អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រជាជន​រុស្ស៊ី៦០ភាគរយ​យល់ថា​អាមេរិក​ជា​ឧបសគ្គ​រារាំង​ដល់​ការអភិវឌ្ឍ​ប្រទេស​ខ្លួន
14, May 2015 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ

ប្រជាជន​រុស្ស៊ី ៦០ ភាគរយ​បាន​គិតថា​សហរដ្ឋអាមេរិក​បាន​គំរាមកំហែង​ដល់​ប្រទេស​របស់​ពួកគេ​ហើយនឹង​បង្កើតជា​ឧបសគ្គ​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​រុស្ស៊ី។ ប៉ុន្តែ​មាន​ពលរដ្ឋ​រុស្ស៊ី​តែ ៥ភាគរយ​ប៉ុណ្ណោះ​គិតថា​សហរដ្ឋអាមេរិក​អាច​វាយប្រហារ​ប្រទេស​រុស្ស៊ី ប្រសិនបើ​មាន​សង្គ្រាម​ណាមួយ​កើតឡើង​នោះ។ នេះ​បើ​យោងតាម​សារព័ត៌មាន RT ។



លទ្ធផល​ខាងលើនេះ គឺ​យោងតាម​ការស្រាវជ្រាវ​ថ្មី​ចុងក្រោយ​បំផុត​ដែល​ចេញផ្សាយ​ដោយ​មជ្ឈមណ្ឌល​ស្ទង់​មតិ​ឯករាជ្យ Levadaដែល​បាន​សម្ភាសន៍​ប្រជាជន​រុស្ស៊ី។ ចំនួន​ប្រជាជន​រុស្ស៊ី​ដែល​គិតថា អាមេរិក​បាន​គំរាមកំហែង​ដល់​ប្រទេស​ខ្លួន​នេះ ការកើនឡើង​ពី ៤៧ ភាគរយ​កាលពី​ឆ្នាំ ២០០៧ ខណៈពេលដែល​ប្រជាជន​រុស្ស៊ី ៤២ ភាគរយ​គិតថា អាច​នឹងមាន​ការគំរាមកំហែង​នៅពេល​ខាងមុខ​ទៀត​ពី​អាមេរិក។

លទ្ធផល​នៃ​ការស្រាវជ្រាវ​ក៏បាន​បង្ហាញថា ៤៨ភាគរយ​នៃ​ប្រជាជន​រុស្ស៊ី​គិតថា​សហរដ្ឋអាមេរិក​បាន​បង្កើតឱ្យមាន​ឧបសគ្គ​នានា ក្នុង​គោលបំណង​ដើម្បី​រារាំង​ដល់​ការអភិវឌ្ឍ​របស់​ប្រទេស​រុស្ស៊ី។ក្នុងនោះ ៣១ ភាគរយ​បាន​និយាយថា​ពួកគេ​ខ្លាច​ការ​លុកលុយ​របស់​យោធា​សហរដ្ឋអាមេរិក​នៅលើ​ទឹក​ដី​រុស្ស៊ី​និង ៣១ភាគរយ​ទៀត​គិតថា​សហរដ្ឋអាមេរិក​បាន​រក​វិធីប្លែកៗដើម្បី​គំរាមកំហែង​ដល់​ប្រទេស​ខ្លួន តាមរយៈ​មធ្យោបាយ​ដែល​មិនមែន​យោធា។

នៅពេលដែល​គេ​សួរថា​តើ​ពួកគេ(ប្រជាជន​រុស្ស៊ី)គិត​យ៉ាងណាដែរ ប្រសិនបើ​មាន​ករណី​ប៉ះទង្គិច​ខាង​យោធា​ពិតប្រាកដ​ជាមួយ​សហរ​ដ្ឋ​អាមេរិក​នោះ? ៥២ភាគរយ​នៃ​ពួកគេ​បាន​ឆ្លើយថា វា​នឹង​បញ្ចប់​នៅក្នុង​ពេលដែល​រុស្ស៊ី និង​អាមេរិក​ប្រយុទ្ធ​គ្នា​អស់កម្លាំង​រៀងខ្លួន។ប៉ុន្តែ​មាន​ប្រជាជន​រុស្ស៊ី​តែ ៥ភាគរយ​ប៉ុណ្ណោះ​រំពឹងថា​សហរដ្ឋអាមេរិក​និង​អង្គការ​ណា​តូ​ហ៊ាន​វាយប្រហារ​ប្រទេស​រុស្ស៊ី ហើយ​រុស្ស៊ី​នឹង​ឈ្នះ​សង្គ្រាម​នេះ៕




© រក្សាសិទ្ធិដោយ thmeythmey.com