ជាតិ
មកុដ​មាស​រក្សាទុក​នៅ​កន្លែង​មាន​សុវត្ថិភាព​ស្របតាម​គោល​ការ​ណ៍​នៃ​ការអភិរក្ស
28, Apr 2015 , 10:57 am        
រូបភាព
ដោយ: រួបរួម

អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ថ្ងៃទី២៨ខែមេសា​បាន​អះអាងថា​មកុដ​មាស​ដែល​រកឃើញ​ពី​ការធ្វើ​កំណាយ​ស្រាវជ្រាវ​នៅ​ប្រាសាទតាព្រហ្ម​ត្រូវបាន​រក្សាទុក​ត្រឹមត្រូវ​ពោលគឺ​មិនមាន​ការឃុបឃិត​លួច​លក់​ដូច​ការចោទប្រកាន់​នោះឡើយ។


កាលពី​ខែមីនា​ឆ្នាំ២០១២ស្ថាប័ន​ឥណ្ឌា​Archaeological Survey of India (ASI) ដែល​កំពុងធ្វើការ​អភិរក្ស​ជុស​ជុល​ប្រាសាទតាព្រហ្ម​ក្រោម​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​បានធ្វើ​កំណាយ​ស្រាវជ្រាវ​ប្រទះឃើញ​ក​មុដ​ឬ​ភ្នួ​ង​សក់​ធ្វើ​ពី​មាស។វត្ថុ​សិល្បៈ​នេះ​ត្រូវបាន​អ្នក​បុរាណវិទ្យា​ចាត់ទុកថា​មានតម្លៃ​ដ៏​កម្រ​ជួបប្រទះ​ក្នុង​ប្រវត្តិ​នៃ​សិល្បៈ​ខ្មែរ។

«ភ្លាមៗនោះ​ស្ថាប័ន​ឥណ្ឌា​និង​អាជ្ញាធរ​ជាតិ​អប្សរា​ក៏បាន​ធ្វើការ​សិក្សា​និង​លាង​សម្អាត​តាម​បច្ចេកទេស​របស់​អ្នក​អភិរក្ស​វត្ថុ​បុរាណ​ក្រោម​ការដឹកនាំ​និង​ចាត់ចែង​ផ្ទាល់​របស់​ឯកឧត្តម​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា»។នេះ​ជាការ​បញ្ជាក់​របស់​ស្ថាប័ន​អភិរក្ស​តំបន់​អង្គរ។

រយៈពេល​ចុងក្រោយ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​បាន​ចោទប្រកាន់ថា​អាជ្ញាធរ​អប្សរា​និង​ក្រុម​ASI របស់​ឥណ្ឌា​បាន​ឃុបឃិត​គ្នា​លាក់បាំង​និង​លួច​លក់​របស់​ដ៏​មានតម្លៃ​មិន​កាត់ថ្លៃ​បាន​នេះ។ឆ្លើយតប​នឹង​ការចោទប្រកាន់​អាជ្ញាធរ​អប្សរា​បាន​រំលឹកថា​ខ្លួន​បានប្រកាស​ប្រាប់​សារ​ធារ​ណ​ជន​ដោយ​ឥត​លាក់បាំង​ក្រោយ​ការប្រទះឃើញ​វត្ថុ​ដ៏​មានតម្លៃ​នេះ។

ស្ថាប័ន​ដែល​ដឹកនាំ​ដោយ​លោក​ប៊ុន​ណា​រិ​ទ្ធ​បាន​បន្ថែមថា៖ «មិនតែប៉ុណ្ណោះ​ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​កាលពី​ឆ្នាំ២០១២អាជ្ញាធរ​ជាតិ​អប្សរា​ក៏បាន​រៀបចំ​តាំង​ពិ​ព័ណ៌​មួយ​នៅ​វាល​ព្រះមេរុ​រាជធានី​ភ្នំពេញ​ហើយ​រូបភាព​របស់​មកុដ​ឬ​ភ្នួ​ង​សក់​នេះ​ក៏បាន​ដាក់តាំង​បង្ហាញ​ថ្វាយ​ព្រះមហាក្សត្រ​បាន​ទត​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ព្រមទាំង​សាធារណជន​ទូទៅ​បាន​ទស្សនា​ដោយ​មិន​មានការ​លាក់បាំង​អ្វី​ឡើយ»។

ដោយ​មិនបាន​បញ្ជាក់​ពី​ទីតាំង​ច្បាស់លាស់​អាជ្ញាធរ​ជាតិ​អប្សរា​បាន​អះអាងថា៖ «បច្ចុប្បន្ននេះ​វត្ថុ​ដ៏​មានតម្លៃ​នេះ​ត្រូវបាន​រក្សាទុក​នៅ​កន្លែង​មាន​សុវត្ថិភាព​ស្របតាម​តាម​គោលការណ៍​នៃ​ការអភិរក្ស​វត្ថុ​បុរាណ​ដែលជា​មរតក​របស់​ម​នុស្ស​ជាតិ​ទាំងមូល។ដោយ​មិនមាន​ការលក់ដូរ​ដូច​ការចោទប្រកាន់​ឬ​ការលើកឡើង​របស់​មតិ​មួយចំនួន នោះឡើយ»។

អាជ្ញាធរ​ជាតិ​អប្សរា​បាន​អំពាវនាវ​ឲ្យ​បញ្ឈប់​នូវ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​ស្ថាប័ន​ជាតិ​និង​អន្តរជាតិ​ដែល​កំពុង​បំពេញការងារ​អភិរក្ស​ជួសជុល​ប្រាសាទ​ក្នុង​តំបន់​អង្គរ៕



រូបថត​ពី​អាជ្ញាធរ​ជាតិ​អប្សរា



© រក្សាសិទ្ធិដោយ thmeythmey.com