អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ជប៉ុន​បន្ត​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​កូរ៉េខាងជើង
01, Apr 2015 , 11:02 am        
រូបភាព
ដោយ:

 
រដ្ឋាភិបាល​ជប៉ុន​បានសម្រេច​បន្ត​ដាក់ទណ្ឌកម្ម​ទៅលើ​កូរ៉េខាងជើង​រយៈពេល​ពី​រ​ឆ្នាំ​បន្ថែម​ដើម្បី​ឆ្លើយតប​ទៅនឹង​ភាព​ព្រងើយកន្តើយ​របស់​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​ចំពោះ​ការទាមទារ​របស់​ជប៉ុន​លើ​ការស៊ើបអង្កេត​ជុំវិញ​ករណី​បទល្មើស​នៃ​ការចាប់​ជម្រិត​ជនជាតិ​ជប៉ុន​កាលពី​ចន្លោះ​ឆ្នាំ១៩៧០និង១៩៨០។



ម្សិលមិញ​នេះ រដ្ឋាភិបាល​ជប៉ុន​បានសម្រេច​បន្ត​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​ឯកតោភាគី​ប្រឆាំង​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​រយៈពេល​ពីរ​ឆ្នាំ​បន្ថែម។ទណ្ឌកម្ម​នេះ​ធ្វើឡើង​ក្រោយពី​ជប៉ុន​បានស្នើរ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​ធ្វើការ​ស៊ើបអង្កេត​លើ​បទល្មើស​នៃ​ការចាប់​ជម្រិត​ជនជាតិ​ជប៉ុន១៣នាក់​កាលពី​ចន្លោះ​ឆ្នាំ១៩៧០និង១៩៨០តែ​គ្មាន​ការឆ្លើយតប​ណាមួយ​របស់​ក្រុង​ព្យុងយ៉ាង​មកវិញ​ឡើយ។

បើ​យោងតាម​អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​ជប៉ុន​លោក Yoshihide Suga រដ្ឋាភិបាល​នឹង​បន្ត​ទណ្ឌកម្មសេដ្ឋកិច្ច​ដែល​នឹងត្រូវ​ផុតកំណត់​នៅ​ខែមេសា​ខាងមុខនេះ​ទៅលើ​កូរ៉េខាងជើង​រយៈពេល​ពី​រ​ឆ្នាំ​បន្ថែមទៀត។ក្នុងនោះ​ដូចដែល​បាន​អនុវត្ត​កន្លងមក​រដ្ឋាភិបាល​ជ​ប៉ុន​បាន​ហាមឃាត់​នាវា​ដឹកទំនិញ​គ្រប់​ប្រភេទ​របស់​កូរ៉េខាងជើង​មិន​ឲ្យ​ឆ្លងកាត់​កំពង់ផែ​របស់​ជប៉ុន​នោះទេ។

គួរ​រម្លឹក​ផងដែរ​កាល​ឆ្នាំ២០០២កន្លងទៅនេះ​កូរ៉េខាងជើង​ធា្ល​ប់​បាន​សារភាពថា​ខ្លួន​ពិត​បាន​ចាប់ជំរិត​ជនជាតិ​ជប៉ុន១៣នាក់​កាលពី​ឆ្នាំ១៩៧០និង១៩៨០មែន។ហើយ​ក្នុងចំណោម១៣នាក់​នោះ​មាន៥នាក់​ត្រូវបាន​បញ្ជូន​ត្រលប់​ទៅកាន់​ប្រទេស​ជប៉ុន​វិញ​ហើយ​និង៨នាក់​ផ្សេងទៀត​គឺ​បាន​ស្លាប់​ហើយ។

យ៉ាងណាមិញ​សំណុំ​រឿងនេះ​មិន​ត្រូវបាន​រដ្ឋាភិបាល​កូរ៉េខាងជើង​ដាក់ចេញ​ចំណាត់ការ​ណាមួយ​ដើម្បី​រក​យុត្តិធម៌​និង​ការពិត​ជូន​ជនរងគ្រោះ​និង​រដ្ឋាភិបាល​ជប៉ុន​នោះទេ។ដូច្នេះ​អ្វីដែល​រដ្ឋាភិបាល​ជប៉ុន​អាចធ្វើ​បាន​នោះ​គឺ​មានតែ​បន្ត​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ដើម្បី​ជាការ​ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង​បន្ថែមទៀត​តែប៉ុណ្ណោះ៕



© រក្សាសិទ្ធិដោយ thmeythmey.com