អន្តរជាតិ
អ្នកជំនួញ​ចិន​ម្នាក់​ចំណាយ​ប្រាក់ ៨ ៨៨៨ ៨៨៨ ដុល្លារ​អូស្ត្រាលី​ទិញ​អគារ​មួយ​នៅ​មែ​ល​ប៊​ន
01, Apr 2015 , 8:45 am        
រូបភាព
ដោយ:

វិនិយោគិន​ជនជាតិ​ចិន​ម្នាក់ បាន​សង្ឃឹមថា​លោក​នឹង​ទទួលបាន​នូវ​សំណាង​មួយ ក្រោយ​ពេលដែល​លោក​សម្រេចចិត្ត​ចំណាយ​ប្រាក់​ចំនួន ៨ ៨៨៨ ៨៨៨ ដុល្លារ​អូស្ត្រាលី ប្រហែល​នឹង ៦,៩៦ លាន​ដុល្លារ​អាមេរិក​ដើម្បី​ទិញ​អគារ​ការិយាល័យ​កម្ពស់​បី​ជាន់​មួយ នៅក្នុង​ទីក្រុង​មែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ។



ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា បើតាម​វប្បធម៌​របស់​ជនជាតិ​ចិន លេខ ៨ ត្រូវ​បានគិត​ជា​លេខ​ដែល​នាំមក​នូវ​សំណាង ជាពិសេស​គឺ​ការហូរចូល​នូវ​ទ្រព្យសម្បត្តិ។

អគារ​ដែល​អ្នកជំនួញ​ចិន​ទិញ​នោះ មាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​លេខ ៤១៥-៤១៧ Collins Street នៅក្នុង​ទីក្រុង​មែ​ល​ប៊​ន។ អគារ​នេះ​ត្រូវគេ​ប្រកាស​ដាក់លក់​ក្នុងតម្លៃ​ប្រមាណ ៥ លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​អ្នកជំនួញ​ចិន​ម្នា​ក់បាន​ដេញថ្លៃ​ឈ្នះ ក្រុមហ៊ុន ៥០ ទៀត ដែល​ចាប់អារម្មណ៍​ចង់​ទិញ​អគារ​នេះ ជាមួយនឹង​តម្លៃ​ខ្ពស់ជាង​ការរំពឹងទុក។

ការដេញថ្លៃ​សម្រាប់​អគារ​ការិយាល័យ​នេះ គឺ​ត្រូវ​ចាប់ផ្តើម​នៅ​តម្លៃ៣,១ លាន​ដុល្លារ​អាមេរិក នៅពេលនោះ​វា​បាន​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​អ្នកដេញថ្លៃ ១២ រូប និង មនុស្ស​ដែល​រងចាំ​ឃ្លាំមើល​សកម្មភាព ២០០ នាក់​ផ្សេងទៀត។ ប៉ុន្តែ​អ្នកជំនួញ​ជនជាតិ​ចិន ដែល​មិន​ត្រូវបាន​គេ​បញ្ចេញ​ឈ្មោះ​ម្នាក់ បានឈ្នះ​ការដេញថ្លៃ​ទិញ​អគារ​នេះ ជាមួយនឹង​តម្លៃ​ដែល​លោក​គិតថា​នាំ​សំណាង​មក​ឲ្យ​លោក គឺ ៨ ៨៨៨ ៨៨៨ ដុល្លារ​អូស្ត្រាលី។

ភ្នាក់ងារ​អចលនទ្រព្យ​លោក Josh Rutmanពី​ក្រុមហ៊ុន CBRE ប្រទេស​អូស្ត្រាលី​បានឱ្យដឹងថា​ដោយសារតែ​ការធ្លាក់ចុះ​នៃ​តម្លៃ​ប្រាក់​ដុល្លារ​និង​អត្រា​ការប្រាក់​នៅ​អូស្ត្រាលី ទើប​អ្នកវិនិយោគ​ក្រៅប្រទេស ត្រូវតែ​ត្រៀមខ្លួន​ដើម្បី​ដេញថ្លៃ​ឲ្យ​ខ្ពស់ជាង​តម្លៃ​ដែល​គេ​ប្រកា​សលក់។

លោក Rutmanបានបញ្ជាក់​ថា​មាន​កត្តា​ពីរ​ដែល​ធ្វើ​ឲ្យ​អគារ​នេះ លក់​លើសពី​តម្លៃ​ដាក់លក់ ដល់​ទៅ​ជាង ២ លាន​ដុល្លារ​នោះ គឺ​ដោយសារតែ​កត្តា​ទីតាំង​និង​ប្រវត្តិសាស្ត្រ​របស់​អគារ​មួយ នេះ។តម្លៃ​ហុងស៊ុយ​របស់​អគារ​មួយ​នេះ គឺ​មានន័យថា​ទីតាំងនៅ​ក្នុង​អគារ​នេះ​ក្នុង​មួយ​ម៉ែត្រការ៉េ គឺមាន​តម្លៃ ៨០០០ដុល្លារ​ជាត​ម្លៃ​ដ៏​ថ្លៃ​កម្រ​បាន​ជួបប្រទះ នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​ទីក្រុង​មែ​ល​ប៊​ន៕



© រក្សាសិទ្ធិដោយ thmeythmey.com