ព័ត៍មានសុខភាព
សុខភាព៖ តើ​សិច អាច​បំបាត់​បញ្ហា​មុន​បាន​មែន​ទេ?
03, Mar 2015 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ

សិច គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ជីវិត​រស់នៅ ប៉ុន្តែ យើង​ច្រើនតែ​ភ្លេច​ថា វា​ក៏មាន​អត្ថប្រយោជន៍​ពិតប្រាកដ​មួយចំនួន​ដល់​សុខភាព​ដែរ​ដូចជា មាន​ឥទ្ធិពល​វិជ្ជមាន​ទៅលើ​សម្រស់ និង​សុខភាព​របស់​ស្បែក។ រឿងនេះ​មាន​ទំនាក់ទំនង​នឹង​ការធ្វើសកម្មភាព​ផ្លូវភេទ​ជា​ទៀងទាត់ ការ​គេង​លក់​កាន់តែ​ស្រួល (ការ​ឈានដល់​ចំណុចកំពូល​នៃ​ការ​រួមភេទ​ធ្វើអោយ​យើង​ផលិត​បាន​នូវ​សារធាតុ Endorphins និង​អុក​ស៊ី​តូ​ស៊ីន) ព្រមទាំង​ជួយ​រំលាយ​ជាតិ​ខ្លាញ់​ទៀតផង។ ជា​ចុងក្រោយ ជីវិត​ផ្លូវភេទ​យ៉ាងសកម្ម​មួយ នឹង​ជួយ​បង្កើន​ចំនួន​សារធាតុ DHEA ក្នុង​ឈាម ដែល​វា​ជា​អ័រម៉ូន​ជួយ​ប្រឆាំងនឹង​ការ​ចាស់​ទៅតាម​អាយុ។



បញ្ហា​នោះ​គឺថា ទម្លាប់​ប្រចាំថ្ងៃ​របស់​យើង មិនមែន​តែងតែ​អាចធ្វើអោយ​មានការ​រួម​ភេទ ឬ​ស្បែក​ដ៏​ល្អ​បំផុត​បាន​នោះទេ។ ឧទាហរណ៍​ដ៏​ល្អ​មួយ​គឺ ទស្សនៈ​ទាក់ទង​នឹង​ជាតិ​ខ្លាញ់។ មែនហើយ យើង​ត្រូវបាន​បង្រៀន​អោយដឹងថា ជាតិ​ខ្លាញ់ គឺជា​រឿង​មិនល្អ​ទេ ហើយ​យើង​គួរតែ​លុបបំបាត់​ជាតិ​ខ្លាញ់​ចេញពី​របប​អាហារ​ទាំងអស់​ទៀតផង។ ការធ្វើ​បែបនេះ ប្រហែលជា​អាចធ្វើអោយ​ចំណង់​ផ្លូវភេទ​ថយចុះ និង​បង្ក​ភាព​ស្ងួត​ស្បែក​ទៅវិញ​ទេ ចំណែកឯ​ស្បែក​អាច​ទៅជា​រលាក និង​កើតមុន​ច្រើន​ទៀតផង។

ដូច្នេះហើយ ជីវិត​ផ្លូវភេទ និង​របប​អាហារ​ដែលមាន​សុខភាព​ល្អ គួរតែមាន​ជាមួយនឹង​ការពង្រឹង​ដល់​សុខភាព​របស់​ស្បែក ហើយ​វា​ប្រហែលជា​នឹង​ជួយ​ទប់ស្កាត់​បញ្ហា​មុន​បាន​ទៀតផង។
មុន គឺជា​រោគសញ្ញា​មួយ​នៃ​បញ្ហា​អតុល្យភាព​នៅក្នុង​ខ្លួន ដែល​វា​ច្រើនតែ​ទាក់ទង​នឹង​អ័រម៉ូន ជាពិសេស​អ័រម៉ូន​សិច​តែម្តង (Androgens/Testosterone, Estrogen និង Progesterone)។ ខណៈពេលដែល​ការព្យាបាល​មុន​ពិតប្រាកដ​ត្រូវបាន​ធ្វើឡើង ដើម្បី​បំបាត់​វដ្ត​របស់​ជំងឺ​មុន ខាងក្រោម​នេះ គឺជា​ហេតុផល​មួយចំនួន​ដែល​ប្រាប់ថា ហេតុអ្វី​ទើប​ការរួម​ភេទ​ល្អ ចំពោះ​សុខភាព​ស្បែក ៖

    សិច នឹង​ជួយ​រក្សា​តុល្យភាព​អ័រម៉ូន​ក្នុង​ខ្លួន ហើយ​វា​ក៏​ជួយ​អោយ​ស្បែក​កាន់តែ​ស្អាតទៅៗផងដែរ។
    ការធ្វើ​ចលនា​បែប​សិច​ស៊ី នឹង​ជួយ​ពង្រឹង​ដល់​ចរន្តឈាម​រត់ ដែលជា​ហេតុ​ជំនួយ​ដល់​ការដឹកជញ្ជូន​អុកស៊ីសែន​ទៅកាន់​ស្បែក។ លើសពីនេះទៅទៀត សិច​ក៏​ជួយ​បញ្ចេញ​ជាតិពុល​តាមរយៈ​ការ​បែកញើស​ផងដែរ។

    ការរួម​ភេទ​ម្តង ឬ​ពីរដង​ក្នុង​មួយ​សប្តាហ៍ ជួយ​បង្កើន​ចំនួន​អង់ទីគ័រ​មួយ​ប្រភេទ​ឈ្មោះថា Immunoglobin ដែល​វា​មាន​ឥទ្ធិពល​វិជ្ជមាន​មួយ​ចំពោះ​ប្រព័ន្ធ​ភាពស៊ាំ​តែម្តង។ មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​ដែល​រីកចម្រើន​បែបនេះ នឹង​ទៅ​ប្រឆាំង​ការ​រលាក និង​ការបង្ក​រោគ ដែល​បណ្តាលមកពី​ការលូតលាស់​របស់​បាក់តេរី​បង្ក​ជំងឺ​មុន ក្នុង​រន្ធ​ញើស​ដែល​ស្ទះ​បាន។
    សិច ទៅ​បង្កើន​ការផលិត​សារធាតុ​កូ​ឡា​ជែ​ន​ធម្មជាតិ ដូច្នេះ វា​ប្រហែលជា​មិន​ត្រឹមតែ​ជួយ​បំបាត់​ភាព​ជ្រីវជ្រួញ​ទេ ប៉ុន្តែ វា​ក៏​អាចធ្វើអោយ​ស្នាក​ស្នាម​ដោយសារ​មុន​ទៅជា​រលោង​ដែរ (កូ​ឡា​ជែ​ន គឺជា​សារធាតុ​ដ៏​សំខាន់​របស់​ស្បែក)។

    សិច គឺជា​អ្នក​ផ្តល់នូវ​សេចក្តី​សប្បាយ ដូច្នេះ វា​ច្រើនតែ​ជំនួស​នូវ​ភាព​ផ្អែមល្ហែម និង​ការថែទាំ ព្រមទាំង​រក្សា​ទម្ងន់​អោយនៅ​ហ្នឹង​ល្អ​ទៀតផង។ ស្ករ និង​ជាតិ​កាបូ​អ៊ី​ដ្រា​ត មិនមែនជា​មិត្តភក្តិ​របស់​ស្បែក​ទេ ជាពិសេស បើសិនជា​អ្នក​កើត​ជំងឺ​មុន​តែម្តង។

    សិច ក៏​បង្កើន​ការផលិត​អ័រម៉ូន​សប្បាយចិត្ត​ឈ្មោះថា Serotonin ដែរ ដែល​វា​មាន​តួនាទី​ធ្វើអោយ​អ្នក​យល់ថា ខ្លួនឯង​ក្មេង​ជាង​មុន សប្បាយចិត្ត​ជាង​មុន និង​ចូលចិត្ត​សង្គម​រស់នៅ​កាន់តែខ្លាំង។ អារម្មណ៍​វិជ្ជមាន​ទាំងនេះ អាច​លើកទឹកចិត្ត​អ្នក​អោយ​ថែរក្សា​ខ្លួនឯង​ដូចជា ការប្តេជ្ញាចិត្ត ដើម្បី​មាន​ទម្លាប់​ថែរក្សា​ស្បែក​កាន់តែ​ល្អ​ជាង​មុន៕

ផ្តល់សិទ្ធិ​ដោយ​www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com