អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក អា​បេ​បន្ត​បំណង​បង្កើន​អំណាច​យោធា ទោះបី​ប្រជាជន​ជប៉ុន​ប្រឆាំង
14, May 2015 , 5:08 pm        
រូបភាព

ក្រោយ​ទស្សនកិច្ច​នៅ​អាមេរិក នាយករដ្ឋមន្ត្រី​ជប៉ុន​ចាប់ផ្តើម​បន្ត​គោលបំណង​របស់ខ្លួន​ដើម្បី​ពង្រឹង​វិស័យ​យោធា។ គណរដ្ឋមន្ត្រី​លោក ស៊ី​ហ្សូ អា​បេ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ស​ម្រ​ច​សេចក្តីព្រាងច្បាប់​សំដៅ​ផ្តាស់​ប្តូរ​គោលនយោបាយ​សន្តិសុខ​របស់ខ្លួន​បច្ចុប្បន្ន​ដើ​ម្បី បើកផ្លូវ​អោយ​កងទ័ព​ជប៉ុន​អន្តរាគមន៍​ក្នុង​ជម្លោះ​ប្រដាប់អាវុធ​ក្រៅបរទេស។ កាលពី​ខែកក្កដា​ឆ្នាំមុន គណរដ្ឋមន្ត្រី​លោក អា​បេ នេះ​ក៏បាន​ចេញ​ដំណោះស្រាយ​មួយ​បកស្រាយ​ឡើងវិញ​មាត្រា​នៃ​រដ្ឋធម្មនុញ្ញ​សន្តិភាព​ដែល​កម្រិត​អំណាច​យោធា​ជប៉ុន​តាំងពី​ចប់​សង្គ្រាមលោកលើកទី២មក​នោះ។ បើទោះជា​ការបង្កើន​ឥទ្ធិពល​យោធា​ជប៉ុន​ជា​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ជាតិនិយម​បច្ចុប្បន្ន​ដើម្បី​ការពារ​សន្តិសុខ និង​ឆ្លើយតប​ឥទ្ធិពល​ចិន​ក៏ដោយ ប្រជាជន​ជប៉ុន​បាន​សម្តែង​ការព្រួយបារម្ភ​ពី​ទង្វើរ​របស់​រដ្ឋាភិបាល​ខ្លួន​ទៅវិញ។ ថ្ងៃនេះ​ប្រជាជន​ជប៉ុន​ច្រើន​រយ​នាក់​ចេញមុខ​បាតុកម្ម​ប្រឆាំង​លោក​អា​បេ។


សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ៖




បច្ចុប្បន្ន នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ និង​គណរដ្ឋមន្ត្រី​គ្រោង​សម្រេច​ទទួលយក​សេចក្តីព្រាងច្បាប់​ដែល​បើកផ្លូវ​អោយមាន​ផ្លាស់ប្តូរ​គោលនយោបាយ​ស​ន្តិ​សុខ​ជប៉ុន ដើ​ម្ប​បង្កើន​ឥទ្ធិពល​យោធា​អោយ​កាន់តែ​ឆាប់​តាម​ដែល​អាច​ធ្វើបាន។ លោក អា​បេ ព្យាយាម​បន្ត​ស្វះស្វែង​ដើម្បី​សម្រេច​បំណង​កែប្រែ​គោលនយោបាយ​ការពារជាតិ​របស់​ជប៉ុន ក្រោយ​ពេលដែល​លោក​ទៅ​ទស្សនកិច្ច​នៅ​អាមេរិក និង​ក្រោយ​សម្រេចបាន​ផែនការ​សហប្រតិបត្តិកា​រ​សន្តិសុខ​ថ្មី​រវាង​ជប៉ុន​និង​អាមេរិក​ផង​កាលពី​ខែ​មុន។ កាលនោះ លោក អា​បេ បាន​ថ្លែង​សុន្ទរកថា​ក្នុង​សភា​អាមេរិក ដោយ​លោក ប្តេជ្ញា​ថា ជប៉ុន​ត្រូវ​ចូលរួម​ក្នុងការ​ទទួលខុសត្រូវ​ផ្នែក​សន្តិសុខ រក្សា​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​ទាំងមូល​ក្នុងនាម​ជា​មហាអំណាច​មួយ។ នេះ​បញ្ជាក់ថា ជប៉ុន​ត្រៀមខ្លួន​រួចស្រេច​ហើយ​ក្នុង​ការពង្រីក​ឥទ្ធិពល និង​បង្កើន​អំណាច​យោធា​នាពេលខាងមុខ។

តាម​ការកំណត់​នៅថ្ងៃនេះ​រដ្ឋាភិបាល​លោក អា​បេ គ្រោង​នឹង​ប្រជុំ​សម្រេច​អនុញ្ញាតអោយ​បាន​នូវ​សេចក្តីព្រាងច្បាប់​សម្រាប់​ត្រួសត្រាយ​ផ្លូវ​អោយ​រដ្ឋាភិបាល​ប​ញ្ចូ​ន​កងទ័ព​ទៅ​ក្រៅប្រទេស​ដើម្បី​អន្តរាគមន៍​ក្នុង​បញ្ហា​សន្តិសុខ។ នេះ​ជា​ជំហាន​ថ្មី​មួយទៀត​របស់ ប្រមុខ​រដ្ឋាភិបាល​ដែលជា​អ្នកនយោបាយ​ជាតិនិយម​ខ្លាំង​របស់​ជ​ប៉ុន​បច្ចុប្បន្ន។  ប៉ុន្តែ​ទោះជា​លោក អា​បេ ជានិច្ច ជា​កាល​ព្យាយាម​បកស្រាយ​ពី​គោលបំណង​របស់លោក​ក៏ដោយចុះ ប្រជាជន​ជប៉ុន​នៅតែ​ប្រឆាំង និង​នៅតែ​មិន​ទុកចិត្ត​លោក អា​បេ ហើយ​គេ​មិន​ប្រាកដ​ឡើយ​ថា ទង្វើ​នេះ​នាំមក​នូវ​សន្តិភាព​ពិតប្រាកដ​ដល់​តំបន់​និង​ជប៉ុន​ឬ​អត់​នោះឡើយ។

១. ប្រជាជន​ជប៉ុន​ភាគច្រើន​ប្រឆាំង​និង​មិន​យល់​ពី​បំណង​លោក អា​បេ
គ្រាន់តែ​លឺថា លោក​អា​បេ បើក​កិច្ចប្រជុំ​ក្នុង​គណរដ្ឋមន្ត្រី​សម្រេច​សេចក្តីព្រាងច្បាប់​ស​ន្តិ​សុខ​ថ្មី​នេះ​ភ្លាម ប្រជាជន​ជប៉ុន​បាន​ចេញមុខ​បាតុកម្ម​ភ្លាម។ ថ្ងៃនេះ​មនុស្ស​ប្រហែល ៥០០នាក់​ប្រមូល​ផ្តុំគ្នា​នៅមុខ​ការិយាល័យ​នាយករដ្ឋមន្ត្រី ដើម្បី​ប្រឆាំង​បំណង​លោក អា​បេ។ បើតាម​សម្តី​អ្នកចូលរួម​ពួកគេ​បារម្ភ​ពី​មហិច្ឆតា​លោក​អា​បេ ក្នុងការ​ពង្រីក​អំណាច​យោធា​ជប៉ុន​ក្នុងការ​អន្តរាគមន៍​ជម្លោះ​ខាងក្រៅ ព្រោះ​វា​នឹង​បំពាន​រដ្ឋធម្មនុញ្ញ​សន្តិភាព​ដែល​បង្កើត​ក្រោយ​បញ្ចប់​សង្គ្រាមលោកលើកទី។ មិនមាន​អ្វីដែល​ត្រូវ​ឆ្ងល់​ឡើយ លោក​អា​បេ កំពុង​រក​ឱកាស​កែ​រដ្ឋធម្មនុញ្ញ ព្រោះ​កាលពី​ឆ្នាំមុន​លោក អា​បេ បាន​ដឹកនាំ​សមាជិក​រដ្ឋាភិបាល​អនុ​ម័ត​ដំណោះស្រាយ​មួយ​ដើម្បី​បង្ហាញ​ពី​ការបកស្រាយ​ឡើងវិញ​មាត្រា ៩ នៃ​រដ្ឋធម្មនុញ្ញ​បន្សល់​ពី​សម័យ​សង្គ្រាមលោក​ទី។ លោក​អា​បេ​ប្តេជ្ញា​កែ​មាត្រា៩ នេះ ព្រោះ​វា​ចងដៃ​ជប៉ុន​មិន​ឲ្យ​ធ្វើ​អ្វី​បាន ក្រៅពី​មានអំណាច​ស្វ័យការពារ​ខ្លួន។
ជុំវិញ​ការកែប្រែ​គោលនយោបាយ​សន្តិសុខ យោងតាម​ការ​របាយការណ៍​ស្ទង់​មតិ​ក្នុងចំណោម​ប្រជាជន​ជប៉ុន ប្រជាជន​ប្រហែល ៥០ភាគរយ​ប្រឆាំង​បំណង​លោក អា​បេ ដែល​ចង់​ពង្រីក​ឥទ្ធិពល​យោធា។ មនុស្ស​ប្រហែល ៤៩ភាគរយ​ទៀត​ស្ទាក់ស្ទើ និង​មិន​យល់​ពី​បំណង​សុំ​កែប្រែ​គោលនយោបាយ​ការពារជាតិ​និង​មាត្រា​នៃ​រដ្ឋធម្មនុញ្ញ​ឡើយ។
តាមពិតទៅ គោលបំណង​នាយករដ្ឋមន្ត្រី​ជប៉ុន​នេះ​កំពុង​ក្លាយជា​ចម្ងល់​សម្រាប់​ប្រជាជន​ជប៉ុន​ផ្ទាល់ និង​បង្កក្តី​បារម្ភ​ដល់​ប្រទេសជិតខាង​មាន​កូរ៉េខាងត្បូង និង​ចិន​ផងដែរ។ គេ​ភ័យខ្លាច ក៏ដោយ​សារ​គេ​មិន​ទុកចិត្ត​ថា​តើ​ជប៉ុន​នឹងធ្វើ​អ្វី​ទៀត​ក្រោយ​ពេលដែល​ប្រទេស​នេះ​មានអំណាច​យោធា​ខ្លាំងក្លា។ ប្រទេសជិតខាង​ទាំងនោះ រួមទាំង​ប្រជាជន​ជប៉ុន​ខ្លួនឯង​ផង ភ័យខ្លាច​ថា​ប្រវត្តិសាស្ត្រ​នឹង​កើតជា​ថ្មី​ឡើងវិញ ដោយ​ជប៉ុន​នឹង​ចាប់​ប្រើប្រាស់​គោលនយោបាយ​វាតទី​និយម​ក្តោប​ក្តាប់​ពិភពលោក​ទៀត។
 សម្រាប់​លោក អា​បេ អន្ទះសារ​ចង់​កែប្រែ​នយោបាយ​ការ​និង​សមត្ថភាព​យោធា​កងទ័ព​ជប៉ុន ក៏ដោយ​សារ​មាន​ជម្លោះ​ដែនទឹក​សមុទ្រ​ចិន​ខាងកើត​ជាមួយ​ក្រុង​ប៉េកាំង ហើយ​ម្យ៉ាង​ចិន​ក៏​បន្ត​រីក​ធំធាត់​ឡើង​ទាំង​យោធា​និង​សេដ្ឋកិច្ច​ទៀត។ ហើយ​លោក អា​បេ ជឿជាក់ថា មានអំណាច​សេដ្ឋកិច្ច​ខ្លាំង​មិនអាច​ជួយ​អោយ​ជប៉ុន​នៅ​រក្សា​ឥទ្ធិពល​របស់ខ្លួន​បាន​នោះឡើយ ដរាបណា​គ្មាន​សមត្ថភាព​យោធា​ខ្លាំង។

២. អាមេរិក​គាំទ្រ​លោក​អា​បេ​បង្កើន​អំណាច​យោធា​ប្រឆាំង​ចិន តែ​ខ្លាច​កូរ៉េខាងត្បូង​អន់ចិត្ត
ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​អាមេរិក​កន្លងមក គំនិត​ផ្លាស់ប្តូរ​អំណាច​យោធា​ជប៉ុន​របស់លោក អា​បេ បានទទួល​ការស្វាគមន៍​ពី​ក្រុង​វ៉ាស៊ីនតោន ក្នុងនាម​ជា សម្ព័ន្ធមិត្ត​របស់​ជប៉ុន។ តាំងពី​យូរ​មកហើយ​អាមេរិក​នេះឯង​ជា​អ្នក​ចាំ​ការពារ​ជប៉ុន​មិនអោយ​សត្រូវ​ណាមួយ​វាយប្រហារ​ឡើយ។ កាល​មុន អាមេរិក ក៏​មិន​ចង់អោយ​ជប៉ុន​មានអំណាច​យោធា​ខ្លាំង​ដែរ  ក្រែង​ជប៉ុន​បង្កបញ្ហា​ដល់​អាមេរិក​ទៅ​ថ្ងៃក្រោយ។ ប៉ុន្តែ​បរិបទ​នយោបាយ​ពិភពលោក​ផ្លាស់ប្តូរ អាមេរិក​ម្នាក់ឯង ត្រូវ​ដោះស្រាយ​បញ្ហា​សន្តិសុខ​តំបន់​ច្រើន​រាប់មិនអស់ ហើយ​ត្រូវ​ទប់ទល់​មហា​យក្ស​ចិន​ទៀត។  ចិន​ឯនោះ​រីកលូតលាស់​រហ័ស គ្រោង​នឹង​ក្តោប​កា្ត​ប់​អាស៊ី​ទាំងមូល​ទៅហើយ។ បើ​អាមេរិក បណ្តែតបណ្តោយ មិនយូរ​មិនឆាប់​វា​ប្រាកដ​ណាស់​ថា អាស៊ី​ធ្លាក់​ក្រោម​ឥទ្ធិពល​ផ្តាច់មុខ​របស់​ចិន​មិនអាច​ប្រកែក​បានឡើយ។ ត្រឹមនេះ អាមេរិក​មិនអាច​បន្ត​អោយ​ផ្នែក​យោធា​ជប៉ុន​នៅ​អន់​ខ្សោយ​ឡើយ អាមេរិក​ត្រូវ​ជួយ​ជប៉ុន​ពង្រីក​អំណាច​យោធា​ទុក​ទប់ទល់​ជាមួយ​ចិន និង​ទុក​គ្រាន់​សំឡុត​កូរ៉េខាងជើង​ផង។   យ៉ាងណាក៏ដោយ បើទោះជា​អាមេរិក​គាំទ្រ​ជប៉ុន​ក្នុងការ​ពង្រីក​ឥទ្ធិពល​យោធា​ក៏ពិតមែន អាមេរិក​ប្រុងប្រយ័ត្ន​ខ្លាំង​ណាស់ដែរ មិន​ធ្វើអោយ​សម្ព័ន្ធមិត្ត​កូរ៉េខាងត្បូង​ថ្នាំងថ្នាក់​ឡើយ។ បើ​អាមេរិក​ចេញមុខ​ចេញ​មាត់​ខ្លាំងពេក​គាំទ្រ​ជប៉ុន​រឿង​អំណាច​យោធា វា​នឹង​ធ្វើអោយប៉ះពាល់​ចំណង​ការទូត​កូរ៉េខាងត្បូង​អាមេរិក។  យោធា​ជប៉ុន​កាន់តែខ្លាំង មិនមែន​ធ្វើ​ឲ្យ​កូរ៉េខាងត្បូង​សប្បាយចិត្ត​ឯណា តែ​កូរ៉េខាងត្បូង​រឹតតែ​ខ្លាច​ទៅវិញ។ ក្រុង​សេ​អ៊ូ​ល​ធ្លាប់​រងទុក្ខវេទនា​ដោយសារ​យោធា​ជប៉ុន​កន្លងមក មិនទាន់​ភ្លេច​នៅឡើយ​ទេ។ ហើយ​មេដឹកនាំ​ជប៉ុន​នេះ​ក៏​មិន​ដែរ​អោនក្បាល​សុំទោស​ជនជាតិ​កូរ៉េ​ដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com