អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រុស្ស៊ី​បញ្ជូន​មី​ស៊ី​ល​ទៅ​ស៊ី​រី បើ​អ៊ីស្រាអែល​ហ៊ាន​លក់​អាវុធ​អោយ​អ៊ុយ​ក្រែ​ន
20, Apr 2015 , 5:18 pm        
រូបភាព

រដ្ឋាភិបាល​រុស្ស៊ី​បាន​ព្រមាន​អ៊ីស្រាអែល​ពី​ផលវិបាក ក្រោយ​ពេលដែល​អ៊ីស្រាអែល​ចង់​លក់​អាវុធ​ទៅអោយ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន។ តាមពិតទៅ​អ៊ីស្រាអែល​ប៉ង​លក់​អាវុធ​អោយ​អ៊ុយ​ក្រែ​ន ដោយ​ផ្គើន​រុស្ស៊ី​ដែល​បាន​ដក​ការហាមឃាត់​ការលក់​អាវុធ និង​ត្រៀម​បញ្ជូន​ប្រព័ន្ធ​មី​ស៊ី​ល​S-300ទៅអោយ​សត្រូវ​ខ្លួន​រដ្ឋាភិបាល​ក្រុង​តេ​អ៊ីរ៉ង់​កាលពី​សប្តាហ៍​មុន។ អ៊ីស្រាអែល​មិន​សប្បាយចិត្ត​ទាល់តែសោះ​នៅពេលដែល​រុស្ស៊ី​ធ្វើបែបនេះ ព្រោះ​បើ​អ៊ីរ៉ង់​បាន​ប្រព័ន្ធ​ការពារ​ដែនអាកាស​ពី​រុស្ស៊ី យន្តហោះ​អ៊ីស្រាអែល​មិន​សង្ឃឹមថា​ចូល​ដី​អ៊ីរ៉់ង​ចុះ​ឡើយ។


សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ៖



ក្រោយពី​អន់ចិត្ត​រឿង​រុស្ស៊ី​ចាប់ផ្តើម​ផ្គត់ផ្គង់​សព្វាវុធ​ទៅអោយ​រដ្ឋាភិបាល​អ៊ីរ៉ង់​ដែលជា​សត្រូវ​ខ្លួន អ៊ីស្រាអែល​ចេញមុខ​ប្រកាស​លក់​សព្វាវុធ​ទៅអោយ​ក្រុង​គៀវ​ដែល​កំពុង​ស្ថិតក្នុង​ជម្លោះ​ជាមួយ​ក្រុម​ឧទ្ទាម​ភាគ​ខាងកើត​គាំទ្រ​រុស្ស៊ី។ មិនមែនជា​រឿង​ចម្លែក​ទេ​ដែល​អ៊ីស្រាអែល​ចាំបាច់​ធ្វើបែបនេះ ព្រោះ​អ៊ីស្រាអែល​ចង់​ផ្គើន​រុស្ស៊ី​ដែល​ហ៊ាន​ដក​ការហាមឃាត់​ការនាំ​សព្វាវុធ​ទៅអោយ​អ៊ីរ៉ង់​កាលពី​សប្តាហ៍​មុន។ អ៊ីស្រាអែល​តឹងតែង​អារម្មណ៍​កាន់​ខ្លាំង​ដោយសារ​កា​រស​ម្រ​ច​ចិត្ត​លោក ពូ​ទីន ណាមួយ​ទើប​កើតទុក្ខ​មិន​សុខចិត្ត​រឿង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​រវាង​មហាអំណាច៥បូក​មួយ​ជាមួយ​អ៊ីរ៉ង​កាលពីថ្មីៗនេះ​ផង។

ក្រោយ​រុស្ស៊ី​ប្រកាស​ដក​ការហាមឃាត់​ការលក់​អាវុធ​ទៅ​អ៊ីរ៉ង់ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក បេន ចា​មិន ណេ​តាន់​យ៉ា​ហ៊ូ ប្រញាប់ប្រញាល​ទូរស័ព្ទ​ទៅ​លោកពូ​ទីន ដើម្បី​បញ្ចុះបញ្ចូល​លោក ពូ​ទីន កុំអោយ​ផ្តល់​ប្រព័ន្ធ​ការពារ​ដែនអាកាស​ទៅកាន់​អ៊ីរ៉ង់ ដោយ​លើក​មូល​ហេតុថា វា​នឹង​អាច​គំរាមកំហែង​សន្តិសុខ​អ៊ីស្រាអែល និង​ស្ថិរភាព​តំបន់​មជ្ឈិមបូព៌ា​ទាំងមូល។ អ៊ីស្រាអែល​ដាក់​ការសង្ស័យថា ប្រព័ន្ធ​ការពារ​អាកាស​ជួយ​អោយ​អ៊ីរ៉ង់​ក្រអឺត​ក្រ​ទោម​កាន់តែខ្លាំង​នៅ​មជ្ឈិមបូព៌ា ហើយ​អ្វីដែល​អ៊ីស្រាអែល​ព្រួយបារម្ភ​ខ្លាំង​គឺ អ៊ីរ៉ង់​អាច​ពង្រឹង​ឥទ្ធិពល​យោធា​ខ្លួន​ព្រមទាំង​ផលិត​អាវុធ​នុយក្លេអ៊ែរ​ផង។

យ៉ាងណាក៏ដោយ ទោះជា​អ៊ីស្រាអែល​ប្រឹង​បញ្ចុះបញ្ចូល​លោក ពូ​ទីន​ប៉ុណ្ណា​ក៏ដោយ ក៏​មិនមាន​អ្វី​ផ្លាស់ប្តូ​រដែរ គម្រោង​បញ្ជូន​អាវុធ​នឹងធ្វើ​ឡើង​ចុងឆ្នាំ​នេះ។ លោកពូ​ទីន​ព្យាយាម​ពន្យល់ ណេ​តាន់​យ៉ា​ហ៊ូ ថា​មី​ស៊ី​ល​រុស្ស៊ី​ផ្តល់អោយ​អ៊ីរ៉ង់ នឹងមិន​ត្រូវ​ប្រើប្រាស់​ដើម្បី​គំរាមកំហែង​រដ្ឋ​ណាមួយ​ទេ តែ​វា​នឹង​ប្រើប្រាស់​ក្នុងន័យ​ការពារ​ខ្លួន​តែប៉ុណ្ណោះ។ដូច្នេះ អ៊ីស្រាអែល​មិនគួរ​បារម្ភ​ឡើយ។ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​ក៏​ឆ្លៀត​បញ្ជាក់ថា កិច្ចព្រមព្រៀង​បឋម​រវាង​អ៊ីរ៉ង់​និង​មហាអំណាច ៦ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ បញ្ជាក់​ច្បាស់​ថា រុស្ស៊ី​លែង​ត្រូវការ​ការហាមឃាត់​ការនាំចេញ​អាវុធ​ទៅកាន់​អ៊ីរ៉ង់​ទៀតហើយ ហើយ​អាវុធ​ទាំងនេះ​ក៏​នឹងត្រូវ​យកទៅ​ប្រើប្រាស់​ក្នុងន័យ​ស្វ័យការពារ​ដែរ។

ប៉ុន្តែ​ទោះជា​រុស្ស៊ី​ព្យាយាម​បកស្រាយ​ដូច្នេះ​ក៏ដោយ អ៊ីស្រាអែល​ដឹង​ជាស្រេច​ថា បើកាលណា​មី​ស៊ី​ល S-300ធ្លាក់​ក្នុង​ដៃ​អ៊ីរ៉ង់ ទ័ពអាកាស​អ៊ីស្រាអែល​ពិបាក​ចូល​ដី​អ៊ីរ៉ង់ បើ​មាន​អន្តរាគមន៍​យោធា​នាពេលខាងមុខ ករណី​ចូល​បំផ្លាញ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់។  គួរបញ្ជាក់​បន្តិច​ថា ប្រព័ន្ធ​ការពារ​អាកាស S-300 ផលិត​ដោយ​រុស្ស៊ី​នេះ​មានអំណាច​ខ្លាំង​ក្នុងការ​ប្រឆាំង​យន្តហោះ​ចម្បាំង ហើយ​ការបញ្ជូន​អាវុធ​នេះ​ទៅអោយ​អ៊ីរ៉ង់​ធ្វើឡើង​តាម​កិច្ចព្រមព្រៀង​ទិញ​លក់​សព្វាវុធ​ដែល​ភាគី​ចុះ​រួមគ្នា​កាលពី​ឆ្នាំ២០០៧កន្លងមក​ប៉ុណ្ណោះ។

ខណៈពេលដែល​រដ្ឋាភិបាល​ក្រុង​ជេ​រ៉ូ​សា​ឡិ​ម ត្រៀម​នាំចេញ​សព្វាវុធ​សម្លាប់​មនុស្ស​បាន ទៅកាន់​ក្រុង​គៀវ ក្រុង​ម៉ូស្គូ​ព្រមាន​ជាស្រេច​ទៅហើយ​ពី​ផល​អវិជ្ជមាន​ដែល​អាច​នឹង​កើតមានឡើង​នាពេលខាងមុខ។ ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​សង្កត់ធ្ងន់ថា ការសម្រេចចិត្ត​បញ្ជូន​អាវុធ​យុទ្ធ​ភ័​ណ្ឌ​ទៅកាន់​ទីក្រុង​គៀវ​នោះ ជា​ជម្រើស​របស់​ក្រុង​ជេ​រ៉ូ​សា​ឡិ​ម​ប៉ុណ្ណោះ ប៉ុន្តែ​លោក​បាន​ព្រលយ​ពាក្យ​ថា ទង្វើ​នេះ​នឹងធ្វើ​អោយ​បញ្ហា​កាន់តែ​ធ្ងន់ ជន​ស៊ីវិល​ស្លាប់​កាន់​ច្រើន ហើយ​គំរាមកំហែង​ដល់​ដំណើរ​ស្វែងរក​សន្តិភាព​នៅ​អ៊ុយ​ក្រែ​ន​ថែមទៀត។ រដ្ឋាភិបាល​ក្រេ​ម​ឡាំង​មិន​ចង់អោយមាន​ការផ្គត់ផ្គង់​សព្វាវុធ​ទៅកាន់​អ៊ុយ​ក្រែ​ន​ឡើយ ព្រោះ​គេ​ដឹង​ស្រាប់​ហើយ​ថា​សព្វាវុធ​ថ្មី​របស់​អ៊ីស្រាអែល​អាចជួយ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​មានប្រៀប​លើ​ក្រុម​ឧទ្ទាម​ដែល​គាំទ្រ​ខ្លួន​នៅ​ភាគ​ខាងកើត។ ប៉ុន្តែ​វា​ប្រាកដ​ណាស់​ថា ការផ្គត់ផ្គង់​សព្វាវុធ​ក្នុង​ជម្លោះ​អ៊ុយ​ក្រែ​ន​ជា​កំហុសឆ្គង​មួយ​ផងដែរ។ គួរ​រំលឹក​បន្តិច​ថា អ៊ុយ​ក្រែ​នរ​ត់ទៅ​ទិញ​អាវុធ​ពី​អ៊ីស្រាអែល ក្រោយពេល​អាមេរិក​ស្ទាក់ស្ទើរ​ក្នុង​យល់ព្រម​ផ្តល់​អាវុធ​ទៅអោយ​ខ្លួន​កាលពីថ្មីៗកន្លងទៅនេះ។ ថ្វីត្បិតតែ​អាមេរិក​ដើរតួនាទី​សំខាន់​ក្នុង​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​ក៏ពិតមែន តែ​អាមេរិក​មិនទាន់​ហ៊ាន​បញ្ជូន​សព្វាវុធ​សម្លាប់​មនុស្ស​បានជា​សាធារណៈ​ទៅអោយ​អ៊ុយ​ក្រែ​ន​ដែរ ដ្បិតថា​វា​អាច​នឹង​ជំរុញ​អោយ​ជម្លោះ​រីក​កាន់តែ​ធំ​ឡើង ណាមួយ​សម្ព័ន្ធមិត្ត​អាមេរិក​អឺរ៉ុប​ក៏​ព្រមាន​ពី​លទ្ធផល​អវិជ្ជមាន​នៃ​ការផ្តល់​អាវុធ​ទៅ​អ៊ុយ​ក្រែ​ន​ដែរ។

ត្រលប់​មកវិញ បើសិនជា​អ៊ីស្រាអែល​មិន​ស្តាប់​ហេតុផល រដ្ឋាភិបាល​រុស្ស៊ី ដោយ​ចចេស​បន្ត​ផ្តល់​អាវុធ​ដល់​អ៊ុយ​ក្រែ​ន រដ្ឋាភិបាល​លោក ពូ​ទីន ក៏​ប្រហែលជា​សម្លឹង​ឃើញ​វិធី​គំរាម​អ៊ីស្រាអែល​មួយទៀត។ វិធីសាស្ត្រ​នោះ​គឺ​លក់​ប្រព័ន្ធ​ការពារ​ដែន​ការ​ប្រភេទ​ដដែល​នេះ​ទៅអោយ​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស​វិញ​ម្តង។ មិនមែនជា​រឿង​សាមញ្ញ​ប៉ុន្មាន​ទេ បើសិនជា​រុស្ស៊ី​ហ៊ាន​លក់​អាវុធ​ប្រភេទ​នេះ​ទៅអោយ​រដ្ឋាភិបាល​លោក អាសាដ ព្រោះ​វា​នឹង​ជួយ​ការពារ​រដ្ឋាភិបាល​អាសាដ​ពី​ការវាយប្រហារ​ផ្លូវអាកាស​ណាមួយ​ក្នុងពេល​ខាងមុខ។ គេ​ហ៊ាន​សន្និដ្ឋាន​បែបនេះ​ក៏ដោយ​សារ កាលពី​ថ្ងៃ​សុក្រ ប្រមុខរដ្ឋ​រុស្ស៊ី​មិនបាន​ឆ្លើយតប​សំណួរ​ដែលថា តើ​រុស្ស៊ី​នឹងមិន​ផ្គត់ផ្គង់​អាវុធ​ដូចគ្នា​ទៅកាន់​ស៊ី​រី​តាម​ការស្នើ​របស់​អ៊ីស្រាអែល​ដែល​ឬ​យ៉ាងណា។ នេះ​មានន័យថា ការផ្តល់​អាវុធ​ទៅ​ស៊ី​រី វា​នឹង​ក្លាយជា​វិធីសាស្ត្រ​ដើម្បី​គំរាម​ក្រុង​ជេ​រ៉ូ​សា​ឡិ​ម របស់លោក ពូ​ទីន ដើម្បី​ធានាថា អ៊ីស្រាអែល​នឹងមិន​ផ្តល់​អាវុធ​ទៅ​អ៊ុយ​ក្រែ​ន​ឡើយ៕





© រក្សាសិទ្ធិដោយ thmeythmey.com