​ផ្សំ ជាច្រើន​ទៀត ដើម្បី​នាំយកមក​ផលិត និង​កែច្នៃ​ឱ្យទៅជា​ផលិតផល គ្រឿងញៀន​សំយោគ។ រីឯ​សំណុំរឿង​បទល្មើស​គ្រឿងញៀន ដែល​ស្ថិតក្នុង​ដែន​សមត្ថកិច្ច របស់​សាលាដំបូង​រាជធានី-ខេត្ដ មាន​ចំនួន៥៦៤សំណុំរឿង ក្នុងនោះ មាន៣៣០សំណុំរឿង​បាន​ជម្រះក្ដី​រួច ២០៤សំណុំរឿង កំពុង​សាកសួរ និង​សំណុំរឿង​មិនទាន់​ចាត់ការ​មាន១៦សំណុំរឿង។

ដោយឡែក​សម្រាប់​ឆ្នាំ២០១៥នេះ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បានដាក់​ទិសដៅ និង​រៀ​បំ​ផែនការ ក្នុង​ការជំរុញ​ផ្សព្វផ្សាយ​អប់រំ​តាម​គ្រប់​រូបភាព ដោយ​សហការ​ជាមួយ ក្រសួង-ស្ថាប័ន និង​វិស័យ​ឯកជន​សំដៅ​កាត់បន្ថយ​តម្រូវការ និង​ចេះ​បដិសេធ​គ្រឿងញៀន​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង។  អាជ្ញាធរ​គ្រឿងញៀន​ក៏​ចាត់វិធានការ​គ្រប់បែបយ៉ាង​តាមផ្លូវ​ច្បាប់ និង​រដ្ឋបាល ដើម្បី​ប្រឆាំង​ការផលិត ការដាំដុះ ការ​ចម្រាញ់ ការ​ចរាចរ ជួញដូរ ការ​ស្ដុក​ទុក និង​ការ ប្រើប្រាស់​គ្រឿងញៀន ចាប់ពី​រូបភាព​តូចតាច​រហូតដល់​រូបភាពធំៗ ដើម្បី​ពង្រឹងគុណភាព​នៃ​ការ​អនុវត្ដ​ច្បាប់ ឱ្យ​តឹងរ៉ឹង​បំផុត៕



© រក្សាសិទ្ធិដោយ thmeythmey.com