ជាតិ
សង្គមជាតិ
សង្គម​ស៊ីវិល​ស្នើ​ឲ្យ​ដក​កងកម្លាំងប្រដាប់អាវុធ និង​មន្ត្រី​តុលាការ​ចេញពី​ជួរ​ដឹកនាំ​គណបក្ស
28, Feb 2015 , 4:03 pm        
រូបភាព

 
សម្ព័ន្ធ​ដើម្បី​ការបោះឆ្នោត ដែល​ហៅ​កាត់​ថា (ERA) និង​អង្គការ​សង្គម​ស៊ីវិល​ចំនួន១៥ផ្សេងទៀត​បានចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា​មួយ ដោយបាន​ស្នើ​ឲ្យ​ដក​កងកម្លាំងប្រដាប់អាវុធ និង​មន្ត្រី​តុលាការ​ចេញពី​ជួរ​ដឹកនាំ​គណបក្សនយោបាយ។  ក្រុម អង្គការ​សង្គម​ស៊ីវិល អះអាងថា ការបញ្ចូល​មន្ត្រី​តុលាការ និង​កងកម្លាំងប្រដាប់អាវុធ​នេះ គឺជា​រំលោភ​លើ​រដ្ឋធម្មនុញ្ញ នីតិរដ្ឋ គោលការណ៍​ប្រជាធិបតេយ្យ ពិសេស​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។

 


«ការបញ្ចូល​មន្ត្រី​តុលាការ និង​កងកម្លាំងប្រដាប់អាវុធ គឺជា​រំលោភ​លើ​រដ្ឋធម្មនុញ្ញ នីតិរដ្ឋ គោលការណ៍​ប្រជាធិបតេយ្យ ពិសេស​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌»។ នេះ​ជាការ​លើកឡើង នៅក្នុង​សេចក្តីថ្លែងការណ៍​រួមគ្នា រប​ស់ម្ព័ន្ធ​ដើម្បី​ការបោះឆ្នោត ERA និង​អង្គការ​សង្គម​ស៊ីវិល​ចំនួន១៥ផ្សេងទៀត ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី ២៦ខែកុម្ភៈ​កន្លងទៅ។
សេចក្តីថ្លែងការណ៍​នេះ ធ្វើឡើង​បន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា បានដាក់​បញ្ចូល​មន្ត្រី​តុលាការ​មួយចំនួន និង​មន្ត្រី​កងកម្លាំងប្រដាប់អាវុធ​ប្រមាណ៨០នាក់​ក្នុង​ជួរ​យោធា នគរបាល និង​កងរាជអាវុធហត្ថ ទៅក្នុង​សមាជិក​នៃ​គណៈកម្មាធិការ​កណ្តាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃទី១កុម្ភៈ​កន្លងទៅ។

ERA និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល ក៏បាន​ធ្វើការ​ថ្កោលទោស​ផងដែរ ចំពោះ​គណបក្សនយោបាយ​ដែល​បាន ឬ​នឹង​បញ្ចូល​មន្ត្រី​តុលាការ និង​មន្ត្រី​នៃ​កងកម្លាំងប្រដាប់អាវុធ​ទៅក្នុង​ជួរ​ដឹកនាំ​គណបក្សនយោបាយ​របស់​ខ្លួន ដើម្បី​ចូលរួម​សកម្មភាព​គាំទ្រ​គណបក្ស​ខ្លួន ឬ​ប្រឆាំង​គណបក្ស​ផ្សេង និង​ស្នើ​ឲ្យ​ដក​កងកម្លាំងប្រដាប់អាវុធ និង​មន្ត្រី​តុលាការ​ចេញពី​ជួរ​ដឹកនាំ​គណបក្សនយោបាយ ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់​គណបក្សនយោបាយ និង​ការបោះឆ្នោត​សេរី និង​យុត្តិធម៌។

លោក ធន សា​រ៉ា​យ ប្រធាន​សមាគមន៍​អាដហុក បាន​មានប្រសាសន៍ថា៖«ដើម្បី​ប្រយោជន៍​ជាតិ នីតិរដ្ឋ យុត្តិធម៌​ត្រឹមត្រូវ គណបក្សនយោបាយ​ត្រូវ​ដក​មន្ត្រី​តុលាការ កងយោធពល​ខេមរភូមិន្ទ និង​នគរបាលជាតិ​ទាំងនោះ​ចេញ ពី​ជួរ​ដឹកនាំ​គណបក្ស»។ លោក បន្តថា៖«មន្ត្រី​តុលាការ និង​កងកម្លាំង​ទាំងនោះ ត្រូវតែ​ជាម​ន្ត្រី​ដែលមាន​តំណែង​ក្នុង​វិជ្ជាជីវៈ មិន​ប្រកាន់​គណបក្ស និង​ត្រូវតែ​ជាម​ន្ត្រី និង​កងកម្លាំង​របស់​ជាតិ» ។

សូមបញ្ជាក់ថា ការទាមទារ​ដាក់បញ្ចូល ឬ​ដកចេញ​នូវ​មន្ត្រី​តុលាការ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​អាចធ្វើ​សកម្មភាព​នយោបាយ​នេះ ក៏​នឹងត្រូវ​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា និង​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ លើកយក​ពិភាក្សា​លើកចុងក្រោយ​នៅ​ល្ងាច​ថ្ងៃទី២៨កុម្ភៈ​នេះ នៅ​រដ្ឋសភា។

លោក ស ខេង ប្រធាន​ក្រុមតំណាងរាស្ត្រ​សម្លេង​ភាគច្រើន និង​លោក សម រង្ស៊ី  ប្រធាន​ក្រុមតំណាងរាស្ត្រ​សម្លេង​ភាគតិច នឹង​ជួបគ្នា​ដើម្បី​ស្វែងរក​ច្រក​ចេញពី​ការខ្វែងគំនិត​គ្នា​ចំនួន១៥ចំណុច​ដែល​នៅ​សេសសល់៕



© រក្សាសិទ្ធិដោយ thmeythmey.com