អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រុម​រដ្ឋ​អ៊ីស្លាម​ប្រកាស​ជា​លើក​ទី១ ថា​បាន​វាយប្រហារ​ប៉ា​គី​ស្ថាន
14, May 2015 , 4:38 pm        
រូបភាព
ដោយ:
នៅ​ថ្ងៃ​ពុធ​ម្សិលមិញ ក្រុម​ជី​ហាត​រដ្ឋ​អ៊ីស្លាម​បានប្រកាស​ជា​លើកដំបូង​ថា បានធ្វើការ​វាយឆ្មក់​នៅ​ប៉ា​គី​ស្ថាន ធ្វើអោយ​មនុស្ស​ស្លាប់៤៣នាក់ និង​របួស៣០នាក់។ ជនរងគ្រោះ​មកពី​សហគមន៍​និកាយ​ស្ហ៊ី​អ៊ី​ត។ ការ​វាយឆ្មក់​នេះ​សម្លាប់​មនុស្ស​ច្រើន​បំផុត បើ​គិត​ចាប់ពី​ខែមករា ក្រោយ​មាន​ភេរវកម្ម​សម្លាប់​អ្នក​កាន់​និកាយ​ស្ហ៊ី​អ៊ី​ត​ជាង៦០នាក់ នៅ​ក្រុង​Shikarpur។



ក្នុងការ​វាយឆ្មក់​ម្សិលមិញ ជនប្រដាប់អាវុធ​យ៉ាងតិច៦នាក់ បាន​ជិះ​ម៉ូតូ បាញ់រះ​ទៅលើ​រថយន្តក្រុង​មួយ ដែល​កំពុង​ដឹក​អ្នក​កាន់សាសនា​អ៊ីស្លាម​និកាយ​ស្ហ៊ី​អ៊ី​ត ជាង៦០នាក់ នៅ​ក្រុង​កា​រ៉ា​ឈី។ ដំបូង ជនប្រដាប់អាវុធ​បាន​បាញ់​អ្នកបើកបរ។ ក្រោយពេល​រថយន្តក្រុង​ឈប់ ពួកគេ​ក៏​ឡើង​ទៅលើ​រថយន្ត​នោះ ហើយ​បាញ់រះ​លើ​អ្នកដំណើរ​តែម្តង។ បុរស​ម្នាក់​រួច​ផុតពី​ការស្លាប់ បាន​ប្រឹង​ត្រដាបត្រដួស​បើករថយន្ត​ក្រុង​នោះ​រហូតដល់​មន្ទីរពេទ្យ។

មុន​ចុះផ្សាយ​ប្រកាស​ជា​ផ្លូវការ​ក្នុង​វេ​ប​សាយ ថា​ក្រុម​ខ្លួន​បានធ្វើការ​វាយប្រហារ​នេះ ក្រុម​ជី​ហាត​រដ្ឋ​អ៊ីស្លាម​បានបង្ហាញ​សារព័ត៌​មានបារាំង AFPនូវ​ខិត​បណ្ណ​ប្រឡាក់​ឈាម​មួយ បញ្ជាក់​ពី​ស្នាដៃ​ក្រុម​ខ្លួន​ក្នុងការ​វាយឆ្មក់​រថយន្តក្រុង​នោះ។ ការ​វាយឆ្មក់​នៅ​ប៉ា​គី​ស្ថាន​ដែលជា​សម្បុក​ក្រុម​តា​លី​បង់ បា​នស​បញ្ជាក់ថា ក្រុម​ជី​ហាត​ដែល​កំពុង​វាតទី​នៅ​អ៊ីរ៉ាក់ ស៊ី​រី និង​អុកឡុក​ប្រទេស​អាហ្វ្រិក​មួយចំនួន​នោះ ប្រហែល​កំពុងតែ​ឈាន​ជើង​ចូល​អាស៊ីសន្សឹមៗហើយ។

ទីតាំង​នៃ​ការ​វាយឆ្មក់ ម្សិលមិញ ដែល​ស្ថិតនៅ​តំបន់​កា​រ៉ា​ឈី ភាគខាងត្បូង​ប៉ា​គី​ស្ថាន ត្រូវបាន​ក្រុម​ជី​ហាត​ប្រកាស កាលពី​ខែមករា អោយ​ក្លាយជា​ខែត្រ Khorasan របស់​រដ្ឋ​អ៊ីស្លាម​កាលី​ហ្វា។ ខែត្រ Khorasanរបស់​ក្រុម​ជី​ហាត​គ្របដណ្តប់​ប៉ា​គី​ស្ថាន អា​ហ្វ​ហ្កា​នី​ស្ថាន និង​តំបន់​មួយចំនួន​នៅ​ឥណ្ឌា។ គេ​សង្ស័យ​ដែរ​ថា ក្រុម​ជី​ហាត​កំពុងមាន​វត្តមាន​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​ក្បែរ​នោះ។ កាលពី​ខែមករា មាន​ភេរវកម្ម​មូ​យ​នៅ​ក្រុង​ចា​ឡា​ឡា​បាត ភាគ​ខាងកើត​អា​ហ្វ​ហ្កា​នី​ស្ថាន សម្លាប់​មនុស្ស​ជាង៣០នាក់។ អាជ្ញាធរ​អា​ហ្វ​ហ្កា​នី​ស្ថាន​សង្ស័យថា ជា​ស្នាដៃ​ក្រុម​ជី​ហាត ប៉ុន្តែ ក្រុម​ជី​ហាត​មិនដែល​បានប្រកាស​ផ្លូវការ​ថា បាន​បង្ក​ភេ​វ​កម្មនេះ​ទេ៕



© រក្សាសិទ្ធិដោយ thmeythmey.com