អន្តរជាតិ
បុរស​ម្នាក់​ចំណាយ​ជាង៨ម៉ឺន​ដុល្លារ​ដើម្បី​ចុះផ្សាយ​លិខិត​សុំទោស​មិត្តស្រី​លើ​ទំព័រ​កាសែត
06, Apr 2015 , 7:45 pm        
រូបភាព
ដោយ:

បុរស​ជនជាតិ​ចិន​ម្នា​ក់បាន​ចំណាយ​ប្រាក់​យ៉ាងច្រើន ដើម្បី​ចុះផ្សាយ​លិខិត​សុំ​អភ័យទោស ចំពោះ​មិត្តស្រី​របស់គាត់​នៅក្នុង​កាសែត​ដ៏​ល្បី​មួយ​ក្នុង​ទីក្រុង​ប៉េកាំង ក្នុង​បំណង​ចង់យក​ឈ្នះ​លើ​បេះដូង​របស់​មិត្តស្រី នៅក្នុង​ខួប​នៃ​ការស្រលាញ់គ្នា​របស់​ពួកគេ។



បុរស​ម្នាក់នេះ​បាន​ចំណាយ​ប្រាក់​សម្រាប់​ការចុះ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដើម្បី​សុំទោស​មិត្តស្រី​របស់គាត់​ចំនួន ៤ ទំព័រ​នៅក្នុង​កាសែត Beijing Youth Daily ដែលជា​កាសែត​ដ៏​ល្បី​មួយ​ក្រុង​ប៉េកាំង ដែល​បានចេញ​ផ្សាយ​កាល​ថ្ងៃទី២ ខែមេសា​កន្លងទៅនេះ។

នៅក្នុង​ទំព័រ​ទីមួយ​គឺមាន​រូបថត​រប​ស់បុ​រស​ម្នាក់នេះ​និង​មិត្តស្រី​របស់គាត់​និង​នៅលើ​ទំព័រ​មួយទៀត​គឺ​លិខិត​សុំទោស​មួយ​ដែល​បាន​សរសេរ​ជា​ភាសា​អង់គ្លេស។ ចំណែកឯ​ពីរ​ទំព័រ​បន្ទាប់​ទៀត គឺ​មានតែ​បោះពុម្ព​ជា​ពាក្យ​ខ្លី​មួយ​ឃ្លា​ដែល​សរសេរថា «ខ្ញុំ​ទុក​ពីរ​ទំព័រ​នេះ​ឲ្យ​នៅ​ទទេ​ព្រោះ​ខ្ញុំ​មិនដឹង​ត្រូវ​សរសេរ​អ្វី​ទៀត​នោះទេ»។

តម្លៃ​នៃ​ចុះផ្សាយ​លិខិត​សុំទោស​មិត្តស្រី​របស់​បុរស​ម្នាក់នេះ នៅក្នុង​កាសែត​ចំនួន ៤ ទំព័រ​ខាងលើ​នោះ ត្រូវបាន​ភ្នាក់ងារ​ផ្សាយពាណិជ្ជកម្ម​បាន​ទម្លាយ​ឲ្យ​ដឹងថា គឺ​វា​មានតម្លៃ​ចាប់ពី ជាង ៨ ម៉ឺន​ទៅ ៩,៦ ម៉ឺន​ដុល្លារ។បុរស​ម្នាក់នេះ ចង់​ឈ្នះ​មិត្តស្រី​របស់គាត់​បន្ទាប់ពី​មាន​បញ្ហា​ឈ្លោះ​គ្នា​កាលពីពេលថ្មីៗកន្លងទៅ ហើយ​ការ​សុំទោស​នេះ​គឺ​បាន​ធ្វើឡើង​ក្នុងឱកាស គម្រប់​ខួប​បី​ខែ​នៃ​ស្នេហា​របស់​ពួកគេ៕


© រក្សាសិទ្ធិដោយ thmeythmey.com