ជាតិ
បទល្មើស​គ្រឿងញៀន​ចំនួន១,៣៣៧ករណី ត្រូវបាន​អាជ្ញាធរ​បង្ក្រាប​ក្នុង​ឆ្នាំ២០១៤
05, Apr 2015 , 1:42 pm        
រូបភាព
លោក កែ កឹម​យ៉ាន ប្រធាន អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន
លោក កែ កឹម​យ៉ាន ប្រធាន អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន
ដោយ: ថ្មីៗ
យោងតាម​របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្នុង​ឆ្នាំ២០១៤កន្លងទៅ អាជ្ញាធរ​បង្ក្រាបបាន​ប​ទ​ល្មើស​គ្រឿងញៀន​សរុប​ចំនួន១,៣៣៧ករណី និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៣,១៤២នាក់។



របាយការណ៍​នេះ ត្រូវបាន​ផ្សព្វផ្សាយ​នៅក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ២០១៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ២០១៥ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន កាល ពី​ចុង​ខែមីនា​កន្លងទៅ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ។

ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា បាន​ដកស្រង់​ប្រសាសន៍ របស់លោក កែ កឹម​យ៉ាន ប្រធាន អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដែល​បាន​ថ្លែង​នៅក្នុង​ពិធី​នោះ​ថា នៅតាម​រាជធានី-ខេត្ត​មួយចំនួន​នៅ​មិនទាន់​បានរៀបចំ​យន្តការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ដល់​ថ្នាក់ក្រោម​ជាតិ​នៅឡើយ ដែលជា​ហេតុ​ធ្វើ​ឲ្យ​សមត្ថកិច្ច​នៅ​ថ្នាក់ក្រោម​ជាតិ​មួយចំនួន មិនបាន​អនុត្ត​ន៍​ការត្រួតពិនិត្យ​គ្រឿងញៀន​ឲ្យ​អស់​លទ្ធភាព  ធ្វើ​ឲ្យ​បទល្មើស​ជួញដូរ​គ្រឿងញៀន នៅតាម​មូលដ្ឋាន​នៅតែ​បន្ត​កើតមាន​គួរ​ក​ឲ្យ​ព្រួយបារម្ភ។

តែ​យ៉ាងណាក៏ដោយ លោក កែ កឹម​យ៉ាន ក៏បាន​ថ្លែង​កោតសរសើរ​ថា សកម្មភាព​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ក្នុង​ឆ្នាំ២០១៤កន្លងមក​ទទួលបាន​លទ្ធផល​ល្អ ប៉ុន្តែ​ក៏​នៅមាន​បញ្ហា​ប្រឈម និង​ចំណុច​ខ្វះខាត​មួយចំនួនទៀត​ដែល​ត្រូវធ្វើ​ការត្រួតពិនិត្យ ដោះស្រាយ  និង​ពង្រឹង​យន្តការ​គ្រប់គ្រង ព្រមទាំង​កែលំអ​បន្ថែមទៀត ដើម្បី​រួមចំណែក​ថែរក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់​ទាំង​នៅក្នុង​សង្គម​កម្ពុជា និង​នៅក្នុង​ពិភពលោក៕



© រក្សាសិទ្ធិដោយ thmeythmey.com