សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
នៅ​អាមេរិក​ពិធី​រៀបការ​មួយ​រោង​ត្រូវ​ចំណាយ​ជា​មធ្យម​អស់​ជាង ៣១ ០០០ ដុល្លារ
05, Apr 2015 , 4:30 pm        
រូបភាព
ដោយ:
កាលពីដើម​សប្តាហ៍​នេះ ស្ថាប័ន The Knot's Real Weddings បានចេញ​ផ្សាយ​លទ្ធផល​នៃ​ការសិក្សា​មួយ ទៅលើ​ការចំណាយ​ប្រាក់​ដើម្បី​រៀបចំ​ពី​ធី​អាពាហ៍ពិពាហ៍ នៅក្នុង​សហរដ្ឋអាមេរិក។ លទ្ធផល​បាន​បង្ហាញថា ការចំណាយ​ប្រាក់​ជា​មធ្យម ដើម្បី​រៀបចំ​ពិធីមង្គលការ​មួយ​រោង គឺ​ត្រូវ​ចំណាយ​ជា​មធ្យម ៣១ ២១៣ ដុល្លារ ដោយ​មិន​រាប់បញ្ចូល​ការចំណាយ​លើ​ការ​ដំណើរ​ក្រេប​ទឹកឃ្មុំ នៅក្រោយពេល​រៀបការ។



ការសិក្សា​ខាងលើនេះ ត្រូវបាន​ចេញផ្សាយ ក្រោយពេល​ស្ថាប័ន​មួយ​ចំណាយ​ពេលវេលា​សិក្សា​ស្រាវជ្រាវ​អស់​រយពេល ៨ ឆ្នាំ ទៅលើ​ការចំណាយ​ប្រាក់​ដើម្បី​រៀបការ​សម្រាប់​គូ​ស្វាមីភរិយា​ថ្មី​មួយគូ។ ការចំណាយ​ប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់ សម្រាប់​រៀបចំ​ពិធី​រៀបការ​នេះ គឺមាន​ការកើនឡើង ៤,៥ ភាគរយ​ធៀប​ទៅនឹងឆ្នាំមុនៗ ។
អ្នក​ប្រហែលជា​យល់ថា ហេតុអ្វី​ក៏​ពិធី​រៀបការ​នៅ​អាមេរិក​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ម្លេះ។

ខាងក្រោម​នេះ​គឺជា​ខ្ទង់ចំណាយសំខាន់ៗមួយចំនួន សម្រាប់​ការរៀបចំ​ពិធី​រៀបការ​នៅ​សហរដ្ឋអាមេរិក៖

• ថ្លៃ​ចំណាយ​លើ​ការជួល​ទីតាំង៖ ត្រូវ​ប្រាក់​ចំណាយ​ជា​មធ្យម ១៤ ០០៦ ដុល្លារ
• ថ្លៃ​ចំណាយ​លើ​ចិញ្ចៀន​ភ្ជាប់ពាក្យ៖ ត្រូវ​ប្រាក់​ចំណាយ​ជា​មធ្យម ៥ ៨៥៥ ដុល្លារ
• ថ្លៃ​ចំណាយ​លើ​ថ្លៃ​រូបថត៖ ត្រូវ​ចំណាយ​ប្រាក់​ជា​មធ្យម ២ ៥៥៦ ដុល្លារ
• ថ្លៃ​ចំណាយ​លើ​ក្រុម​ភ្លេង និង​ពិធីករ៖ សម្រាប់​ថ្លៃឈ្នួល​លើ​ក្រុម​តន្ត្រី​ត្រូវ​ចំណាយ​ប្រាក់​ជា​មធ្យម ៣ ៥៨៧ ដុល្លារ ខណៈ​តម្លៃ​សម្រាប់​ជួល​ពិធីករ​មានតម្លៃ​ប្រហែល ១ ១២៤ ដុល្លារ ។
• ថ្លៃ​ចំណាយ​លើ​ការរៀបចំ​ផ្កា​លម្អ៖ សេវា​រៀបចំ​ផ្ការ​ក្នុង​ពិធី​រៀបការ​នៅ​អាមេរិក ត្រូវ​ចំណាយ​ជា​មធ្យម​ប្រហែល ២ ១៤១ ដុល្លារ
• ថ្លៃ​ចំណាយ​សម្រាប់​ឈុត​អាពាហ៍ពិពាហ៍៖ សម្រាប់​សម្លៀកបំពាក់​រៀ​បការរ​បស់​កូនក្រមុំ​មួយឈុត ជា​មធ្យម​ក៏ត្រូវ​ចំណាយ​អស់ ១ ៣៥៧ ដុល្លារ​ដែរ ចំណែកឯ​សម្លៀកបំពាក់ និង​គ្រឿង​តុបតែង​មួយចំនួន សម្រាប់​កូនកំលោះ ត្រូវ​ចំណាយ​អស់​ជា​មធ្យម ២៥៤ ដុល្លារ
• ថ្លៃ​ចំណាយ​លើ​នំ​អាពាហ៍ពិពាហ៍៖ ត្រូវ​ប្រាក់​ចំណាយ​ជា​មធ្យម ៥៥៥ ដុល្លារ
• ចំណាយ​សម្រាប់​តម្លៃ​អាហារ​ទទួលភ្ញៀវ៖ នៅ​អាមេរិក​តម្លៃ​អាហារ​សម្រាប់​ទទួលភ្ញៀវ គឺជា​មធ្យម ៦៨ ដុល្លារ​សម្រាប់​មនុស្សម្នា​ក់
• ថ្លៃ​ចំណាយ​លើ​សំបុត្រ​អញ្ជើញ​ភ្ញៀវ និង​វត្ថុ​អនុស្សាវរីយ៍៖ សម្រាប់​ការចំណាយ​ទៅលើ​ថ្លៃ​បោះ​ធៀប​ការ គឺ​ត្រូវ​ចំណាយ​អស់​ជា​មធ្យម ៤៣៩ ដុល្លារ និង​ការចំណាយ​សម្រាប់​វត្ថុ​អនុស្សាវរីយ៍​អស់​ប្រហែលជា ២៧៥ ដុល្លារ៕



© រក្សាសិទ្ធិដោយ thmeythmey.com