ជាតិ
សង្គមជាតិ
ត្រឹម​ឆ្នាំ ២០១៧ ៖ ក្រសួង​សង្គមកិច្ច​កាត់បន្ថយ​កុមារ​តាម​មណ្ឌល​នៅត្រឹម ៣ ពាន់​នាក់
25, Feb 2015 , 3:10 pm        
រូបភាព
ដោយ:

 
ភ្នំពេញ៖ គិត​ចាប់ពី​ឆ្នាំ ២០១៥ ដល់២០១៧ ខាងមុខនេះ ក្រសួង​សង្គមកិច្ច​នឹង​កាត់បន្ថយ​កុមារ តាម​មណ្ឌល​កុមារកំព្រា​ទូទាំងប្រទេស​មក​ត្រឹមតែ ៣០ភាគរយ​ពោលគឺ​ប្រហាក់​ប្រហែល ៣ ពាន់​នាក់ ខណៈដែល​ចំនួន​កុមារកំព្រា​ទាំងអស់​នៅតាម​មណ្ឌល​បច្ចុប្បន្ន​មាន​ជាង ១ ម៉ឺន​នាក់  ។នេះ​បើតាម ប្រសាសន៍​របស់​រដ្ឋមន្ត្រី​ក្រ​សូង​សង្គមកិច្ច​លោក វង សូត ។



របាយការណ៍​ស្រាវជ្រាវ​របស់​អង្គការ​កុមារ​យូ​នី​សែ​ហ្វ បង្ហាញថា ចំនួន​កុមារ​ដែល​កំពុងស្នាក់នៅ​ក្នុង​មណ្ឌលកុមារ​កំព្រា​របស់​រដ្ឋ និង​ឯកជន​ទូទាំងប្រទេស​មាន​ជាង ១ម៉ឺន​នាក់។
រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច លោក វង សូត និយាយថា ក្រសួង​នឹង​កាត់បន្ថយ​ចំនួន​នេះ មក​ត្រឹម ៣០ ភាគរយ ស្មើនឹង​ជាង ៣ពាន់​នាក់​ប៉ុណ្ណោះ​ត្រឹម​ឆ្នាំ ២០១៧ ។

នៅក្នុង​ពិធី​សម្ពោធ​យុទ្ធនាការ​មណ្ឌលកុមារ​កំព្រា​ធ្វើ​ឲ្យ​កុមារ​បែក​ចេញពី​គ្រួសារ នៅ​ថ្ងៃទី២៥ កុម្ភៈ​នេះ លោក វង សូត មានប្រសាសន៍ថា ការកាត់បន្ថយ​នេះ ដើម្បី​ឲ្យ​ប្រជាជន​ខ្មែរ​ផ្លាស់ប្តូ ទំលាប់​ពឹងផ្អែក​ចិញ្ចឹមជីវិត​លើ​តែ​មណ្ឌល​កុមារកំព្រា។

ក្រសួង​សង្គមកិច្ច និង​អង្គការ​ពាក់ព័ន្ធ​នានា​ចាប់ផ្តើម​យុទ្ធនាការ​ខាងលើ ចាប់ពី​ខែកុម្ភៈ​ឆ្នាំ២០១៥នេះ​ទៅដោយ​អនុវត្តន៍​ជា​លើកដំបូង​នៅក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប។
យុទ្ធនា​ការដែល​មានបំណង​ផ្សព្វផ្សាយ​ដល់​ប្រជាជន​កម្ពុជា បញ្ឈប់​ការបញ្ជូន​កូន​ទៅ​មណ្ឌល កុមារកំព្រា​នេះ ត្រូវបាន​រដ្ឋមន្ត្រី​សង្គមកិច្ច ចាត់ទុកថា ជា​វិធានការ​ល្អប្រសើរ ដើម្បី​អាច​ឲ្យ កុមារ​ស្នាក់នៅ​ជាមួយ​ក្រុមគ្រួសារ​របស់​ពួកគេ។

លោក​មានប្រសាសន៍ថា៖«គ្រួសារ ជា​កន្លែង​ដ៏​ល្អ​បំផុត សម្រាប់​ភាពកក់ក្តៅ​ដល់កូនៗធំ​លូតលាស់​ឡើង​ក្រោម​ការថែរក្សា​ដោយ​ក្តី​ស្រឡាញ់ ពី​ឪពុកម្តាយ ដូច្នេះហើយ​ទោះជា​មណ្ឌល​បាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន តាម​បទដ្ឋាន និង​គោលនយោបាយ​នៃ​ការថែទាំ​ជំនួស​យ៉ាងណាក៏ដោយ​ក៏​ពុំមាន​ស្ថានភាព​ដូច​ការរស់នៅ​ជុំ​ជាមួយ​ក្រុមគ្រួសារ​នោះឡើយ»។
បើតាម​លោក​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច ក៏​នឹង​ផ្ទេរ​មុខងារ​គ្រប់គ្រង​មណ្ឌល​ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែលជា​ផ្នែក​មួយ​នៃ​ការគ្រប់គ្រង​ករណី និង​ការបង្រួបបង្រួម​គ្រួសារ​នៅក្នុង​ឆ្នាំ ២០១៥ ផងដែរ។

គួរ​បញ្ជាក់ថា របាយការណ៍«គោលបំណង​ដ៏​ល្អ​បំផុត»របស់ UNICEF និង​រដ្ឋាភិបាល​ដែល​បាន បោះពុម្ពផ្សាយ​នៅ​ឆ្នាំ ២០១២ បាន​បង្ហាញថា កុមារ​ភាគច្រើន​ដែល​ស្នាក់​នៅក្នុង​មណ្ឌលកុមារ កំព្រា មិនមែនជា​កុមារកំព្រា​នោះទេ៕


© រក្សាសិទ្ធិដោយ thmeythmey.com