អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ជម្លោះ​ប្រដាប់អាវុធ​យេ​ម៉ែន​ស្រួល​បញ្ចប់​បើសិន​មហាអំណាច​ដក​ដៃ​ចេញ
06, Apr 2015 , 3:42 pm        
រូបភាព

រុស្ស៊ី​រង​ការចោទប្រកាន់ថា​ជា​អ្នកផ្គត់ផ្គង់​សព្វាវុធ​ដល់​ក្រុម​ឧទ្ទាម​ដែល​គាំទ្រ​អ៊ីរ៉ង់​និង​ដែល​បាន​ដណ្តើម​អំណាច​នៅ​យេ​ម៉ែន។ ការចោទប្រកាន់​នេះ​កើតឡើង​ក្រោយ​រុស្ស៊ី​ស្នើ​អោយមាន​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ដើម្បី​ជំរុញ​អោយ​អា​រ៉ា​ប៊ី​សា​អូឌីត​បញ្ឈប់​ការទម្លាក់​គ្រាប់​នៅ​យេ​ម៉ែន​ប្រឆាំង​ក្រុម​ឧទ្ទាម Houthisបន្តទៀត​ក្នុងន័យ​មនុស្សធម៌។  ការវាយប្រហារ​តាមផ្លូវ​អាកាស​រយៈពេល​ប្រហែល​ជិត២សប្តាហ៍​នេះ​បានសម្លាប់​ប្រជាជន​ស៊ីវិល​ច្រើនជាង​ក្រុម​ឧទ្ទាម ហើយ​ប្រជាជន​ស៊ីវិល​ជាច្រើន​នាក់​កំពុង​ប្រឈម​កង្វះខាត​ស្បៀងអាហារ​និង​ជម្រក។ ប៉ុន្តែ​មកទល់​ម្សិលមិញ​ក្រុម​ឧទ្ទាម​បានប្រកាស​ចរចា​ប្រសិនបើ​អា​រ៉ា​ប៊ី​សា​អូឌីត​បញ្ឈប់​ការវាយប្រហារ​និង​ដក​ដៃ​ចេញពី​ជម្លោះ​នយោបាយ​យេ​ម៉ែន។


សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ ជុំវិញ​បញ្ហា​នេះ៖




មកទល់​ថ្ងៃនេះ​ជា​ថ្ងៃទី ១១ហើយ​ដែល​អា​រ៉ា​ប៊ី​សា​អូឌីត ដឹកនាំ​កងកម្លាំង​សម្ព័ន្ធមិត្ត​ទម្លាក់​គ្រាប់បែក​ប្រឆាំង​ក្រុម​ឧទ្ទាម​ឥស្លាម​និកាយ​ស៊ី​អ៊ី​ត​នៅ​យេ​ម៉ែន។ ប្រទេស​ចំនួន ៤ដែល​ចូលរួម​ក្នុងការ​វាយប្រហារ​ស្ថិតក្រោម​ការដឹកនាំ​រប​ស់អា​រ៉ា​ប៊ី​សា​អូឌីត​នេះ​ក្នុងនោះ​មាន អេ​ហ្ស៊ី​ប ហ្សកដានី ម៉ា​រ៉ុ​ក និង​ស៊ូដង់​ផង។  មនុស្ស​ជាច្រើន​នាក់​ដែល​ភាគច្រើន​ជា​ជន​ស៊ីវិល​ត្រូវបាន​គេ​ជឿជាក់ថា​បាន​ស្លាប់​ក្នុងការ​វាយប្រហារ​នេះ។ បើ​យោងតាម​ស្ថាប័ន​សិទ្ធិមនុស្ស ចំនួន​អ្នកស្លាប់​ក្នុងការ​វាយប្រហារ​រវាង​រដ្ឋ​អារ៉ាប់​និង ក្រុម​ឧទ្ទាម​ដែល​ដណ្តើម​អំណាច Houthisនោះ​កើត​ឡើងដល់​ជាង ៥០០នាក់ និង​រាប់ពាន់នាក់​ផ្សេងទៀត​រង​បួស​ផងដែរ។ មនុស្ស​ដេកស្លាប់រ​ណូ​ក​រណែល​តាមផ្លូវ​គួរអោយ​អាសូរ ប្រជាជន​ភាគច្រើន​កំពុងស្ថិត​ក្នុង​ភាពគ្រោះថ្នាក់ ដោយ​ការប្រយុទ្ធ​គ្នា​ផង និង​ដោយសារ​កង្វះខាត​ឱសថ​ប្រើប្រាស់​និង​ស្បៀងអាហារ​ចិ​ញ្ចិ​ម​ជីវិត​ផង។
បញ្ហា​គួរអោយ​ព្រួយបារម្ភ​បច្ចុប្បន្ន​នៅ​យេ​ម៉ែន​បច្ចុប្បន្ន​នោះ គឺ​មន្ទីរពេទ្យ​ប្រឈម​កង្វះខាត​ថ្នាំសង្កូវ​សម្រាប់​ព្យាបាល​អ្នករបួស​ក្នុងការ​ប្រយុទ្ធ​គ្នា​នេះ ដែរ​នេះ​បញ្ជាក់ថា​ជនរងគ្រោះ​ប្រឈមមុខ​នឹង​ការស្លាប់​បាត់បង់​ជីវិត​ដោយសារ​បញ្ហា​នេះ។ ចំណែក​ប្រជាជន​ក្រីក្រ​ជា​ជន​ស៊ីវិល​យេ​ម៉ែន​នោះ ក៏​កំពុង​រងទុក្ខវេទនា​ដោយសារតែ​ពួកគេ​ខ្វះខាត​ស្បៀងអាហារ និង​ជំរក​ស្នាក់នៅ​ដែលមាន​សុវត្ថិភាព។

១. រុស្ស៊ី​ស្នើសុំ​អោយ​បញ្ឈប់​ការទម្លាក់​គ្រាប់​ក្នុង​គោលការណ៍​មនុស្សធម៌
ដោយសារ​បញ្ហា​នៅ​យេ​ម៉ែន​កាន់តែ​ធ្ងន់ធ្ងរ​ឡើង បេសកជន​រុស្ស៊ី​ប្រចាំ​នៅ​ក្រុមប្រឹក្សាសន្តិសុខ​បានស្នើ​អោយមាន​កិច្ចប្រជុំ​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ​លើ​បញ្ហា​វិបត្តិ​យេ​ម៉ែន ដោយ​រុស្ស៊ី​ស្នើ​អោយមាន​ការដាក់​សម្ពាធ​អោយ​អា​រ៉ា​ប៊ី​សា​អូឌីត អោយ​ផ្អាក​ឬ​បញ្ឈប់​ការវាយប្រហារ​ផ្លូវអាកាស​ដើម្បី​ធានាថា​ប្រជាជន​រួចផុត​ពី​គ្រោះថ្នាក់​និង​ទទួលបាន​ជំនួយ​មនុស្សធម៌​ពី​ក្រុម​ភ្នាក់ងារ​មនុស្សធម៌​អន្តរជាតិ។ ទោះ​មានការ​ដ​ង្ហើ​យ​អោយ​ក្រុមប្រឹក្សាសន្តិសុខ​ដាក់​សម្ពាធ​លើ​រដ្ឋ​អារ៉ាប់​អោយ​ឈប់​ទម្លាក់​គ្រាប់បែក​ក៏ដោយ ក្រុមប្រឹក្សាសន្តិសុខ​មិនទាន់​ឯកភាព​លើ​សេចក្តីព្រាង​ដំណោះស្រាយ​របស់​រុស្ស៊ី​ទេ ដោយសារ​ក្រុម​រដ្ឋ​ឈូង​សមុទ្រ​ពែ​ក្យ​បានស្នើ​អោយមាន​ដំណោះស្រាយ​ដោយឡែក​ដាក់ទណ្ឌកម្ម​និង​បិទ​ការ​នាំចូល​សព្វាវុធ​រប​ស់​ក្រុម Houthis ផង។ យ៉ាងណាមិញ មិនមែន​តែ​រុស្ស៊ី​ទេ​ដែល​មើលឃើញ​ពី​គ្រោះមហន្តរាយ​មនុស្សជាតិ​នៅក្នុង​ប្រទេស​យេ​ម៉ែន ព្រោះ​កាលពី​ម្សិលមិញ​ភ្នាក់ងារ​កាកបាទក្រហម​អន្តរជាតិ​ក៏​ស្នើសុំ​អោយមាន​ការបញ្ឈប់​ការប្រយុទ្ធ ២៤ម៉ោង ដើម្បី​បើ​ផ្លូវ​អោយមាន​ការបញ្ជូន​ជំនួយ​មនុស្សធម៌​មួយចំនួន​ទៅ​តំបន់​រងគ្រោះ​ខ្លាំង។ យ៉ាងណាក៏ដោយ​ដំបូង​ខាង​ក្រុម​សម្ព័ន្ធ​ប្រទេស​ដែល​វាយប្រហារ​ក្រុម​ឧទ្ទាម Houthisថ្លែងថា​ជំនួយ​អាច​អនុញ្ញាត​អោយចូល​បាន​ក្នុង​កាលៈទេសៈ​សមស្រប​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយមក​ក៏​ឯកភាព​អោយមាន​ការបញ្ជូន​ស្បៀង​និង​ថ្នាំសង្កូវ​ខ្លះ​តាមរយៈ​យន្តហោះ​ពីរ​គ្រឿង។

២.រុស្ស៊ី​រង​ការចោទប្រកាន់ថា​បាន​ផ្គត់ផ្គង់​អាវុធ​ដល់​ក្រុម​ឧទ្ទាម
តាមពិតទៅ​រុស្ស៊ី ចិន និង​អ៊ីរ៉ង់​សុទ្ធ​តែមាន​ជំហរ​ប្រឆាំង​ការអន្តរាគមន៍​យោធា​នៅក្នុង​ប្រទេស​យេ​ម៉ែន​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត ប៉ុន្តែ​សហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត​ខ្លួន​គាំទ្រ​ការអន្តរាគមន៍​យោធា។ រដ្ឋ​អារ៉ាប់ និង​អង្គការសហប្រជាជាតិ​ចាត់ទុក​រដ្ឋាភិបាល​យេ​ម៉ែន​ដែល​និរទេស​ជា​រដ្ឋាភិបាល​ស្របច្បាប់ និង​ចាត់ទុក​ក្រុម​ឧទ្ទាម​ជា​ក្រុមប្រឆាំង​រដ្ឋាភិបាល​និង​បង្ក​គ្រោះថ្នាក់​ដល់​ប្រទេស។ កាលពី​ប៉ុន្មាន​ថ្ងៃមុន​ក្រុម​អ្នកគាំទ្រ​រដ្ឋាភិបាល​ប្រធានាធិបតី​ធ្លាក់​ពី​តំណែង​Abedrabbo Mansour Hadi បាន​ចោទប្រកាន់​ក្រុង​ម៉ូស្គូ​ថា រដ្ឋាភិបាល​នេះ​បាន​ឆ្លៀត​ប្រើប្រាស់​យុទ្ធនាការ​ជម្លៀស​ជនជាតិ​ខ្លួន​នៅ​យេ​ម៉ែន​ដើម្បី​ផ្គត់ផ្គង់​អាវុធ​អោយ​ក្រុម​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល។ អាវុធ​យុទ្ធ​ភ័​ណ្ឌ​ត្រូវបាន​រៀបចំ​ទុក​ក្នុង​យន្តហោះ​ស៊ីវិល​ដឹក​អ្នកដំណើរ ដើម្បី​ជួយ​ផ្គត់ផ្គង់​ដល់​ក្រុម​ឧទ្ទាម។ យ៉ាងណាក៏ដោយ រុស្ស៊ី​បាន​ទាត់ចោល​ការចោទប្រកាន់​នេះ ដោយ​បញ្ជាក់ថា​ខ្លួន​មិន​លូកដៃ​ចូលក្នុង​កិច្ចការ​ផ្ទៃក្នុង​យេ​ម៉ែន​ឡើយ ប៉ុន្តែ​រុស្ស៊ី​វាយប្រហារ​រដ្ឋមន្ត្រីការបរទេស​យេ​ម៉ែន​វិញ​ថា ការចោទប្រកាន់​រុស្ស៊ី​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ជាការ​បង្ករឿង​និង​ជា​កង្វះខាត​ការទទួលខុសត្រូវ​មួយ​ផងដែរ។ រុស្ស៊ី អ៊ីរ៉ង់​និង​ចិន ជារឿយៗស្នើអោយ​អា​រ៉ា​ប៊ី​សា​អូឌីត​បញ្ចប់​ការ​លូកលាន់​ករ​កូករ​កាយ​បញ្ហា​យេ​ម៉ែន​ដោយ​ប្រើប្រាស់​កម្លាំង​ទៀត ប៉ុន្តែ​ជំរុញអោយមាន​ការប្រើ​កា​រ​ពិភាក្សា​និង​វិធានការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិ​វី​ធី​ផ្សេងទៀត។

៣.អា​រ៉ា​ប៊ី​សា​អូឌីត​ស្នើសុំ​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​អោយ​ផ្តល់​ការអន្តរាគមន៍​យោធា
ខណៈពេលដែល​មានការ​អំពាវនាវ​អោយ​បញ្ចប់​ការវាយប្រហារ​តាមផ្លូវ​អាកាស រដ្ឋ​ភិ​បាល​ក្រុង​រី​យ៉ា​ដ បានស្នើ​សុំចំៗទៅ​រដ្ឋាភិបាល​ក្រុង​ឥស្លាម​បាត​អោយជួយ​ផ្តល់​អន្តរាគមន៍​យោធា​គាំទ្រ​ខ្លួន​និង​ប្រឆាំង​ក្រុម​ឧទ្ទាម Houthisថែម​ទៀតផង។ ក្រុង​រី​យ៉ា​ដ​កំពុង​ប្រឹង​ទាញ​មហាអំណាច​នុយក្លេអ៊ែរ​អាស៊ី​ខាងត្បូង​ប៉ា​គី​ស្ថាន​អោយចូល​ប្រឡូក​ក្នុង​ស​ង្គ្រ​ម​អ៊ីរ៉ង់ និង​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​យេ​ម៉ែន​ផង ។ គ្មានអ្វី​ចម្លែក​ទេ​ដែល​អា​រ៉ា​ប៊ី​សា​អូឌីត​ស្នើសុំ​ជំនួយ​ពី​ក្រុង​ឥស្លាម​បាត ព្រោះ​ភាគច្រើន​នៃ​ប្រជាជន​ប៉ា​គី​ស្ថាន​ជា​ជនជាតិ​ឥស្លាម​ប្រកាន់​និកាយ​ស៊ូ​នី​ដូច​រដ្ឋ​អារ៉ាប់​ផ្សេងទៀត​ដែរ​ហើយ​ប៉ា​គី​ស្ថាន​នេះ​ក៏​ប្រឆាំង​ក្រុម Houthisដែលជា​ក្រុម​ប្រកាន់​ស៊ី​អ៊ី​ត​ផង។ បច្ចុប្បន្ន​ប៉ា​គី​ស្ថាន​កំពុង​ជជែក​ដេញដោល​ក្នុង​រឿង​អន្តរាគមន៍​ក្រោយ​មានការ​ស្នើ​ពី​នាយករដ្ឋមន្ត្រី​Nawaz Sharif ប៉ុន្តែ​ការចូលរួម​របស់​ប៉ា​គី​ស្ថាន​វា​មិនមែនជា​ជម្រើស​ល្អ​នោះឡើយ​ក្នុងការ​បញ្ចប់​ជម្លោះ​យេ​ម៉ែន។

៤. អា​រ៉ា​ប៊ី​សា​អូឌីត​និង​អ៊ីរ៉ង់​ត្រូវ​ដក​ដៃ ទុកអោយ​ភាគី​ជម្លោះ​ផ្តើម​ចរចា​គ្នា
ជម្លោះ​ប្រដាប់អាវុធ​យេ​ម៉ែន​លែង​ជា​ជម្លោះ​នយោបាយ​ក្នុងប្រទេស​ធម្មតា​ទៀតហើយ ប៉ុន្តែ​វា​ជា​សង្គ្រាម​រវាង​មហាអំណាច​តំបន់​ម្ខាង​គាំទ្រ​រដ្ឋ​ឥស្លាម​និកាយ​ស៊ូ​នី (អា​រ៉ា​ប៊ី​សារ​អូឌីត) ម្ខាង​គាំទ្រ​ដោយ​រដ្ឋ​ឥស្លាម​ប្រកាន់​និកាយ​ស៊ី​អ៊ី​ត (អ៊ីរ៉ង់)។ ការបញ្ចប់​វិបត្តិ​នៅ​យេ​ម៉ែន​ជា​រឿង​ស្មុគស្មាញ​ប៉ុន្តែ​វា​មិន​លំបាក​ខ្លាំង​ឡើយ។ ឬ​សគល់​នៃ​ជម្លោះ​នយោបាយ​ផ្តើមចេញពី​ការបែងចែក​អំណាច​ក្នុងប្រទេស​ប៉ុណ្ណោះ ដូច្នេះ​ដើម្បី​អាច​បញ្ចប់​ជម្លោះ​បាន​មហាអំណាច​នៅ​ពីក្រោយ​ភាគី​ជម្លោះ​គួរ​ដក​ដៃ​ចេញ អនុញ្ញាតអោយ​ក្រុម​ឧទ្ទាម និង​រដ្ឋាភិបាល​លោក Hardiចរចា​គ្នា​លើ​ការដឹកនាំ​និង​ចែករម្លែក​អំណាច​ឡើងវិញ។ ផ្ទុយទៅវិញ​មហាអំណាច​ពិភពលោក តំបន់​ក្តី និង​អង្គការ​អន្តរជាតិ​ក្តី​ត្រូវដាក់​សម្ពាធ និង​ជំរុញ​ភាគ​ជម្លោះ​អោយចូល​តុ​ចរចា​ជាង​ជាង​ប្រើ​កម្លាំង​ប្រឆាំង​គ្នា។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុម​ឧទ្ទាម​បានបង្ហាញ​ជំហរ​ចង់​ចរចា​ជាមួយ​រដ្ឋាភិបាល កាលណា​បើ​អា​រ៉ា​ប៊ី​សា​អូឌីត​ឈប់​ទម្លាក់​គ្រាប់​ប្រឆាំង​ខ្លួន​នោះ៕


© រក្សាសិទ្ធិដោយ thmeythmey.com