អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាស៊ាន​ស្ងាត់​មាត់​ជុំវិញ​បញ្ហា​ជនភៀសខ្លួន​មី​យ៉ាន់​ម៉ា​រ៉ូ​ហ៊ីង​យ៉ា
14, May 2015 , 4:24 pm        
រូបភាព

បច្ចុប្បន្ននេះ តំបន់​អាស៊ាន​ក៏​កំពុង​ប្រឈមមុខ​បញ្ហា​កើនឡើង​នៃ​ចំនួន​ជនភៀសខ្លួន​ដូច​នៅ អឺរ៉ុប​ដែរ។ ជនភៀសខ្លួន​បច្ចុប្បន្ន​មាន​ច្រើន​មកពី​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​គេ​ស្គាល់​ថា​ជា​ជនជាតិ ភាគតិច​ឥស្លាម​រ៉ូ​ហ៊ីង​យ៉ា ដែល​រង​ទុក្ខ​បុក​ម្នេញ​ដោយ​អាជ្ញាធរ​ក្រុង​ណៃ​ពី​ដ៏។ បើសិន​បន្ត​ព្រងើយ កន្តើយ​សោកនាដកម្ម​មនុស្សជាតិ​នឹង​កើតមានឡើង​ដូចគ្នា។ ប៉ុន្តែ​បញ្ហា​នេះ​ចាំបាច់​ត្រូវមាន ការរួបរួម​គ្នា​ដោះស្រាយ​ទើប​មាន​ប្រសិទ្ធភាព។


រាយការណ៍​ព័ត៌មាន​លម្អិត​ដោយ រឿន ភា​រុន




ជនភៀសខ្លួន​បាន​ក្លាយជា​បញ្ហា​ប្រឈម​សម្រាប់​ពិភពលោក​ទាំងមូល ទាំង​នៅ​អាស៊ី អឺរ៉ុប និង​អាហ្វ្រិក។ បច្ចុប្បន្ននេះ បញ្ហា​ជនភៀសខ្លួន​បានធ្វើ​ឲ្យ​ប្រទេស​មួយចំនួន​ក្រពុលមុខ ដ្បិត​គេ​មិនអាច​ដោះស្រាយ​បញ្ហា​បាន​ជោគជ័យ។ ជនភៀសខ្លួន​ដែល​ភាគច្រើន​រត់គេច ពី​គ្រោះថ្នាក់​សង្គ្រាមស៊ីវិល ការ​ធ្វើទុក្ខបុកម្នេញ បន្ត​ប្រឈមមុខ​គ្រោះថ្នាក់​ដល់​អាយុជីវិត ដោយ​ការ​ផ្សងព្រេង​តាម​ទូក និង​ក្លាយជា​ទំនិញ​ជួញដូរ​របស់​ជន​ទុច្ចរិត។ 

បញ្ហា​នេះ​មិនមែនជា​រឿង​ងាយ​ដោះស្រាយ​ឡើយ វា​ប្រហែលជា​ចាំបាច់​អាស៊ាន​ទាំងមូល សហការគ្នា​ដោះស្រាយ។ ប៉ុន្តែ បញ្ហា​នៅត្រង់ថា អាស៊ាន​អាច​ដោះស្រាយបាន​ដែរឬទេ បើ​ជនភៀសខ្លួន​ភាគច្រើន​មកពី​មី​យ៉ាន់​ម៉ា ដោយ​ពួកគេ​រត់​គេ​ពី​គ្រោះថ្នាក់ ព្រោះ​រដ្ឋាភិបាល មី​យ៉ាន់​ម៉ា​ជា​សមាជិក​អាស៊ាន​មួយ​នោះ​កំពុង​អនុវត្ត​គោលនយោបាយ​ព្រៃផ្សៃ​ប្រឆាំង​ពួកគេ។

ជុំវិញ​បញ្ហា​នេះដែរ លោក Syed Hamid Albar អតីតរដ្ឋមន្ត្រី​ការបទេស​ម៉ាឡេស៊ី បាន​ព្រមាន​ហើយ​ថា បើសិន​អាស៊ាន និង​ភាគី​ពាក់ព័ន្ធ​នៅ​ព្រងើយកន្តើយ គ្រោះមហន្តរាយ​មនុស្សជាតិ​នឹង កើតឡើង​ជាក់​ជាមិនខាន។ ចំណែក​អតីត​សមាជិកសភា​ម៉ាឡេស៊ី​ក៏បាន​សង្កត់ធ្ងន់​ផងដែរ​ថា បញ្ហា​នេះ​មិនអាច​ដោះស្រាយ​ចេញ​ឡើយ សូម្បីតែ​កិច្ចប្រជុំ​ប៉ុន្មាន​ថ្ងៃមុន​នៅ​ទីក្រុង ឡាំង​កា​វី មេដឹកនាំ​អាស៊ាន​មិនអាច​លើកយក​បញ្ហា​នេះ​មក​ជជែក​គ្នា​បានដែរ ដ្បិត​វា​អាច​បំពាន គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​រដ្ឋ​សមាជិក។ មី​យ៉ាន់​ម៉ា​ក៏​មិន​ចង់​លឺ​រឿង​នេះដែរ។

កាលពីថ្មីៗនេះដែរ ប្រជាជន​មួយចំនួន​នៅ​តំបន់​អាស៊ាន មាន​ថៃ ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី បានបង្ហាញ​ក្តីបារម្ភ​របស់ខ្លួន ចំពោះ​ការកើនឡើង​នៃ​ជនភៀសខ្លួន​ចូល​ទឹកដី​ខ្លួន និង​ការ​ជួញ ដូរ​មនុស្ស​កើតមានឡើង​នៅតាម​ទូក។ ថៃ​ចាប់ផ្តើម​បង្ក្រាប​បទល្មើស ហើយ​អាជ្ញាធរ​ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី​ចេញមុខ​ដោះស្រាយ​បញ្ហា​នេះ ដោយសារ​ជនភៀសខ្លួន​តាម​ទូក​ទាំ​ង​នោះ ប្រឈម​គ្រោះថ្នាក់។ការបន្ត​កើនឡើង​នៃ​ជនភៀសខ្លួន​នេះ​ជា​បន្ទុក​ធំ​សម្រាប់​ប្រទេស​ទាំងនេះ ប៉ុន្តែ​គេ​មិនទាន់​ឃើញ​មាន​ចំណាត់ការ​អ្វី​ទៀត​ផ្សេង​ទេ​ដើម្បី​ទប់ស្កាត់​ការកើនឡើង​នៃ​ជនភៀសខ្លួន។

ជនភៀសខ្លួន​ភាគច្រើន​ដែល​ផ្សងព្រេង​តាម​ទូក​មាន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​មកពី​ប្រទេស មី​យ៉ាន់​ម៉ា និង​ប្រជាជន​បង់​ក្លា​ដែ​ស​ផង។ ប្រជាជន​ទាំងនេះ​ប្តូរជីវិត​ដោយ​ផ្សងព្រេង​តាម​ទូក ដ្បិត​ចង់​គេច​ឲ្យ​ផុតពី​គ្រោះថ្នាក់ ភាពក្រីក្រ និង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​រដ្ឋាភិបាល ពួកគេ។ ជនជាតិភាគតិច​ឥស្លាម​រ៉ូ​ហ៊ីង​យ៉ា ដែលមាន​ចំនួន​ច្រើន​ក្នុងចំណោម​ជនភៀសខ្លួន បាន​ព្យាយាម​រត់គេច​ចេញពី​ប្រទេស​ដោយសារ​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​ធ្វើទុក្ខបុកម្នេញ អនុវត្ត​គោលនយោបាយ​រើសអើង​ប្រឆាំង​ជនជាតិភាគតិច​និង​ចាត់ទុក​ពួកគេ​ជា​សត្វ​ធាតុ។

ជនជាតិ​គ្មាន​សញ្ជាតិ​ឡើយ ហើយ​មី​យ៉ាន់​ម៉ា​មិនដែល​ទទួលស្គាល់​ពួកគេ​ជា​ជនជាតិ​មី​យ៉ាន់​ម៉ា ឡើយ។ បើសិន​មី​យ៉ាន់​ម៉ា​នៅតែ​បន្តធ្វើ​បែបនេះ បញ្ហា​ជនភៀសខ្លួន​នឹង​មិនអាច​ដោះស្រាយ បានឡើយ។ ហើយ​អាស៊ាន​ជា​តួអង្គ​សំខាន់​នោះ ត្រូវ​ចាត់វិធានការ​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ទប់ស្កាត់​កុំ​ឲ្យ​គ្រោះមហន្តរាយ និង​សោកនាដកម្ម​កើតមានឡើង បន្តទៀត៕



© រក្សាសិទ្ធិដោយ thmeythmey.com