អន្តរជាតិ
ប្រអប់​ខ្មៅ​ទី២បញ្ជាក់ថា​ពី​ឡុ​ត​អម ពិត​ជាមាន​ចេតនា​បើក​យន្តហោះ បុក​ភ្នំ ធ្វើអត្តឃាត
04, Apr 2015 , 1:04 pm        
រូបភាព
ដោយ:
កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប៉ូលិស​បារាំង​បាន​រកឃើញ​ប្រអប់​ខ្មៅ​ទី២របស់​យន្តហោះA320 ដែល​ធ្លា​ក់នៅ​តំបន់ភ្នំ​Alpes ភាគខាងត្បូង​បារាំង កាលពី​ថ្ងៃ២៤មិនា​សប្តាហ៍​មុន។ យោងតាម​ទិន្នន័យ​ប្រអប់​ខ្មៅ​ទី២នេះ សហ​ពី​ឡុ​ត​អាល្លឺម៉ង់​Andreas Lubitz ពិតជា​បានធ្វើ​សកម្មភាព​បើក​ទំលាក់​យន្តហោះA320របស់​ក្រុមហ៊ុន Germanwings អោយ​ប៉ះទង្គិច​ភ្នំ ស្លាប់​មនុស្ស​ទាំង១៥០នាក់​ក្នុង​យន្តហោះ​មែន។



ប្រអប់​ខ្មៅ​ទី២របស់​យន្តហោះA320 ថត​ទុក​នូវ​ទិន្នន័យផ្សេងៗ ដូចជា​ល្បឿន កំពស់ និង​ដំណើរ​របស់​យន្តហោះ។ តាមរយៈ​ប្រអប់​ខ្មៅ​នេះ គេ​ក៏​អាច​ដឹង​ដែរ​ថា ក្នុង​រយៈពេល​ហោះហើ​េ​រ តើ​ពី​ឡុ​ត​បាន​ប្តូរ​ល្បឿន​យន្តហោះ រឺក៏​ទុកអោយ​យន្តហោះ​បើកបរ​ដោយ​ស្វ័យប្រវត្ត។ ប្រអប់​ខ្មៅ​ទី២បាន​បង្ហាញថា ពេលដែល​ពី​ឡុ​ត​ចំបង​ចេញពី​កាប៊ីន​បើកបរ​ទៅ​ក្រៅ​បាត់​នោះ ពី​ឡុ​ត​អម​Andreas Lubitzដែល​នៅក្នុង​កាប៊ីន​បើកបរ​តែម្នាក់ឯង បាន​ចុច​ប៊ូ​តុង​បើកបរ​ស្វ័យប្រវត្តិ​របស់​យន្តហោះ ដើម្បីអោយ​យន្តហោះ ហោះ​ចុះទៅ​ទង្គិច​ភ្នំ។ ពេល​យន្តហោះ​កំពុង ទំលាក់ ខ្លួនចុះ​នោះ Lubitz ក៏បាន​ដំឡើង​ល្បឿន​យន្តហោះ​បន្ថែម​ផងដែរ។ កន្លងមក ក្រុម​អង្កេត​ធ្លាប់​ប្រាប់ថា ពេល​យន្តហោះ​បាន​ធ្លាក់​ទៅ​ទង្គិច​ភ្នំ យន្តហោះ​មាន​ល្បឿន​ប្រមាណ ៧០០ គីឡូ ម៉ែត្រ ​ក្នុង​មួយ​ម៉ោង។

គួរ​រំលឹក​ឡើងវិញ​ថា នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​មុន យន្តហោះA320របស់​ក្រុមហ៊ុន Germanwings ផ្ទុក​មនុស្ស១៥០នាក់ បានចេញ​ដំណើរ​ពី​ក្រុង​បា​សេ​ឡូ​ន ប្រទេស​អេ​ស្ប៉ា​ញ ឆ្ពោះទៅ​ក្រុង​អាល្លឺម៉ង់​Düsseldorf។ ប៉ុន្តែ ពេល​ឆ្លងកាត់​ប្រទេស​បារាំង យន្តហោះ​បាន​ធ្លាក់ ធ្វើអោយ​មនុស្ស​ស្លាប់​គ្មាន​សល់។ ក្រុម​អង្កេត​បាន​រកឃើញ​ប្រអប់​ខ្មៅ​យន្តហោះ​ទី។ ការវិភាគ​សម្លេង​ថត​ទុក​ក្នុង​ប្រអប់​ខ្មៅ​ទី១នេះ បង្ហាញថា ក្នុងពេល​បើកបរ ពី​ឡុ​ត​ចំបង​បាន​ចេញពី​កាប៊ីន​បើកបរ​ទៅ​ក្រៅ តែ​គាត់​មិនអាច​ចូលទៅក្នុង​កាប៊ីន​បាន​វិញ។ គាត់​បាន​ស្រែក​សុំអោយ​ពី​ឡុ​ត​អម​Lubitzដែល​នៅតែ​ម្នាក់ឯង​ក្នុង​កាប៊ីន បើកទ្វា​អោយ​គាត់ តែ​ពី​ឡុ​ត​នោះ​មិន​ឆ្លើយតប។

ក្រុម​អង្កេត​គិតថា ពេល​ពី​ឡុ​ត​ធំ​ចេញ​ក្រៅ​កាប៊ីន​នោះ Lubitzបាន​ឆ្លៀត​បើក​ទំលាក់​យន្តហោះ​បុក​ភ្នំ​តែម្តង។ មុន​រកឃើញ​ប្រអប់​ខ្មៅ ក្រុម​អង្កេត​បាន​រកឃើញថា ពី​ឡុ​ត​អម​Lubitzនេះ​មាន​បញ្ហា​ផ្លូវចិត្ត​ធ្ងន់ធ្ងរ។ ដោយសារ​ជំងឺផ្លូវចិត្ត​នេះ Lubitzមិនអាច​បើកបរ​យន្តហោះ​ក្នុង​ផ្លូវ​ឆ្ងាយ​ទេ។ ប្រហែល​ដូច្នេះហើយ ទើប​គេ​កាន់តែ​តានតឹង​ក្នុង​ចិត្តខ្លាំង រហូត​ធ្វើអត្តឃាត​បែបនេះ។ Lubitzធ្លាប់​ប្រាប់​អតីត​សង្សារ​ខ្លួន​ម្នា​ក់ថា ថ្ងៃ​ណាមួយ នឹង​ធ្វើអោយ​គ្រប់គ្នា​ចងចាំ​ឈ្មោះ​Lubitzមិន​ងាយ​ភ្លេច។ ក្រុម​អង្កេត​ក៏បាន​ស្រាវជ្រាវ​ឃើញ​ដែរ​ថា ពី​ឡុ​ត​ម្នាក់នេះ​ធ្លាប់បាន​ស្រាវជ្រាវ​ព័ត៌មានផ្សេងៗ ស្តីពី​ការធ្វើអត្តឃាត។

ក្រោយ​ហេតុការណ៍​នេះ​កើតឡើង ក្រុមហ៊ុន​អាកាសចរណ៍​មួយចំនួន​បាន​ចាត់វិធានការ​តំរូវអោយមាន​ពី​ឡុ​ត២នាក់​ជាប្រចាំ​ក្នុង​កាប៊ីន​បើកបរ។ ទន្ទឹមនេះដែរ រដ្ឋាភិបាល​អា​ល្លឹ​ម៉​ង់​ចង់​ផ្លាស់ប្តូរ​បែបបទ​ធ្វើដំណើរ​មួយចំនួន​របស់​អឺរ៉ុប។ យោងតាម​រដ្ឋមន្ត្រី​មហាផ្ទៃ​អាល្លឺម៉ង់ ក្រោយ​ហេតុការណ៍​ធ្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន Germanwingsនៅ​បារាំង ក្រុម​អង្កេត​បាន​ពិនិត្យ​អត្តសញ្ញាណ​របស់​មនុស្ស​គ្រប់គ្នា​ក្នុង​យន្តហោះ ដើម្បី​រកមើល​ក្រែង​មាន​ជនសង្ស័យ​ចង់​ធ្វើ​ភេរវកម្ម។

ក្រុម​អង្កេត​ខ្លួនឯង​ក៏​មិន​ច្បាស់​ក្នុង​ចិត្ត​ពី​អត្តសញ្ញាណ​របស់​មនុស្ស​ទាំងអស់គ្នា​ក្នុង​យន្តហោះ​ដែរ។ តាំងពី​ឆ្នាំ១៩៨៥មក ពលរដ្ឋ​អឺរ៉ុប​ត្រូវបាន​អនុញ្ញាតអោយ​ធ្វើដំណើ​រ​ដោយ​សេរី​ក្នុង​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប ដោយ​មិនចាំបាច់​មាន​លិខិតឆ្លងដែន។ បើ​ពួកគេ​ត្រូវ​ទិញ​សំបុត្រ​ធ្វើដំណើរ​តាម​រថភ្លើង​ទៀត​នោះ ការឆែកឆេរ​អត្តសញ្ញាណ​ពួកគេ​គឺ​ធូររលុង​តែម្តង។ ដើម្បី​សុវត្ថិភាព​សន្តិសុខ អាល្លឺម៉ង់​ចង់​ផ្លាស់ប្តូរ​នយោបាយ​ទាំងនេះ​ឡើងវិញ៕



© រក្សាសិទ្ធិដោយ thmeythmey.com