ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សិល្បះ
ផលិតករ​​ភាពយន្ត​​ខ្មែរ ​ត្រូវ​​បើក​​ចិត្ត​​ទទួល​យក​​ការ​បណ្តុះបណ្តាល​
03, Feb 2015 , 3:48 pm        
រូបភាព
នៅក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មានថ្មីៗ លោក ជា ច័ន្ទ​បរិបូរណ៍ បណ្ឌិត​ផ្នែក​តន្ត្រី​បាន​វាយតម្លៃថា ការចុះ​ខ្សោយ​នៃ​វិស័យ​ភាពយន្ត​នៅ​កម្ពុជា បណ្តាលមកពី​ផលិតករ​មួយចំនួនធំ​មិនបាន​ផ្តល់ឱកាស​ដល់​ខ្លួនឯង​ដើម្បី​ទទួលយក​ការបណ្តុះបណ្តាល បង្កើន​ចំណេះដឹង​របស់ខ្លួន។ លោ​កថា​ផលិតករ​ខ្មែរ​ត្រូវ​ស្គាល់​សិល្បៈ​ទាំង៦ទម្រង់ ដើម្បី​ធ្វើ​សិល្បៈ​ទី៧ឲ្យ​បាន​ជោគជ័យ។ ខាងក្រោម​នេះ​គឺជា​បទសម្ភាសន៍​រវាង​លោក លាង ដឺ​លុច និពន្ធ​នាយក​សារព័ត៌មានថ្មីៗ និង​លោក ជា ច័ន្ទ​បរិបូរណ៍ បណ្ឌិត​ផ្នែក​តន្ត្រី​ពី​ប្រទេស​ប៊ុល​ហ្ការី ស្តីអំពី​ស្ថានភាព​នៃ​ភាពយន្ត​ខ្មែរ។


លោក លាង ដឺ​លុច៖ បើទោះជា​មានការ​បង្កើត​រោងភាពយន្ត​ថ្មី​មួយចំនួន​នៅតាម​ផ្សារ​ទំនើប​ក៏ពិតមែន ប៉ុន្តែ​កម្ពុជា​ហាក់​នៅ​មិនទាន់មាន​ភាពយន្ត​ពិតប្រាកដ​ច្រើន​គ្រប់គ្រាន់​សម្រាប់​ការដាក់​បញ្ចាំង​ឡើយ។ ទិដ្ឋភាព​ទូទៅ​ទៀតសោត បង្ហាញថា​ប្រជាជន​ខ្មែរ​ក៏​មិនសូវ​ចាប់អារម្មណ៍​លើ​កុន​ខ្មែរ​ខ្លួនឯង​ដែរ? តើ​lលោក​អាច​យល់​បានទេ ថា​បាតុភូត​នេះ​បណ្តាលមកពី​អ្វី?

លោក ជា ច័ន្ទ​បរិបូរណ៍៖ វា​ពិត​ជាមាន​បញ្ហា​ច្រើន។ ដើម្បី​ទាក់ទាញ​អ្នកគាំទ្រ​បាន លុះត្រា​តែមាន​កុន​ល្អ។ ផលិតករ​ខ្មែរ​តែងតែ​និយាយថា ពួកគេ​មិនអាច​ធ្វើ​ផលិត​កុន​ល្អ​បាន ដោយសារតែ​បញ្ហា​ថវិកា។ ខ្ញុំ​ចង់​សួរ​បញ្ជាក់ថា បើ​គេ​ឲ្យ​ថវិកា តើ​ពួកគេ​ប្រាកដថា ពួកគេ​អាច​ផលិត​កុន​ល្អ​មួយ​បាន​មែន​នោះ? នៅ​កម្ពុជា ខ្ញុំ​ថា​ខ្វះ​សមត្ថភាព ជា​បញ្ហា​ធំ​ជាង​ខ្វះ​លុយ។ ខ្ញុំ​សូម​ពន្យល់​ពីអ្វី​ដែល​គេ​ធ្វើ​នៅ​បរទេស ទាក់ទង​នឹង​វិស័យ​ភាពយន្ត។ មិន​ដែលមាន​ក្រុមហ៊ុន​ណាមួយ​ដាក់​លុយ១០០លាន​ដុល្លារ​ភ្លាម​ដើម្បី​ផលិត​កុន​នោះទេ។ អ្នក​ផលិត​កុន​ត្រូវមាន​សេណា​រី​យ៉ូ​មួយ​ដែល​ល្អ បន្ទាប់មក​ពួកគេ​យក​សេណា​រី​យ៉ូ​នេះ​ទៅ​បង្ហាញ​អ្នកមាន​លុយ ដែល​ចង់​វិនិយោគ​លើ​ការផលិត​កុន។ បើ​សេណា​រី​យ៉ូ​កុន​ល្អ ការផលិត​ទទួលបាន​ជោគជ័យ ដូច្នេះ​គម្រោង​ផលិតក្រោយៗទៀត ច្បាស់​ជា​មិន​ពិបាក​ប្រមូល​ប្រភព​ទុន​ឡើយ។

លោក លាង ដឺ​លុច៖ ចុះ​បើតាម​យោបល់​លោក តើ​គេ​ត្រូវធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​ផលិតករ​ខ្មែរ​អាច​សរសេរ​សេណា​រី​យ៉ូ​កុន​មួយ​ដែល​ល្អ ?

លោក ជា ច័ន្ទ​បរិបូរណ៍៖ វិស័យ​ភាពយន្ត វា​គឺជា​ឧ​ស្សហកម្ម​មួយ។ ហើយ​ឧស្សាហ​កម្មនេះ ត្រូវមាន​ធាតុ​ផ្សំ​សំខាន់៣ ដើម្បី​ទទួលបាន​ជោគជ័យ។ ទីមួយ គឺ​សិល្បៈ ទី២គឺ បច្ចេកវិទ្យា និង​ទី៣ហិរញ្ញវត្ថុ។ វិស័យ​ភាពយន្ត​ជា​ជា​សិល្បៈ​ទី៧ ដែលមាន​ភាព​ពាក់ព័ន្ធ​រួមបញ្ចូល​គ្នា​នៃ​សិល្បៈ​ទាំង៦ទម្រង់។ ខ្ញុំ​សួរថា តើ​ផលិតករ​ខ្មែរ​ស្គាល់​សិល្បៈ​ទាំង៦ទម្រង់​ច្បាស់​ដែរឬទេ? ស្ថាបត្យកម្ម  ចម្លាក់ គំនូរ តន្ត្រី របាំ អក្សរសិល្ប៍ គឺជា​មូលដ្ឋាន​ដែល​ត្រូវ​ប្រើប្រាស់​ក្នុង​ភាពយន្ត។ ផលិតករ​ខ្មែរ ត្រូវ​បើក​ចិត្ត​ឲ្យ​ទូលាយ​ទទួលយក​ការបណ្តុះបណ្តាល។ បណ្តុះបណ្តាល​គ្រប់ផ្នែក។ ដោយ​មិន​និយាយ​អំពី​បច្ចេកទេស ប្រសិនបើ​មានការ​បណ្តុះបណ្តាល​ដល់​ក្រុម​សិល្បៈករ​អំពី​គ្រឿងញៀន ពួកគេ​ក៏ត្រូវ​ចូលរួម​ស្តាប់ ចូលរួម​សិក្សា​ដើម្បី​ជា​ប្រយោជន៍​ដល់​ពួកគេ​ប្រើប្រាស់​ក្នុង​សាច់រឿង​គ្រឿងញៀន​ជាដើម។ ពួកគេ​មិនត្រូវ​គិតថា ពួកគេ​ចេះ​អស់ហើយ គ្រប់គ្រាន់​ហើយ​នោះទេ។ គ្រប់គ្រាន់ គឺ​ក្រិន។ តាមពិត ប្រសិនជា​យើង​ទទួលយក​ការបណ្តុះបណ្តាល​ញឹកញាប់ ខ្ញុំ​គិតថា ក្នុង​រយៈពេល១០ឆ្នាំ​ដែល​គ្មាន​កុន​ថៃ​នៅ​កម្ពុជា យើង​គួរតែ​បាន​ហាត់រៀន​បាន​ច្រើន ហើយ​យើង​ក៏​មិន​ខ្លាច​ពី​វត្តមាន​កុន​ថៃ​មាន​ឡើងវិញ​អ៊ីចឹង​ដែរ។

លោក លាង ដឺ​លុច៖ ប្រសិនបើ​មាន​សាលា​ភាពយន្ត តើ​វា​នឹង​អាចជួយ​អោយ​វិស័យ​ភាពយន្ត​កម្ពុជា​ឲ្យ​ប្រសើរឡើង​ដែរឬទេ?

លោក ជា ច័ន្ទ​បរិបូរណ៍៖ វា​ជា​ការពិត។ ប៉ុន្តែ​ចិត្ត​ខ្ញុំ ខ្ញុំ​ក៏​មិនទាន់​គិតដល់​សាលា​ភាពយន្ត​ដែរ។ សាលា​នេះ​ថ្លៃ​ណាស់ ចំណាយលុយ​ច្រើនណាស់។ នៅ​ប្រទេស​ជឿនលឿន អ្នក​ដែលមាន​សមត្ថភាព​ចូលរៀន​សាលា​ភាពយន្ត គឺជា​កូនអ្នកមាន​ទ្រព្យសម្បត្តិ​ច្រើន។ ចំពោះ​ខ្ញុំ ខ្ញុំ​បារម្ភ​ពី​ទម្រង់​សិល្បៈ​ទាំង៦ ឯណេះ​វិញ។ លោក​សាស្ត្រាចារ្យ ពេជ្រ ទុំ​ក្រវិល លោក​មាន​ជំនាញ​ចេះដឹង​យ៉ាង​ច្រើនលើ​វិស័យ​សិល្បៈ ជា​ពិសេស​សិល្បៈ​ទស្សនីយភាព ពេលនេះ​គាត់​មាន​ជំងឺ​ធ្ងន់ធ្ងរ និង​ជរា​​ណាស់ទៅហើយ តើ​ខ្មែរជំនាន់ក្រោយ​បាន​ស្រូប​យក​ចំណេះវិជ្ជា​ពី​គាត់​បាន​ប៉ុណ្ណា​ហើយ? តើ​កម្ពុជា​បាន​ចងក្រង អភិរក្ស និង​បាន​អភិវឌ្ឍ​ទម្រង់​សិល្បៈ​ទាំង៦ បាន​ប៉ុណ្ណា? ខ្ញុំ​និយាយ​ម្តង​ទៀតថា លុះត្រាតែ​សិល្បៈ​ទាំង៦នេះ រីកចម្រើន ទើប​ភាពយន្ត​អាច​រីកចម្រើន​បាន។ ទស្សនិកជន​ខ្មែរ​នៅពេលនេះ ពួកគេ​ចេះ​មើល​កុន ​ហើយបើ​កុន​មាន​កម្រិត​ទាប​ជាង​ពួកគេ ពួកគេ​មិន​មើល​ឡើយ។

លោក លាង ដឺ​លុច៖ តើ​លោក​សុ​ទិដ្ឋិ​យម​ចំពោះ​អនាគត​នៃ​វិស័យ​ភាពយន្ត​នៅ​កម្ពុជា​ដែរឬទេ?

លោក ជា ច័ន្ទ​បរិបូរណ៍៖ ខ្មែរ​យើង ដូច​ស្មៅ​អ៊ីចឹង។ ភ្នំ​ខ្ពស់ តែ​ទាប​ជាង​ស្មៅ។ ហើយស្មៅ បើទោះជាគេ​​​ដុតវា​ឆេះ​យ៉ាងណា​ក៏ដោយ ឲ្យតែ​ត្រូវ​ទឹក​សន្សើម វា​នឹង​ដុះ​មក​វិញ​ហើយ។ និយាយ​មក​​ការផលិត​ភាពយន្ត​វិញ បានន័យថា ឲ្យ​តែ​ទទួលបាន​ការបណ្តុះបណ្តាល វិស័យ​សិល្បៈ​ភាពយន្ត​នឹង​រី​កចម្រើន​ហើយ៕



© រក្សាសិទ្ធិដោយ thmeythmey.com