ជាតិ
សុខភាព
អាហារ​គ្មាន​សុវត្ថិភាព​សម្លាប់​មនុស្ស២លាន​នាក់​រៀងរាល់ឆ្នាំ
09, Apr 2015 , 5:57 pm        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល
ដោយ: ថ្មីៗ

ភ្នំពេញ៖ ក្រសួងសុខាភិបាល និង អង្គការ​សុខភាព​ពិភពលោក​ប្រកាស​ព័ត៌មាន​រួមគ្នា​កាលពី​រសៀល ថ្ងៃទី០៧ ខែមេសា​កន្លងមក នៅ​វិទ្យាស្ថាន​ជាតិ​សុខាភិបាល​សាធារណៈ ស្តីពី​សុវត្ថិភាព​ចំណីអាហារ។  សេចក្តីប្រកាស​ព័ត៌មាន​រួមគ្នា​នេះ​បានធ្វើ​ឡើង​ស្រប​ពេលដែល​អាហារ​គ្មាន​សុវត្ថិភាព​បានសម្លាប់​ម​នុស្ស​ប្រមាណ​ជា២លាន​នាក់​ក្នុងមួយឆ្នាំ។



សេចក្តីប្រកាស​ព័ត៌មាន​រួមគ្នា​របស់​ក្រសួង​សុខា​ភិ​បាន និង​អង្គការ​សុខភាព​ពិភពលោក (WHO)  កាលពី​រសៀល​ថ្ងៃទី០៧ ខែមេសា កន្លងមក នៅក្នុង​ទិវា​សុខភាព​ពិភពលោក​នៅ​កម្ពុជា​ឆ្នាំ២០១៥ បានសរសេរថា ការ​លើកយក​ប្រធានបទ​ស្តីពី«ពី​កសិដ្ឋាន​ដល់​តុ​បរិភោគ» នឹងធ្វើ​ឱ្យ​អាហារ​មាន​សុវត្ថិភាព​សម្រាប់​អ្នក​បរិភោគ។ ម្យ៉ាងទៀត សេចក្តីប្រកាស​ព័ត៌មាន​នេះ​មាន​គោលបំណង​ជម្រាប​ប្រាប់​អ្នក​ដែល​ធ្វើការ​នៅក្នុង​វិស័យខុសៗគ្នា ដូចជា មន្ត្រី កសិករ ផលិតករ អ្នក​លក់រាយ អ្នក​ប្រកប​ជីវ​វេជ្ជសាស្ត្រ ក៏ដូចជា​អតិថិជន អោយ​យល់ដឹង​អំពី​សារៈសំខាន់​នៃ​សុវត្ថិភាព​ចំនីអាហារ ដើម្បី​ធានាថា ម្ហូបអាហារ​នៅលើ​តុ​របស់​យើង​គ្រប់គ្នា​មាន​សុវត្ថិភាព​សម្រាប់​បរិភោគ។

របាយការណ៍​ដដែល​ក៏បាន​បញ្ជាក់ទៀតថា ជា​រៀងរាល់ឆ្នាំ នៅ​ទូទាំង​ពិភពលោក អាហារ​គ្មាន​សុវត្ថិភាព​បាន​បង្ក​អោយ​ឱ្យ​មនុស្ស​ស្លាប់បាត់​បង់ជីវិត​ប្រមាណ ២លាន​នាក់​ជា​រៀងរាល់ឆ្នាំ និង​ជា​មូលហេតុ​នៃ​ការស្លាប់​ទី​ពីរ​សម្រាប់​កុមារ​មាន​អាយុ​ក្រោម៥ឆ្នាំ។ អាហារ​ដែលមាន​បាក់តេរី វីរុស ប៉ារ៉ាស៊ីត ឬ​ជាតិគីមី​បង្ករ​ឱ្យមាន​ជំងឺ​ជាង២០០មុខ រាប់​ចាប់តាំងពី​ជំងឺរាក​រហូតដល់​ជំងឺមហារីក។

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក ម៉ម ប៊ុនហេង បាន​ថ្លែង​នៅក្នុង​ទិវា​អបអរ​សុខភាព​ពិភពលោក​ដែល​ប្រារព្ធ​ក្រោម​ប្រធានបទ​សុវត្ថិភាព​ចំណីអាហារ កាលពី​ថ្ងៃទី៧ខែមេសា​ថា ការ​ប្រារព្ធ​ទិវា​អបអរសាទរ​នេះ​ធ្វើឡើង​នៅក្នុង​គោលបំណង​ផ្តោត​សំខាន់​ទៅលើ​សុវត្ថិភាព​ចំណីអាហារ​នៅក្នុង​ខ្សែសង្វាក់​ផលិតកម្ម​ចំណីអាហារ​ទាំងមូល​នៅក្នុង​សម័យ​សកល​ភា​វូប​នី​កម្ម​ចាប់តាំងពី​ការផលិត និង​ការដឹក​ជ​ញ្ជួ​ន​រហូត​ដល់ពេល​ចម្អិន និង​ការបរិភោគ។

ទន្ទឹមគ្នា​នេះដែរ លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ម៉ម ប៊ុនហេង បាន​ថ្លែង​ស្របតាម​គោលការណ៍​ស្តីពី​សុវត្ថិភាព​ចំណីអាហារ​របស់​អង្គការ​សុខភាព​ពិភពលោក​ថា បុគ្គល​គ្រប់រូប នៅក្នុង​ក្រុមគ្រួសារ​គប្បី​អនុវត្ត​វិធាន​មួយចំនួន​ដើម្បីឱ្យ​អាហារ​មាន​សុវត្ថិភាព មាន​សុខ​ភាពល្អ ដូចជា រក្សា​អាហារ​ឱ្យ​ស្អាត​ជានិច្ច ទុកដាក់​អាហារ​ឆៅ​និង​ឆ្អិន​ដាច់ដោយឡែក​ពីគ្នា ចម្អិន​អាហារ​ឱ្យបាន​ឆ្អិន​ល្អ ទុកដាក់​អាហារ​នៅក្នុង​កន្លែង​មាន​សុវត្ថិ​ភាពល្អ​ត្រឹមត្រូវ អាហារ​ត្រជាក់​ក្រោម ៥អង្សារ និង​អាហារ​ក្តៅ​ឱ្យបាន​លើសពី ៦០អង្សារ និង​ប្រើប្រាស់​ទឹកស្អាត​និង​វត្ថុធាតុដើម​ដែលមាន​សុវត្ថិ​ភាពល្អ៕

លោក ម៉ៅ សំណាង



© រក្សាសិទ្ធិដោយ thmeythmey.com