ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន សែន៖ « គ្មាន​នរណា​ជេរ​ខ្ញុំ​លើសលោក សម រង្ស៊ី ទេ​ !»
11, May 2015 , 12:22 pm        
រូបភាព
ដោយ:
ក្នុង​បទ​អត្ថាធិប្បាយ​របស់ខ្លួន​អំពី​វប្បធម៌​សន្ទនា​គ្នា​នៅ​ថ្ងៃទី ១១ ខែឧសភា នេះ លោក ហ៊ុន សែន បានប្រកាសថា ក្នុងចំណោម​អ្នកនយោបាយ​ដែល​លោក​ធ្លាប់​ប្រឈម​ជាមួយ​លើ​វិថី​នយោបាយនោះ គ្មាន​នរណា​ពូកែ​ជេរ​រូបលោក​ជាង លោក សម រង្ស៊ី ដែលជា​ដៃគូ​សន្ទនា​ដ៏​ល្អ​របស់ខ្លួន​នាពេល​បច្ចុប្បន្ន​ទេ ។ « ចុះបើ​មេ​គេ​ធ្លាប់​វ៉ៃ​គ្នា​ប៉ុ​ណ្ណឹង គេ​នៅ​ត្រូវ​គ្នា​កើត អស់លោក​នៅក្រោម​ម្តេច​ត្រូវ​គ្នា​មិនកើត …….. ។ គ្មាន​នរណា​ជេរ​ខ្ញុំ​លើសពី​ឯកឧត្តម​សម រង្ស៊ី ទេ ឥឡូវ​គាត់​កែ​បាន​ហើយ ។  កុំ​សម រង្ស៊ី ជាង សម រង្ស៊ី ទៀត អ្នកនយោបាយ​វាបែបនេះ  »  ។  នេះ​ជាការ​បញ្ជាក់​របស់លោក ហ៊ុន សែន នៅក្នុង​ពិធី​ចែក​សញ្ញា​ប័ត្រដល់​និស្សិត​សកលវិទ្យា​ល័យ​អាស៊ី​អឺរ៉ុប នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ  ។



លើសពីនេះទៀត លោក ហ៊ុន សែន អះអាងថា នយោបាយ «មាន​ស៊ី អត់ សែន» គឺជា​ពាក្យ​ដែល​ប្រកាស​ចេញពី​មាត់​លោក សម រង្ស៊ី នោះ  ត្រូវបានប្តូរ​មកជា «មាន ស៊ី មាន​សែន » ទៅវិញ នាពេលបច្ចុប្បន្ន​នេះ។ 

 ការប្រកាស​របស់លោក ហ៊ុន សែន បែបនេះ ធ្វើឡើង ដើម្បី​ផ្ញើ​សារ​ដល់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខាងក្រោម​មួយចំនួន ដែល​លោក អះអាងថា មន្ត្រី​ទាំងនោះ មិន​ពេញ​ចិត្តនឹង​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃទី ៨ ខែឧសភា កន្លងទៅ ដែល​ហាម​ឈប់​ឲ្យ«ជេរ​គ្នា»  ។ បើតាម​លោក ហ៊ុន សែន មន្ត្រី​បក្សប្រឆាំង​ខ្លះ​ថា ការអនុវត្ត​តាម​សេចក្តីថ្លែងការណ៍ នេះ មិន​ចំណេញ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ។ លោក ហ៊ុន សែន បន្ថែម​ដូច្នេះ​ថា « បើ​មិនបាន​ជេរ វា​រន្ទះបាញ់​អី» ? 

ស្តាប់​សំឡេង លោក ហ៊ុន សែន  

 

© រក្សាសិទ្ធិដោយ thmeythmey.com