អន្តរជាតិ
រុស្ស៊ី​បន្ត​ទាមទារ​ឲ្យ​​ផ្អាក​ការវាយប្រហារ​ក្រុម​ហ៊ូ​ស៊ី​នៅ​យេ​ម៉ែន
05, Apr 2015 , 3:11 pm        
រូបភាព
ដោយ:
សន្តិសុខ​យេ​ម៉ែន​កាន់តែ​ធ្លាក់​ដុនដាប​ខ្លាំង ធ្វើអោយ​រុស្ស៊ី​បង្ខំចិត្ត​ដាក់​គំរោង​សេចក្តីសម្រេច​មួយ ទៅ​អង្គការសហប្រជាជាតិ សុំអោយ​ផ្អាក​យុទ្ធនាការ​ផ្លូវអាកាស​កំចាត់​ក្រុម​ហ៊ូ​ស៊ី​នៅ​យេ​ម៉ែន ដែល​អា​រ៉ា​ប៊ី​សា​អូឌីត​និង​បណ្តា​ប្រទេស​អារ៉ាប់​បានធ្វើ​ឡើង​តាំងពី​ថ្ងៃ២៦មិនា​មក។



រុស្ស៊ី​បានទាមទារ​អោយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​រៀបចំ​កិច្ចប្រជុំ​បន្ទាន់​មួយ ស្តីពី​យេ​ម៉ែន។ ក្រុង​ម៉ូស្គូ​សុំអោយ​ផ្អាក​ការវាយប្រហារ​តាម​យន្តហោះ​កំទេច ក្រុម​ហ៊ូ​ស៊ី​និកាយ​ស៊ី​អ៊ី​ត នៅ​យេ​ម៉ែន ជា​បណ្តោះអាសន្ន ដើម្បី​រៀបចំ​ជម្លៀស​ពលរដ្ឋ​បរទេស។ ចំណែក​អង្គការ​កាកបាទក្រហម​វិញ​ក៏បាន​សុំអោយ​ផ្អាក​ការវាយប្រហារ​នេះដែរ ដើម្បី​ព្យាបាល​ប្រជាជន​ស៊ីវិល​ក្នុងស្រុក។

យោងតាម​ផ្នែក​សុខាភិបាល​យេ​ម៉ែន គិត​តាំងពី​ក្រុម​ហ៊ូ​ស៊ី​ចូលទៅ​ក្រុង​កំពង់ផែ​អាដេ​ន ភាគខាងត្បូង​ប្រទេស នៅ​ថ្ងៃ២៥មិនា​មក ការប្រយុទ្ធ​គ្នា​បានសម្លាប់​មនុស្ស១៨៥នាក់ និង​បង្ក​របួស​ជិត១២៨២នាក់ ភាគច្រើន​ជា​ជន​ស៊ីវិល។ តួលេខ​នេះ​មិន​គិតពី​ជនរងគ្រោះ​ជា​ក្រុម​ឧទ្ទាម​ទេ។សមាជិក​អង្គការ​មនុស្សធម៌​ជា​ជនជាតិ​យេ​ម៉ែន​ខ្លះ ក៏បាន​ស្លាប់​ក្នុងការ​វាយប្រហារ​ដែរ។ យោងតាម​តួលេខ​ចុងក្រោយ​របស់​អង្គការសហប្រជាជាតិ ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​វិញ មាន​មនុស្ស​ជាង៥០០នាក់​បាន​ស្លាប់ និង១៧០០នាក់​រងរបួស។ តំណាង​សុខាភិបាល​យេ​ម៉ែន​បាន​អំពាវនាវ​អោយ​អង្គការ​អន្តរជាតិ និង​បណ្តា​ប្រទេស​អារ៉ាប់​នៅ​ឈូង​សមុទ្រ​ពែ​រស៍ ដែល​បាន​ចូលរួម​យុទ្ធនា​ការប្រឆាំង​ក្រុម​ហ៊ូ​ស៊ី អោយ​ពួកគេ​ផ្តល់ជំនួយ​ផ្នែក​ព្យាបាល​បន្ទាន់​ដល់​មន្ទីរពេទ្យ​នៅ​ក្រុង​អាដេ​ន ព្រោះ​មន្ទីរពេទ្យ​ទាំងនោះ​អស់​ថ្នាំពេទ្យ​ក្នុង​ស្តុក​ដើម្បី​ជួយ​ជនរងគ្រោះ​ហើយ។

ប្រឈម​នឹង​ភាពដុនដាប​សន្តិសុខ ម្សិលមិញ កងទ័ពជើងទឹក​បារាំង​បាន​ជម្លៀស​មនុស្ស៤៤នាក់ ក្នុងនោះ​មាន​ពលរដ្ឋ​បារាំង៣៦នាក់។ មុននេះ ហ្ស៊​កដា​នី អេ​ហ្ស៊ី​ប និង​អង្គការសហប្រជាជាតិ​ក៏បាន​ជម្លៀស​ពលរដ្ឋ​និង​បុគ្គលិក​បំរើការ​ខ្លួន​ដែរ។ ម្សិលមិញ ក្រុម​និកាយ​ស៊ុន​នី​ត​រាប់រយ​នាក់​បាន​ចូលទៅ​ដណ្តើម​ក្រុង Moukalla ភាគខាងត្បូង ពី​ក្រុម​អាល់​កៃ​ដា។ ក្រុម​អាល់​កៃ​ដា​បាន​កាន់កាប់​ក្រុង​នេះ តាំងពី​ថ្ងៃ​សុក្រ និង​បាន​ដោះលែង​អ្នកទោស​ពី​គុក៣០០នាក់។ នៅ​ក្រុង Dhaleh វិញ ក្រុម​ឧទ្ទាម​ក៏បាន​បើកទ្វា​គុក​រំដោះ​អ្នកទោស​ជាង៥០០នាក់​ដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com