ប្លែកៗ
អន្តរជាតិ
ឪពុក​ម្នាក់​ចង​ធ្មេញ​របស់​កូន​ទៅនឹង​ឡាន Chevrolet ដើម្បី​ទាញ​ធ្មេញ​ដែល​រង្គើ​ចេញ
02, Apr 2015 , 2:11 pm        
រូបភាព
ដោយ: ថ្មីៗ
ជាធម្មតា ការចំណាយ​ប្រាក់​ដើម្បី​ដក​ធ្មេញ​រង្គើ​របស់​កុមារ មិនមាន​តម្លៃ​ថ្លៃ​នោះទេ ហើយ​ម្យ៉ាងទៀត​គេ​អាច​ដក​វា​ចេញ​ដោយ​វិធីសាមញ្ញៗ ប៉ុណ្ណោះ។ ប៉ុន្តែ​បុរស​ជា​ឪពុក​ម្នា​ក់បាន​យក​អំបោះ​ចង​ធ្មេញ​ដែល​រង្គើ​របស់​កូនប្រុស​គាត់ ភ្ជាប់​ទៅនឹង​រថយន្ត​ម៉ាក Chevrolet Camaro ដើម្បី​ដកយក​ធ្មេញ​ដែល​រង្គើ​នោះ​ចេញ។ នេះ​បើ​យោងតាម Daily record ។



ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា តាមរយៈ​ខ្សែ​វីដេអូ​មួយ​ដែល​ត្រូវគេ​បង្ហោះ​នៅក្នុង គេហទំព័រ YouTube បុរស​ជនជាតិ​អាមេរិក​ម្នាក់​ឈ្មោះ Rob Venomous បានបង្ហាញ​ខ្សែ​វីដេអូ​ស្ដីពី​ការដក​ធ្មេញ​ឲ្យ​កូនប្រុស​អាយុ ៨ ឆ្នាំ​របស់គាត់ ដោយ​ប្រើ​រថយន្ត​Chevrolet ជាទី​ស្រលាញ់​ដើម្បី​ទាញ​វា​ចេញ។

លោក Rob ជឿជាក់ថា​រថយន្ត Chevrolet Camaro: SS V-8 ពណ៌​ក្រហម នឹង​ជួយ​ដក​ធ្មេញ​រង្គើ​ចេញពី​មាត់​កូន​របស់គាត់​ហើយ​អាចធ្វើ​ឲ្យ​កូន​របស់គាត់​មិន​ពិបាក​ទ្រាំ​ឈឺធ្មេញ​ដែល​ជិត​បាក់។ទោះជា​យ៉ាងណាក៏ដោយ អ្នកជំនាញ​ផ្នែក​បញ្ហា​ធ្មេញ​បាន​អះអាងថា​ការធ្វើ​បែបនេះ​នឹង​បង្ក​ឲ្យ​ប៉ះ ដល់​អញ្ចាញធ្មេញ​របស់​កុមារ ព្រោះថា​វា​ត្រូវបាន​គេ​កន្ត្រាក់​ចេញ ដោយ​ម៉ាស៊ីន​កម្លាំង​លើសពី៤០០សេះ។

បើតាម​វីដេអូ​ដដែល​នោះ ក្រោយពេល​ចង​ធ្មេញ​ជាមួយ​អំបោះ​ភ្ជាប់​ទៅនឹង​រថយន្ត​ហើយ​នោះ ឪពុក​របស់​ក្មេងប្រុស បាន​ប្រាប់​ឲ្យ​កូន​របស់គាត់​ងើយ​មុខ​ឡើងលើ​បន្តិច​រួច​គាត់​ចូលទៅក្នុង​រថយន្ត ហើយ​បញ្ឆេះ​រថយន្ត​បើក​ទៅ​មុច​បន្តិច។ បន្ទាប់មក ធ្មេញ​រង្គើ​នោះ​ក៏ត្រូវ​បាន​ទាញ​ចេញ​ដោយ​រថយន្ត​ម៉ាស៊ីន V-8 ហើយ​កុមារា​ម្នាក់​នោះបាន​សម្ដែង​នូវ​ភាព​ភ្ញាក់ផ្អើល​ជាខ្លាំង ព្រោះថា​រថយន្ត​អាច​ដក​ធ្មេញ​របស់គេ​បាន៕




© រក្សាសិទ្ធិដោយ thmeythmey.com