អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប៉ា​ឡេ​ស្ទី​ន​អាច​នាំ​អ៊ីស្រាអែល​មក​កាត់ទោស​ក្រោយ​ក្លាយជា​សមាជិក ICC?
02, Apr 2015 , 4:31 pm        
រូបភាព

ថ្ងៃ១មេសា​ម្សិលមិញ​នេះ ប៉ា​ឡេ​ស្ទី​ន បាន​ក្លាយជា​សមាជិក​ពេញសិទ្ធិ​នៃ​តុលាការ​ព្រហ្មទណ្ឌ អន្តរជាតិ​ក្រោយពី​រង់ចាំ​អស់​រយៈពេល​ច្រើន​ខែក្រោយ​ចុះហត្ថលេខា​លើ​លក្ខន្តិកៈ​ក្រុង​រ៉ូម​ស្តីពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ ការ​ក្លាយខ្លួនជា​សមាជិក​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ផ្តល់ ក្តីសង្ឃឹម​ដល់​ប្រជាជន និង​រដ្ឋាភិបាល​ប៉ា​ឡេ​ស្ទី​ន ក្នុង​ការនាំយក​អ៊ីស្រាអែល មក​កាត់ ទោស ដោយ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​នៅ​កា​ហ្សា។


មានសំឡេង



លក្ខន្តិកៈ​ក្រុង​រ៉ូម ស្តីពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បាន​ចូល​ជា​ធរមាន សម្រាប់​ប៉ា​ឡេ​ស្ទី​ន កាលពី​ម្សិលមិញ​នេះ ដែល​នេះ​មានន័យថា​ប៉ា​ឡេ​ស្ទី​ន ក្លាយជា​សមាជិក​ផ្លូវការ​នៃ​តុលាការ​ដែលមាន​ស្នាក់ការ​នៅ​ក្រុងឡាអេ​មួយ​នេះហើយ។ ការ​ក្លាយជា​សមាជិក​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ត្រូវបាន គេ​ហៅថា​ជា​ជំហាន​ដ៏​សំខាន់​មួយ​សម្រាប់​ប៉ា​ឡេ​ស្ទី​ន ក្នុងការ​ស្វែងរក​យុត្តិធម៌​ជូន​ប្រជាជន នៅក្នុង​តំបន់​កា​ហ្សា។ ការសម្រេច​ជ្រើសរើស​ការចូល​រួមជាមួយ​តុលាការ​ក្រុងឡាអេ​នេះ កើតឡើង​ក្រោយ​មាន​សង្គ្រាម​អ៊ីស្រាអែល​ប្រឆាំង​ប្រជាជន​កា​ហ្សា និង​ការបរាជ័យ​ក្នុងការ​ស្វែងរក​សន្តិភាព​រវាង​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន។

ម្សិលមិញ​នេះ​អ្នកនាំពាក្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​Fadi El Abdallahបាន​លើកឡើងថា ប៉ា​ឡេ​ស្ទី​ន បាន​ក្លាយជា​សមាជិក​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ពេញសិទ្ធិ ហើយ​ប៉ា​ឡេ​ស្ទី​ន​មាន​សិទ្ធិ និង​កាតព្វកិច្ច​ដូច​សមាជិក​ទូទៅ​ដែរ។ បើតាម​មន្ត្រី​ម្នាក់នេះ យុត្តាធិការ​របស់​តុលាការ​ឧក្រិដ្ឋ​កម្មនេះ នឹង​គ្របដណ្តប់​រាល់​សំណុំរឿង​ដែល​កើតមានឡើង​នៅក្នុង​ទឹកដី​ប៉ា​ឡេ​ស្ទី​ន ដោយសារ​ប៉ា​ឡេ​ស្ទី​ន​ប្រកាស​ទទួលយក​យុត្តាធិការ​របស់​តុលាការ​រួចរាល់​ហើយ។ ហើយ​យុត្តាធិការ​តុលាការ មាន​អនុភាព​ប្រតិសកម្ម ដោយ​តុលាការ​នឹងមាន​អំណាច​ពិចារណា​លើ​ការស៊ើបអង្កេត និង​កាត់ទោស​ឧក្រិដ្ឋជន ដែល​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​ដែល​កើតឡើង​តាំងពី​ថ្ងៃ ១៣ខែ កក្កដា​ឆ្នាំមុន​ផង។

គួររម្លឹកថា បទឧក្រិដ្ឋ​កើតឡើង​តាំង​ខែកក្កដា​ឆ្នាំ ២០១៤នោះ គឺ​សំដៅលើ​សង្គ្រាម​អាកាស​របស់​រដ្ឋាភិបាល​អ៊ីស្រាអែល នៅក្នុង​តំបន់​កា​ហ្សា។ អ៊ីស្រាអែល​បាន​បើក​ការវាយប្រហារ​យ៉ាង​ព្រៃផ្សៃ​នៅ​តំបន់​កា​ហ្សា ដោយ​អះអាងថា ដើម្បី​ប្រឆាំង​ក្រុម​ហា​ម៉ាស​ដែល​បាន​បាញ់​ផ្លោង​គ្រាប់​រ៉ុ​ក​កែ​ត ប្រឆាំងនឹង​កងកម្លាំង​របស់ខ្លួន​នោះ។ ការវាយប្រហារ​របស់​កងកម្លាំង​អ៊ីស្រាអែល​កាលនោះ បានសម្លាប់​ប្រជាជន​ស៊ីវិល​នៅ​តំបន់​កា​ហ្សា​រាប់ពាន់នាក់ និង​បំផ្លាញ​ផ្ទះសម្បែង​ប្រជាជន​អស់​រាប់រយ​ខ្នង​ផង។ 

យ៉ាងណាក៏ដោយ ជុំវិញ​ការនាំយក​អ៊ីស្រាអែល​មក​កាត់ទោស​តាមផ្លូវ​ច្បាប់​នោះ នៅតែ​ជា​រឿងចម្រូងចម្រាស និង​ស្រពិចស្រពិល​នៅឡើយ។ កន្លងមក​ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល លោក បិ​ន​ចា​មិន ណេ​តាន់​យ៉ា​ហ៊ូ បានប្រកាសថា មិនអោយ​កងទ័ព​អ៊ីស្រាអែល ណា​ម្នាក់​ត្រូវគេ​យកទៅ​កាត់ទោស​នោះឡើយ។ នេះ​មានន័យថា​អ៊ីស្រាអែល នឹងធ្វើ​គ្រប់យ៉ាង​ដើម្បី​ការពារ​កងទ័ព​ខ្លួន ក្នុង​សំណុំរឿង​សង្គ្រាម​កា​ហ្សា។

យ៉ាងណាមិញ ការនាំយក​ឧក្រិដ្ឋជន​ណាមួយ​មក​កាត់ទោស តាម​តុលាការ​ព្រហ្មទណ្ឌ​នេះ​មិនមែនជា​រឿង​ងាយស្រួល​ឡើយ ព្រោះ​បើ​ឧក្រិដ្ឋជន​មាន​ខ្នងបង្អែក កុំ​សង្ឃឹមថា តុលាការ​អាចមាន​យុត្តាធិការ​កាត់ក្តី​អោយសោះ។ ប៉ុន្តែ​ក្នុង​សំណុំរឿង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ បង្កដោយ​អ៊ីស្រាអែល​ប្រែប្រួល ដោយសារ​ភាពល្អ​ក់ករ​ក​នៃ​ទំនាក់ទំនង​អ៊ីស្រាអែល និង​សហរដ្ឋអាមេរិក ក្នុង​រយៈពេល​កន្លងមក ដែល​មានន័យថា​អាមេរិក​អាច​នឹង​ព្រលែង​អោយ​តុលាការ​ចាត់ការ​អ៊ីស្រាអែល​ក៏​ថា​បាន៕



© រក្សាសិទ្ធិដោយ thmeythmey.com