អន្តរជាតិ
ទស្សនកិច្ច​លោក​អូ​បា​ម៉ា​ទៅ​កេ​ន​យ៉ា​អាច​ផ្លាស់ប្តូរ​ក្រោយ​ការវាយប្រហារ
03, Apr 2015 , 3:13 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុម​ភេរវជន​ជ្រុលនិយម​ឥស្លាម Al-Shabab បាន​បើក​ការវាយប្រហារ​យ៉ាង​សាហាវឃោរឃៅ​នៅក្នុង​សាលារៀន​មួយកន្លែង ក្នុងប្រទេស​កេ​ន​យ៉ា កាលពី​ម្សិលមិញ បណ្តាលអោយ​មនុស្ស​យ៉ាងហោចណាស់១៤៧នាក់​ស្លាប់បាត់​បង់ជីវិត។ ការវាយប្រហារ​នេះ កើតឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ប្រធានាធិបតី​បា​រ៉ា​ក់​អូ​បា​ម៉ា ប្រកាស​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ទឹកដី​កំណើត​ឳ​ពុក​លោក(កេ​ន​យ៉ា) ជា​ផ្លូវការ ក្នុងនាម​ជា​ប្រធានាធិបតី​អាមេរិក។





មនុស្ស​យ៉ាងហោចណាស់ ១៤០នាក់​បាន​ស្លាប់បាត់​បង់ជីវិត ក្នុងករណី​វាយប្រហារ​យ៉ាង​ព្រៃផ្សៃ​មួយ បង្កឡើង​ដោយ​ក្រុម​ភេរវជន​សូ​ម៉ាលី Al Shabab នៅ​សាកលវិទ្យាល័យ​មួយ នៅ​ប្រទេស​កេ​ន​យ៉ា កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។

បើតាម​ការបញ្ជា​ក់រប​ស់​រដ្ឋមន្ត្រី​មហាផ្ទៃ​កេ​ន​យ៉ា ករណី​វាយប្រហារ​សម្លាប់​រង្គាល​នេះ កើតឡើង​នៅក្នុង​សាកលវិទ្យាល័យ Garissa ហើយ​ភាគច្រើន​នៃ​ជនរងគ្រោះ​ជា​សិស្ស ដែលជា​អ្នកសិក្សា​នៅ​សាកលវិទ្យាល័យ​នោះ​តែម្តង។

វាយប្រហារ​នេះ​កើតមានឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពេលដែល​ប្រធានាធិបតី​អាមេរិក​បា​រ៉ា​ក់ អូ​បា​ម៉ា ប្រកាសថា លោក​នឹង​ទៅ​ទស្សនកិច្ច​នៅ​កេ​ន​យ៉ា ក្នុង​ខែកក្កដា​ខាងមុខនេះ។ លោក អូ​បា​ម៉ា ធ្លាប់​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​កេ​ន​យ៉ា​នេះ ប្រហែល៣ ដង​មកហើយ ប៉ុន្តែ​ទស្សនកិច្ច​នេះ ជា​លើកដំបូង​បំផុត ដែល​លោក​អញ្ជើញ​ទៅក្នុង​នាម​ជា​ប្រធានាធិបតី​អាមេរិក។ កេ​ន​យ៉ា ជា​ទឹកដី​ឳ​ពុក​របស់លោក​អូ​បា​ម៉ា​ផ្ទាល់ ហើយ​បងប្អូន​សែស្រឡាយ​លោក​ជាច្រើន​នាក់​កំពុង​រស់នៅ​ទីនោះ ប៉ុន្តែ​លោក អូ​បា​ម៉ា​កន្លងមក​ចៀសវាង ទៅ​ទស្សនកិច្ច​នៅ​កេ​ន​យ៉ា ក្នុងនាម​ប្រធានាធិបតី​ដោយសារតែ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កេ​ន​យ៉ា​អាក្រក់ ហើយ​ម្យ៉ាង​បញ្ហា​អស្ថិរភាព​នៅ​ជា​រឿង​កង្វល់​បំផុត​មួយ។

ប្រធានាធិបតី​កេ​ន​យ៉ា បច្ចុប្បន្ន Uhuru Kenyatta ធ្លាប់​ស្ថិតក្រោម​ការស៊ើបអង្កេត​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ក្រុងឡាអេ ដោយសារ​លោក​រង​ការចោទប្រកាន់​ពីបទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​ផង។ ប៉ុន្តែ​យ៉ាងណាក៏ដោយ​កាលពី​ឆ្នាំមុន តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បានសម្រេច​ទម្លាក់​ការចោទប្រកាន់ ក្នុង​សំណុំរឿង​រំលោភសិទ្ធិ​មនុស្ស​របស់​លោក Kenyatta ចោល។ ការទម្លាក់​ចោលការ​ចោទប្រកាន់​នេះ ជាហេតុ​ផល​មួយ​ដែល​ជំរុញ​អោយ​លោក​អូ​បា​ម៉ា សម្រេច​ទៅ​ទស្សនកិច្ច​នៅ​កេ​ន​យ៉ា​ផងដែរ។

ប៉ុន្តែ​ករណី​វាយប្រហារ​សម្លាប់​រង្គាល​នៅ​កេ​ន​យ៉ា​ជាថ្មី​នេះ ប្រហែលជា​តម្រូវអោយ​លោក អូ​បា​ម៉ា ពិចារណា​ជាថ្មី​ចំពោះ​ដំណើរ​ទស្សនកិច្ច​ខាងមុខ ព្រោះ​វា​អាច​ប៉ះពាល់​ខ្លាំង​ដល់​បញ្ហា​សុវត្ថិភាព និង​សន្តិសុខ​របស់លោក​ក្នុងនាម​ជា​ប្រធានាធិបតី​ផង។ ក្រោយ​ករណី​វាយប្រហារ​លោក អូ​បា​ម៉ា បានប្រកាស​ថ្កោលទោស​ក្រុម​ភេរវជន Al  Shababរបស់​សូ​ម៉ាលី​ផងដែរ ប៉ុន្តែ​លោក​មិនបាន​លើកឡើង​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ឡើយ។ ដូច្នេះ​មានន័យថា មិនមាន​ការផ្លាស់ប្តូរ​អ្វី​ទេ ចំពោះ​ដំណើរ​ទស្សនកិច្ច​ខាងមុខនេះ។ អាមេរិក​ប្រហែលជា​ត្រូវ​គាំទ្រ និង​សហការ​ជាមួយ​រដ្ឋាភិបាល​កេ​ន​យ៉ា ក្នុងការ​កម្ចាត់​ក្រុម​ភេរវជន​នេះ​ផង ដើម្បី​ធានាថា​ក្រុម​ភេរវជន​មិនអាច​ពង្រឹង និង​ពង្រីក​ឥទ្ធិពល​ខ្លួន​ពេញ​អាហ្វ្រិក​ខាងលិច។

គួរ​បញ្ជាក់ថា ករណី​វាយប្រហារ​ថ្មី​នេះ ត្រូវបាន​គេ​ចាត់ទុកជា​ការវាយប្រហា​រ​ដ៏​ព្រៃផ្សៃ​បំផុត​មិន​ធ្លាប់មាន ចាប់តាំងពី​ក្រុម​ភេរវជន​ដដែល​នេះ វាយប្រហារ​នៅ​ផ្សារ​ទំនើប​ក្នុង​ទីក្រុង​ណៃ​រូ​ប៊ី ដែល​កាលនោះ​សម្លាប់​មនុស្ស​តែ ៦៧នាក់។ ចំណែក​ចំនួន​អ្នកស្លាប់​ក្នុងការ​វាយប្រហារ​ដោយ​ក្រុម​ភេរវជន​នេះ មាន​ចំនួន​ខ្ពស់បំផុត​មួយ រាប់​ចាប់តាំងពី​មាន​ករណី​វាយប្រហារ​ស្ថានទូត​អាមេរិក នៅក្នុង​រដ្ឋធានី​ណៃ​រូ​ប៊ី ដែល​កាលនោះ​មាន​មនុស្ស ២០០នាក់ ស្លាប់បាត់​បង់ជីវិត៕

© រក្សាសិទ្ធិដោយ thmeythmey.com