ជាតិ
បទវិភាគ
មន្ត្រីរាជការ​ដែល​មិន​មក​ធ្វើការ​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​គួរ​ត្រូវ​ទទួល​ទណ្ឌកម្ម​រដ្ឋបាល!
18, Feb 2015 , 10:10 am        
រូបភាព

ភ្នំពេញ៖ ពិធីបុណ្យ​ចូលឆ្នាំ​ចិន និង​វៀតណាម​នឹង​ចាប់ផ្តើម​សែនព្រេន​នៅ​ថ្ងៃ​ពុធ​ទី១៨ខែ​កុ​ម្ភះ នេះ រីឯ​ថ្ងៃទី១នៃ​ពិធីបុណ្យ​ចូលឆ្នាំ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត៍ទី១៩ខែ​កុ​ម្ភះ​ស្អែក​នេះ និង​បន្ត​រហូតដល់​ថ្ងៃទី២១ ។ អ្នកជំនួញ សិស្ស និស្សិត និង​មន្ត្រីរាជការ​មួយចំនួន​ចាប់ផ្តើម​ជជែក​គ្នា​ពី​ការឈប់​សម្រាក​នៅ​ថ្ងៃបុណ្យ​ប្រពៃណី​ចិន និង​វៀតណាម។ ប្រសិនបើ​កូនសិស្ស និស្សិត និង​មន្ត្រីរាជការ​មិន​មក​រៀន ឬ​មិន​មក​ធ្វើការ តើ​ពួកគេ​គួរ​ត្រូវ​ទទួល​ទណ្ឌកម្ម​រដ្ឋបាល​ឬទេ?



ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ បើទោះបីជា​ច្បាប់​រដ្ឋ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មិន​តម្រូវអោយ​មន្ត្រី​នៃ​ស្ថាប័នរដ្ឋ​ទាំងអស់​ឈប់សម្រាក​នៅ​ថ្ងៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន និង​វៀតណាម​ក៏ដោយ​ក្តី ក៏​គេ​សង្កេតឃើញ​ជាទូទៅ​ថា មន្ត្រី​នៃ​ស្ថាប័នរដ្ឋ​នៃ​ប្រទេស​កម្ពុជា​មួយចំនួន​មិន​មក​ធ្វើការ​ដែរ​ដោយសារតែ​ពួកគេ​នៅជាប់​រវល់​អបអរសាទ​រ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន និង​វៀតណាម។

សាលារៀន​ឯកជន​មួយចំនួន​បិទទ្វារ​ក្រោមលេស និង​ហេតុផលផ្សេងៗ សាលារៀន​រដ្ឋ​បន្ត​បើកទ្វារ​តែ​គ្មាន​កូនសិស្ស​គ្រប់គ្រាន់ ក្រុមហ៊ុន​ខ្លះ​សម្រេចចិត្ត​បិទទ្វារ​ជា​ស្ថាពរ​ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន និង​វៀតណាម ស្ថាប័នរដ្ឋ​នៅ​បន្ត​បើ​ទ្វារ តែ​មន្ត្រី​ខ្លះមក​ធ្វើការ​ដោយ​គ្រាន់តែ​ចុះ​វត្តមាន និង​មន្ត្រី​ខ្លះទៀត​មិន​មក​តែម្តង។ ប្រសិនបើ​មន្ត្រីរាជការ​ដែល​ស៊ីប្រាក់ខែ​របស់​រដ្ឋ​មិន​មក​ធ្វើការ​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន និង​វៀតណាម ដែល​មិនមែនជា​ថ្ងៃ​ឈប់សម្រាក​ផ្លូវការ​របស់​រដ្ឋ​នោះ គួរ​ទទួល​ទណ្ឌកម្មរ​ដ្ឋ​បាល​ឬទេ?

សម្រាប់​អ្នកធ្វើការ​នៅក្នុង​វិស័យ​ឯកជន គ្មាន​ច្បាប់​ណាមួយ​ចង​មិនអោយ​ពួកគេ​គេ​បិទទ្វារ​នោះទេ។ ពួកគេ​អាច​ឈប់សម្រាក ឬ​បិទទ្វារ​ក្រុមហ៊ុន​របស់​ពួកគេ​បាន​តាម​ពេលវេលា​ដែល​ពួកគេ​ចង់​ដោយ​មិនចាំបាច់​និយាយ​ពី​រឿង​ចូលឆ្នាំ​ចិន និង​វៀតណាម​ផង។ ប៉ុន្តែ សម្រាប់​មន្ត្រីរាជការ​រ​បស់​រដ្ឋ​ដែល​ទទួល​ប្រាក់ខែ​ដោយសារ​ការបង់ពន្ធ​ពី​ប្រជាពលរដ្ឋ គ្មាន​សិទ្ធិ​ឈប់សម្រាក​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ឡើយ។ រាល់​អវត្តមាន​ដែល​គ្មាន​ច្បាប់ ឬ​គ្មាន​ហេតុផល​សមរម្យ​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន និង​វៀតណាម គឺជា​សកម្មភាព​ខុសច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ពិធីបុណ្យ​ចូលឆ្នាំ​ចិន និង​វៀតណាម គឺជា​បុណ្យប្រពៃណី​របស់​ជនជាតិ​វៀតណាម និង​ជនជាតិ​ចិន។ ដូច្នេះ ជនជាតិខ្មែរ កើត​នៅលើ​ទឹកដី​ខ្មែរ ត្រូវតែ​បន្តធ្វើ​ការជូន​រដ្ឋ និង​ជូន​ពលរដ្ឋ​ខ្មែ​ដូច​ថ្ងៃ​ធម្មតា។ ទម្លាប់​ឈប់សម្រាក​មិន​ផ្លូវការ​នៅ​ថ្ងៃបុណ្យ​ប្រពៃណី​ចូលឆ្នាំ​ចិន និង​វៀតណាម​ដែល​អាច​ក្លាយទៅជា​ប្រពៃណី​កែ​មិនបាន​ឡើងវិញ​នោះ ធ្វើអោយ​ប្រទេស​កម្ពុជា​បាត់បង់​ផលប្រយោជន៍​ពីរ​យ៉ាង។ ទីមួយ គឺ​ការបាត់បង់​ប្រសិទ្ធិភាព និង​ផលិតភាព​ការងារ​របស់​រដ្ឋ។ ឈប់សម្រាក​ពី៣ទៅ៤ថ្ងៃ ការងារ​ជាច្រើន​នៅ​គរ​លើ​គ្នា និង​ទី​ពីរ គឺជា​ការបាត់បង់​រូបភាព​កិត្តិយស​ជាតិខ្មែរ មានន័យថា ឥទ្ធិពល​វប្បធម៌ និង​មនោគមន៍វិជ្ជា​នៃ​ប្រទេស​ចិន និង​វៀតណាម​កំពុង​គ្របដណ្តប់​មកលើ​រដ្ឋបាល​នៃ​ប្រទេស​កម្ពុជា​ដោយ​ប្រយោល។

ជាថ្មី​ម្តងទៀត គ្មាន​ឡើយ​ការហាមឃាត់​សិទ្ធិសេរីភាព​នៃ​ការអបអរសាទរ​ពិធីបុណ្យ​ប្រពៃណី​ចិន និង​វៀតណាម ឬ​ពិធីបុណ្យ​នៃ​ប្រទេសដទៃៗទៀត ពីព្រោះ​នេះ​វា​គឺជា​សិទ្ធិ​របស់​ពលរដ្ឋម្នាក់ៗឬ​ជា​សិទ្ធិ​របស់​បុគ្គលម្នាក់។ ជាការ​ពិត បុគ្គលម្នាក់ៗមាន​សិទ្ធិ​គ្រប់យ៉ាង​មែន។  ប៉ុន្តែ​សិទ្ធិ​បុគ្គល​ដែលមាន​នោះ មិនត្រូវ​រំខាន ឬ​ធ្វើអោយ​ខូចប្រយោជន៍​របស់​ជាតិ​ខែ្មរ​ឡើយ។

បុគ្គល​ដែល​ទទួល​ប្រាក់ខែ​ពីរ​ដ្ឋ ត្រូវធ្វើ​ការបម្រើ​រដ្ឋ។ ប្រសិនបើ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន និង​វៀតណាម មិនមែនជា​ថ្ងៃ​ឈប់​សម្រាប់​ផ្លូវការ​របស់​រដ្ឋ​ខ្មែរ​ទេនោះ មន្ត្រី​ទាំងអស់ ទាំង​ថ្នាក់លើ និង​ថ្នាក់ក្រោម​ត្រូវតែ​មក​ធ្វើការ​ធម្មតា​ដូច​ថ្ងៃ​សព្វដង។

សរុបសេចក្តី​មកវិញ មន្ត្រីរាជការ​ដែល​ខក​ខានមិនបាន​មក​ធ្វើការ​នៅ​ថ្ងៃ​ឈប់សម្រាក​មិន​ផ្លូវការ នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន និង​វៀតណាម ដោយ​គ្មាន​ច្បាប់ ឬ​គ្មាន​មូលហេតុ​សមរម្យ​ត្រឹមត្រូវ​ផ្សេងទៀត គួរ​ត្រូវ​ទទួល​ទណ្ឌកម្ម​រដ្ឋបាល(ស្តីបន្ទោស​ធម្មតា ព្រមាន ឬ​ដាក់ទណ្ឌកម្ម​រដ្ឋបាល)៕




© រក្សាសិទ្ធិដោយ thmeythmey.com