ជាតិ
សង្គមជាតិ
ខ្មែរឥស្លាម​ជាច្រើន​បង្ហាញ​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត
15, Apr 2015 , 2:46 pm        
រូបភាព
សៀមរាប៖ មិនមែន​មានតែ​ប្រជាពលរដ្ឋ​ខ្មែរ​ដ៏​ច្រើន​កុះករ​នោះ ដែល​បានមក​កម្សាន្ត​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដែល​រៀបចំឡើង​នៅ​ខេត្តសៀមរាប ក្នុងនោះ​ខ្មែរឥស្លាម ដែល​គេ​ស្គាល់​ថា កាន់សាសនា​ខុសពី​ប្រជាពលរដ្ឋ​ខ្មែរ​នោះ ក៏បាន​បង្ហាញ​វត្តមាន​ច្រើន ក្នុង​ពិធី​នេះ​ផងដែរ។ ខ្លះ​មកជា​មិត្តភក្តិ និង​ខ្លះទៀត មកជា​លក្ខណៈ​ក្រុមគ្រួសារ ហើយ​ពួកគេ​បានបង្ហាញ​ពី​ទឹក​សប្បាយរីករាយ ក្នុង​កម្មវិធី​សង្ក្រាន្ត។



មិន​ថា​នៅមុខ​អង្គរវត្ត បាយ័ន ឫ​លានជល់ដំរី ជារួម​ក្នុង​បរិវេណ​ទីតាំង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត គេ​សង្កេតឃើញ​មាន​ខ្មែរឥស្លាម បាន​ចូលរួម​ក្នុង​កន្លែង​កម្សាន្តផ្សេង។ មាន​ទាំង​ក្មេង ទាំងចាស់ ជា​លក្ខណៈ​មិត្តភក្តិ និង​គ្រួសារ ពួកគេ​ទាំងនោះ​មកពី​បណ្តា​ខេត្តផ្សេងៗ មាន​ភ្នំពេញ កំពង់ធំ កំពង់ចាម និង​បាត់ដំបង​ជាដើម។ នេះ​បើតាម​ការសាកសួរ​ពី​ពួកគាត់។

ក្នុងភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ដែល​គេ​ស្គាល់​ថា មាន​ភូមិ​ឥស្លាម​មួយកន្លែង​នោះ នៅពេល​ព្រឹក​មាន​ឡាន​អ្នកដំណើរ​ជា​ខ្មែរឥស្លាម​ជាច្រើន បាន​ចូល​ចត ដើម្បី​ទិញ​អាហារ សម្រាប់​ដំណើរ​កម្សាន្ត​ពួកគេ​ពេញ​មួយថ្ងៃ។ អ្នកភូមិ​ខ្លះ​លាន់មាត់​ថា ហេតុអ្វី​មាន​ខ្មែរឥស្លាម​ដើរ​ច្រើន​ម្លេះ​នៅ​ឆ្នាំនេះ៕


© រក្សាសិទ្ធិដោយ thmeythmey.com