ជាតិ
សង្គមជាតិ
បរិមាណ​ថ្នាំជក់​កើន​តែ​កសិករ​បារម្ភ​រឿង​តម្លៃនៅទាប
30, Mar 2015 , 3:07 pm        
រូបភាព
កសិករកំពុងហាលថ្នាំជក់ នៅមុខផ្ទះពួកគេ ក្នុងភូមិទី៥ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
កសិករកំពុងហាលថ្នាំជក់ នៅមុខផ្ទះពួកគេ ក្នុងភូមិទី៥ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ត្បួ​ង​ឃ្មុំ៖ កសិករ​នៅ​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ កំពុង​មមាញឹក​នឹង​ការផលិត​ថ្នាំជក់។ ឆ្នាំនេះ ថ្នាំជក់​មានគុណ​ភាពល្អ និង​បរិ​មាណបាន​កើន​លើស​ឆ្នាំទៅ ព្រោះថា កសិករ​បាន​សម្រុក​ធ្វើគ្រប់ៗគ្នា។ យ៉ាងណា កសិករ​អ្នក​ផលិត​ថ្នាំជក់ កំពុង​ព្រួយបារម្ភ​ពី​ហាងឆេង​របស់​ថ្នាំជក់ ដែល​រហូតមក​ដល់ពេលនេះ មួយ​គីឡូក្រាម មិនទាន់​ដល់​មួយ​ម៉ឺន​រៀល​នៅឡើយ។



ស្រុក​ក្រូចឆ្មារ ដែល​ល្បី​ខាង​ផលិត​ថ្នាំជក់ កំពុង​ប្រមូល​ផល​ថ្នាំជក់ ឲ្យ​មុន​រដូវភ្លៀង​ធ្លាក់ នៅពេល​ខាងមុខនេះ។ ក្នុងភូមិ​ទី៥ ឃុំ​ស្វាយ​ឃ្លាំង ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ អតីត​ខេត្តកំពង់ចាម​នោះ មាន​សភាព​ស្ងប់ស្ងាត់​នៅពេល​ព្រឹក និង​ពេល​ថ្ងៃ ព្រោះ​អ្នកភូមិ​មួយចំនួនធំ ចេញទៅ​ចំការ ខ្លះទៀត​ត្រូវ​ក្រោក​ទៀបភ្លឺ ម៉ោង១ឫ២ជាដើម ដើម្បី​ហាល​ថ្នាំ។ កំរ​មាន​ដី​ទំនេរ​នៅក្នុង​ភូមិ ទើប​កសិករ​ភាគច្រើន ត្រូវ​សង់​ជា​រោង នៅតាម​វាលស្រែ ដែល​ឆ្ងាយ​ពី​ផ្ទះ ហើយ​ពេល​ល្ងាច ទើប​ត្រឡប់មកផ្ទះ​វិញ តែ​ខ្លះទៀត​ក៏​សម្រាក​នៅក្នុង​រោង​នោះដែរ។

ស្ទើរ​គ្រប់​ផ្ទះ​នៅ​ឆ្នាំនេះ ផល​ថ្នាំជក់​មានការ​កើនឡើង ដោយសារ​ការ​អំណោយផល។ កសិករ​ខ្លះ អះអាងថា ផល​ថ្នាំជក់​របស់ខ្លួន កើន​ជិត២ដង បើ​ប្រៀបធៀប​នឹង​ឆ្នាំទៅ ដែល​ធ្វើ​នៅ​លើដី​ដដែល។ យ៉ាងណាមិញ ទន្ទឹមនឹង​ភាពសប្បាយ​នឹង​ផល​ថ្នាំជក់​ហើយ​នោះ កសិករ​ភាគច្រើន​កំពុង​បារម្ភ​ពី​តម្លៃ ដែល​ឈ្មួញ​ចុះ​ទិញ។ បច្ចុប្បន្ន តម្លៃ​ថ្នាំជក់ ដែល​ឈ្មួយ​ដើរ​ទិញ​នៅ​ស្រុក​ក្រូចឆ្មារ មាន​ចន្លោះ​ពី៩០០០រៀល ទៅ៩៥០០រៀល ដែល​ឆ្នាំទៅ ក្នុង​មួយ​គីឡូក្រាម​តម្លៃ ពី១២០០០ ទៅ១៦០០០រៀល។

លោក ហាក់ ភ្លី  កសិករ​ដាំ​ថ្នាំជក់​មួយរូប បាន​និយាយថា លោក​បាន​ប្រមូល​ផល​ថ្នាំជក់​បាន​ប្រមាណ​ជាង២តោន​រួចហើយ។  កសិករ​វ័យ​ជាង៣០ឆ្នាំ​រូបនេះ បាន​បន្តថា លោក​នៅសល់​ថ្នាំជក់​លើក​ផ្ទៃដី​ប្រមាណ​ជាង១ហិកតា​ទៀត ដែល​រំពឹងថា បាន​ផល​ប្រមាណ១តោន​បន្ថែម។ យ៉ាងណា លោក ហាក់ ភ្លី ថា លោក​ចង់​លក់​ថ្នាំជក់​ខ្លះ ដើម្បី​យក​សោហ៊ុយ សម្រាប់​ជួល​កម្មករ ប៉ុន្តែ​លោក​ថា តម្លៃ​ហាក់​នៅ​ទាប​នៅឡើយ។ លោក ភ្លី មាន​គម្រោង​លក់​ថ្នាំជក់​ចេញ​ខ្លះ ប្រសិន​ណាត​ម្លៃ​អាច​ខ្ពស់​លើស​មួយ​ម៉ឺន​រៀល។

កសិករ​ស្ទើ​តែ​ទាំងអស់ កំពុង​បារម្ភ​ចំពោះ​តម្លៃ​ថ្នាំជក់​អាច​ធ្លាក់​ថ្លៃ ខណៈដែល​ពួកគេ​ប្រមូល​ផល​បាន​ច្រើនជាង​រាល់​ឆ្នាំ។ ទោះជា​យ៉ាងណាក៏ដោយ មាន​កសិករ​ខ្លះ ក៏​សម្រេចចិត្ត​លក់​ចេញ​ក្នុងតម្លៃ​ក្រោម​មួយ​ម៉ឺន​រៀល​ខ្លះ ដើម្បី​យក​ថវិកា​ប្រើប្រាស់ អំឡុងពេល​ប្រមូល​ផល​ថ្នាំ។ ក្រុម​កសិករ ស្នើ​ឲ្យ​រដ្ឋាភិបាល រក​ទីផ្សារ​ថ្នាំជក់​ឲ្យ​បាន​ច្រើន ជៀសវាង​ទីផ្សារ​ស្ថិត​តែ​លើ​បបូរមាត់​របស់​ឈ្មួញកណ្តាល៕




© រក្សាសិទ្ធិដោយ thmeythmey.com