អន្តរជាតិ
អ្នក​កាន់​គ្រិស្តសាសនា​ឥណ្ឌា​ភ័យខ្លាច​ហិង្សា និង​ការ​ធ្វើទុក្ខបុកម្នេញ
05, Apr 2015 , 1:08 pm        
រូបភាព
ដោយ: ថ្មីៗ
ក្នុងឱកាស​បុណ្យ​គ្រិស្តសាសនា Easter ចុង​សប្តាហ៍​នេះ អ្នក​កាន់​គ្រិស្តសាសនា​នៅ​ឥណ្ឌា​បាននាំគ្នា​បន់ស្រន់​សុំ​សន្តិភាព និង​សុំ​ឲ្យ ព្រះ​ជួយ​ដឹកនាំ​ជនពាល​ទៅរក​ផ្លូវ​ល្អ។ ការបែកបាក់​សាសនា និង​បញ្ហា​ចាប់រំលោភ​ដែល​កើតឡើង​ញឹកញាប់​ក្នុងស្រុក កាន់តែ​ធ្វើអោយ​អ្នក​កាន់​គ្រិស្តសាសនា​ភ័យខ្លាច។




ហេតុការណ៍​ដូនជី​អាយុ៧៥ឆ្នាំ​ម្នាក់​ដែល​ត្រូវ​ចោរ​ជាច្រើន​នាក់​ចាប់រំលោភ​រួមគ្នា នៅ​ឥណ្ឌា កាលពី​ខែមីនា មិនបាន​ធ្វើ​ឲ្យ​ប្រជាជន​កាន់សាសនា​គ្រិស្ត​នៅ​ស្ងប់ចិត្ត​ឡើយ។ ពួកគេ​កាន់តែ​ភ័យព្រួយ​ខ្លាច​ជនពាល​ធ្វើទុក្ខបុកម្នេញ​សហគមន៍​គ្រិស្តសាសនា​ដែលជា​សហគមន៍​ភាគតិច​នៅ​ឥណ្ឌា។ សហគមន៍​សាសនា​ភាគតិច​ដូចជា សាសនា​គ្រិស្ត អ៊ីស្លាម រឺក៏​ពុទ្ធសាសនា ពី​ដើម​មក តែង​រស់ក្នុង​សុខសន្តិភាព​ជាមួយ​អ្នក​កាន់សាសនា​ហិណ្ឌូ។

ក្រោយមក សហគមន៍​សាសនា​បាន​បែកបាក់​គ្នា។ វិហារ និង​សាលារៀន​គ្រិស្តសាសនា​បាន​រង​អគ្គិភ័យ និង​ការបំផ្លិចបំផ្លាញ។ ដោយសារ​បញ្ហា​អស់នេះ តាំងពី​ខែធ្នូ​ចុងឆ្នាំ២០១៤ អ្នក​កាន់​គ្រិស្តសាសនា​បាន​តវ៉ា​បាតុកម្ម​យ៉ាងខ្លាំង។ អ្នក​កាន់​គ្រិស្តសាសនា​កាន់តែ​ភ្ញាក់ផ្អើល​ថែមទៀត កាលពី​ខែ​មុននេះ ពេល​ជនពាល​ច្រើន​នាក់​ហ៊ាន​រហូត​រួមគ្នា​រំលោភ​ដូនជី​អាយុ​ជាង៧០ឆ្នាំ​ហើយ​នោះ។

ថ្មីៗនេះ រដ្ឋមន្ត្រី​មហាផ្ទៃ​ឥណ្ឌា​បាន​សុំ​ឲ្យ​សហគមន៍​សាសនា​ទាំងអស់​រស់នៅ​ចុះសម្រុង​គ្នា។ ប៉ុន្តែ អ្នក​កាន់​គ្រិស្តសាសនា​មួយចំនួន​យល់ថា ក្រុម​ជ្រុលនិយម​មិន​ស្តាប់​សំណូមពរ​អ្នកដឹកនាំ​ទេ ព្រោះថា រាល់​លើក អោយតែ​តុលាការ​កាត់ទោស​ជនពាល​ណា​ម្នាក់​រួចហើយ គេង​តែង​ឃើញ​មានការ​វាយប្រហារ​វិហា​រ រឺក៏​លឺ​ការ​ថ្លែង​សន្ទរកថា​មាន​ខ្លឹមសារ​មិនល្អ។

យោងតាម​មេដឹកនាំ​កាតូលិក​នានា​ក្នុងស្រុក សកម្មភាព​បំផ្លិចបំផ្លាញ​របស់​ក្រុម​ជ្រុលនិយម​ហិណ្ឌូ​ក្នុង​រយៈពេល​ចុងក្រោយ នេះ ធ្វើឡើង​ក្នុង​យុទ្ធនា​ការរើសអើង​សហគមន៍​ភាគតិច​នៅ​ឥណ្ឌា។ មេដឹកនាំ​សាសនា​កាតូលិក​ទាំងនេះ​យល់ថា ការឡើង​កាន់អំណាចរ​ប​ស់លោក ណារិន​ដ្រា ម៉ូ​ឌី ជា​នាយករដ្ឋមន្ត្រី​កាន់សាសនា​ហិណ្ឌូ មាន​លក្ខណៈ​លើកទឹកចិត្ត​ជំរុញ​អោយ​ក្រុម​ជ្រុលនិយម​ហិណ្ឌូ​បង្កបញ្ហា ក្នុងស្រុក។

នៅ​ឥណ្ឌា អ្នក​កាន់​គ្រិស្តសាសនា​មាន២,៣ភាគរយ ក្នុងចំណោម​ប្រជាជន​សរុប​ជាង១ ២៧៧លាន​នាក់។ គិតពី ឆ្នាំ២០០៨ ការវាយប្រហារ​លើ​អ្នក​កាន់​គ្រិស្តសាសនា​បានសម្លាប់​មនុស្ស​ជាង ១០០នាក់។ ទោះ​យ៉ាងនេះ​ក្តី អ្នក​កាន់​គ្រិស្តសាសនា​ភាគច្រើន​រស់នៅក្នុង​ភាពសុខសាន្ត៕



© រក្សាសិទ្ធិដោយ thmeythmey.com