ជាតិ
ក.អ.ក ថ្កោលទោស​ក្រុម​រដ្ឋ​អ៊ីស្លាម ចំពោះ​ការសម្លាប់​ចំណាប់ខ្មាំង​ជនជាតិ​ជប៉ុន
02, Feb 2015 , 4:59 pm        
រូបភាព
ក្លឹប​អ្នកកាសែត​កម្ពុជា(ក.អ.ក)នៅ​ថ្ងៃទី២ខែកុម្ភៈ​នេះ បានចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​ចំពោះ​ក្រុម​ជី​ហាត​រដ្ឋ​អ៊ីស្លាម​ដែល​សម្លាប់​ចំណាប់ខ្មាំង​ជប៉ុន​ម្នាក់ទៀត និង​បាន​បង្ហោះ​វីដេអូ​កាត់​ក​ចំណាប់ខ្មាំង​តាម​ប្រ​ព័​ណ្ធ​អ៊ី​ន​ធឺ​ណេ​ត​ផងដែរ។



ចំណាប់ខ្មាំង​ជនជាតិ​ជប៉ុន២នាក់ ត្រូវបាន​ក្រុម​អង្គការ​រដ្ឋ​អ៊ីស្លាម កាត់​ក្បាល​ជា​បន្តបន្ទាប់ ក្នុង​រយៈពេល​មួយ​សប្តាហ៍។ កាលពី​ថ្ងៃ​សៅរ៍​ទី២៤ខែមករា​កន្លងទៅ ក្រុម​នេះ បាន​បង្ហោះ​វីដេអូ ពី​ការ​កាត់​ក្បាល​ចំណាប់ខ្មាំង​ជប៉ុន​ម្នាក់ គឺ​លោក Shoichi Yukawa ហើយ​នៅ​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ក្រុម​អង្គការ​រដ្ឋ​អ៊ីស្លាម​នេះ បាន​បង្ហោះ​វីដេអូ​កាត់​ក្បាល​ចំណាប់ខ្មាំង​ដែលជា​អ្នកកាសែត​ជប៉ុន គឺ​លោក Kenji Gotoម្នាក់ទៀត​ជាថ្មី។

ក.អ.ក បានចាត់ទុក​ឃាតកម្ម​លើ​អ្នកកាសែត​នេះ ជា​អំ​ពោះ​ក៏​សាហាវព្រៃផ្សៃ យង់ឃ្នង ប្រឆាំង​មនុស្សជាតិ និង​រំលោភ​យ៉ាងធ្ងន់ធ្ងរ​លើ​សេរីភាព​សារព័ត៌មាន ព្រមទាំង​សិទ្ធិមនុស្ស​ដែល​មិនអាច​អត់ឱន​ឲ្យ​បានឡើយ។ ក.អ.ក ប្រកាស​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​អំ​ពោះ​ព្រៃផ្សៃ អមនុស្សថម៌​នេះ ហើយ​អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិ និង​មនុស្សជាតិ​លើ​សកលលោក រួមគ្នា​ថ្កោលទោស និង​ចាត់វិធានការ​តាម​គ្រប់​រូបភាព ដើម្បី​ប្រឆាំង​ក្រុម​ភេរវជន​រដ្ឋ​អ៊ីស្លាម​នេះ។

បន្ថែម​ពីនេះ ក.អ.ក ក៏​សូម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាមួយ​ក្រុមគ្រួសារ​សព រួមទាំង​ប្រជាជន​ជប៉ុន​ទាំងមូល​ផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com