ជាតិ
សង្គមជាតិ
អាជ្ញាធរ​អប្សរា​ចែករំលែក​បទពិសោធ​ការងារ​គ្រប់គ្រង​រមណីយដ្ឋាន​អង្គរ​ដល់​មី​យ៉ាន់​ម៉ា
03, Apr 2015 , 9:43 am        
រូបភាព
សៀមរាប៖ ប្រទេស​មី​យ៉ាន់​ម៉ា ដែល​គ្រោង​ស្នើ​ដាក់បញ្ចូល​រមណីយដ្ឋាន២ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នាពេលខាងមុខ បាន​សុំ​អាជ្ញាធរ​ជាតិ​អប្សរា ជួយ​ចែករំលែក​បទពិសោធ​ការងារ​អភិរក្ស និង​អភិវឌ្ឍ​រមណីយដ្ឋាន​អង្គរ។ ប្រទេស​មី​យ៉ាន់​ម៉ា រីករាយ​និង​ទទួលយក​នូវ​បទពិសោធ​ល្អ​របស់​កម្ពុជា។



អនុ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បានមក​បំពេញ​ទស្សនកិច្ច​ប្រទេស​កម្ពុជា​រយៈពេល៣ថ្ងៃ។ នៅ​ល្ងាច​ថ្ងៃទី២ មីនា​ម្សិលមិញ លោក U Nyan Tun បាន​ចូលជួប​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន នៅ​ស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា ខេត្តសៀមរាប។ ក្នុងជំនួប​ទ្វេភាគី​នេះ អាជ្ញាធរ​អប្សរា បាន​ចែករំលែក​បទពិសោធរ​បស់​ខ្លួន ជុំវិញ​ការងារ​អភិរក្ស និង​អភិវឌ្ឍ​រមណីយដ្ឋាន​អង្គរ ក៏ដូចជា​តួនាទី​របស់​អាជ្ញាធរ​អប្សរា​ជាដើម។

ទាក់ទង​នឹង​បទពិសោធ​លើ​ការងារ​រមណីយដ្ឋាន​អង្គរ លោក សុខ អាន បាន​ប្រាប់​មី​យ៉ាន់​ម៉ា​ថា ដើម្បី​អាច​សម្រេច​ជោគជ័យ​ទៅបាន គឺ​ត្រូវមាន​ការប្រមូលផ្តុំ​ធនធានមនុស្ស និង​ហរិញ្ញវត្ថុ​ពី​សហគមន៍​អន្តរជាតិ តាមរយៈ​គណៈកម្មការ អាយ​ស៊ី​ស៊ី អង្គរ (ICC Angkor )។ បង្កើតឡើង​នៅ​ឆ្នាំ១៩៩៣ គណៈកម្មការ​នេះ បាន​បើក​កិច្ចប្រជុំ​រយៈពេល២ដង​ក្នុង​មួយឆ្នាំ ដែលមាន​ប្រទេស និង​អង្គការ​អន្តរជាតិ​ជាច្រើន​ចូលរួម។ បើតាម​ការបញ្ជា​ក់រប​ស់លោក ឡង់ កុសល អនុប្រធាននាយកដ្ឋាន​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ​អប្សរា ហើយ​ជា​អ្នក​នាំ​សំដី​របស់លោក សុខ អាន ក្នុង​កិច្ចប្រជុំ​នោះ រហូតមកដល់​ពេលនេះ កម្ពុជា​បានទទួល​ជំនួយ​ជា​ទឹកប្រាក់​ប្រមាណ៥០០លាន​ដុល្លារ​រួចមកហើយ សម្រាប់​ការងារ​អភិរក្ស ជួសជុល​តំបន់​អង្គរ។

ក្នុងជំនួប​នោះដែរ លោក សុខ អាន បាន​ពន្យល់​ប្រាប់​ភាគី​មី​យ៉ាន់​ម៉ា ពី​តួនាទី​របស់​អាជ្ញាធរ​ជាតិ​អប្សរា។ អាជ្ញាធរ​អប្សរា បាន​បង្កើតឡើង​នៅ​ឆ្នាំ១៩៩៥ ដោយ​រាជរដ្ឋាភិបាល​កម្ពុជា តាម​សំណើរ​របស់​គណៈកម្មកា​រ​បេតិកភណ្ឌ​ពិភពលោក ដែល​ចង់​ឲ្យ​បង្កើត​អាជ្ញាធរ​ដាច់ដោយឡែក សម្រាប់​គ្រប់គ្រង​រមណីយដ្ឋាន​អង្គរ ក្រោយ​ចុះបញ្ជីរ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។ លោក សុខ អាន បញ្ជាក់ថា តួនាទី​របស់​អាជ្ញាធរ​អប្សរា គឺមាន​សារសំខាន់​ណាស់ ក្នុងការ​បំពេញការងា​រ​អភិរក្ស និង​អភិវឌ្ឍ​រមណីយដ្ឋាន​អង្គរ។

ក្រៅពីនោះ លោក សុខ អាន ក៏បាន​លើកឡើង​នូវ​ផែនការ​គ្រប់គ្រង​ទេសចរ  ដែល​ផែនការ​នេះ​ស្ថិតក្រោម​ក្របខណ្ឌ​គ្រប់គ្រង​បេតិកភណ្ឌ។ ខណៈដែល​កំណើន​ទេសចរ​មាន​ច្រើន ក៏​វា​បង្ក​គ្រោះថ្នាក់​ដល់​ប្រាសាទ​ក្នុង​តំបន់​អង្គរ​ច្រើន​ដែរ ដែល​ផែនការ​គ្រប់គ្រង​ទេសចរ​នេះ ជួយ​កាត់បន្ថយ​ហានិភ័យ​ខ្ពស់ ចំពោះ​ផលប៉ះពាល់​មកលើ​ប្រាសាទ​ដោយសារ​កត្តា​នានា។


លោក U Nyan Tun បាន​ស្វាគមន៍ និង​រីករាយ​ចំពោះ​បទពិសោធ​ដែល​អាជ្ញាធរ​អប្សរា​បាន​ចែករំលែក ស្រព​ពេលដែល​មី​យ៉ាន់​ម៉ា គ្រោង​នឹង​ស្នើ​ដាក់​តំបន់​រមណីយដ្ឋាន​ចំនួន២ ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ទៅ​អង្គការ យូណេស្កូ៕

 


© រក្សាសិទ្ធិដោយ thmeythmey.com