ជាតិ
សង្គមជាតិ
សម្ពោធ​សណ្ឋាគារ​SARAIលំដាប់​ផ្កាយ​ប្រាំ​នៅ​សៀមរាប
31, Mar 2015 , 10:27 am        
រូបភាព
សៀមរាប៖ សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំមួយ ត្រូវបាន​សម្ពោធ​ជា​ផ្លូវការ។ សណ្ឋាគារ SARAI Resort & Spa (សា​រ៉ៃ រី​ស៊​ត និង​ស្ប៉ា) គឺជា​ការវិនិយោគ​រប​ស់​ពាណិជ្ជករ​ជនជាតិ​កូរ៉េ។ អគ្គនាយក​សណ្ឋាគារ​រំពឹងថា សា​រ៉ៃ នឹង​អាច​ចូលខ្លួន​ប្រ​កូត​ប្រជែង នឹង​បណ្តា​សណ្ឋាគារផ្សេងៗទៀត ដើម្បី​បម្រើ​សេវាកម្ម​ស្នាក់នៅ​របស់​ភ្ញៀវទេសចរ ក្នុង​ខេត្តសៀមរាប។



SARAI Resort & Spa មាន៤៨បន្ទប់។ លក្ខណៈពិសេស គឺ​នៅក្នុង​បន្ទប់មួយៗមាន​អាង​ហាល​ទឹក​ផ្ទាល់ខ្លួន ដែល​សណ្ឋាគារ​សៀមរាប​មួយចំនួន​តូច​មាន។ សណ្ឋាគារ សា​រ៉ៃ កសាង​រយៈពេល១០ខែ និង១០ថ្ងៃ មាន​ទីតាំងនៅ ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ទីក្រុង​សៀមរាប។

ប្រធាន​ទីផ្សារ​នៃ​សណ្ឋាគារ សា​រ៉ៃ លោក វ៉ា​ត់ ភា​រ័ត្ន បាន​ឲ្យ​ដឹងថា សា​រ៉ៃបាន​បោះ​ប្រាក់​វិនិយោគ​ជា​ទឹកប្រាក់​ចំនួន​ប្រមាណ៤លាន​ដុល្លារ​សហរដ្ឋអាមេរិក បន្ទាប់ពី​ក្រុមហ៊ុន​មួយ​នេះ បោះទុន​វិនិយោគ​រកស៊ី​មួយចំនួន​នៅ​ប្រទេស​វៀតណាម។ លោក ភា​រ័ត្ន បញ្ជាក់ថា តម្លៃ​បន្ទប់​ជា​មធ្យម​ពី ១៥០ ទៅ៥០០ដុល្លារ ទៅតាម​បន្ទប់​ធម្មតា និង​ពិសេស។ សម្រាប់​ខែ​ដំបូង​ក្រោយពេល​សម្ពោធ​នេះ បើតាម​ប្រធាន​ទីផ្សារ តម្លៃ​មាន​ចន្លោះ​ពី៩៧ ទៅ៣០០ ដុល្លារ​តែប៉ុណ្ណោះ។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​សណ្ឋាគារ​នៅ​ល្ងាច​ថ្ងៃទី​ចន្ទ ទី៣០ មីនា លោក Kim Kyoo Chul អគ្គនាយក​សណ្ឋាគារ SARAI Resort & Spa រីករាយ​ចំពោះ​ការវិនិយោគ​របស់លោក​នៅ​ទីក្រុង​សៀមរាប។ លោក Kim រំពឹងថា សា​រ៉ៃ​នឹង​អាច​ប្រ​កូត​ប្រជែង​នឹង​ដៃគូរ​ផ្សេងទៀត នៅពេល​ខាងមុខ៕


© រក្សាសិទ្ធិដោយ thmeythmey.com