សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
បន្ទាប់ពី​ចិន អ្នកវិនិយោគ​បរទេស​កាន់តែច្រើន​ចាប់អារម្មណ៍​វៀតណាម
15, May 2015 , 12:15 pm        
រូបភាព
ដោយ:

សារព័ត៌មាន​សេដ្ឋកិច្ច​ប្រចាំថ្ងៃ​អ៊ីតាលី Il Sole 24 Ore (អ៊ី​សូ​លេ​ប៊ី​ទ្រី​គ័​រ ទ្រ​រេ) បាន​ចុះផ្សាយ កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ ថា​អ្នកវិនិយោគ​បរទេស​កាន់តែច្រើន បានជ្រើសរើស​យក​ប្រទេស​វៀតណាម ជា​ទិសដៅ​នៃ​ការរកស៊ី​របស់​ពួកគេ។ យោងតាម​សារព័ត៌មាន​នេះ ការវិនិយោគ​របស់​ប​រទេស​នៅ​វៀតណាម​បាន​កើន​ឡើងជា​សាច់ប្រាក់​ប្រមាណ២៤លាន​ដុល្លារ​ក្នុង​ឆ្នាំ២០១៤កន្លងទៅ។ សារព័ត៌មាន​អ៊ីតាលី​បាន​ជំ​រុញអោយ​សហគ្រាស​អ៊ីតាលី​ទៅ​វិនិយោគ​នៅ​វៀតណាម។


សូម​ស្តាប់​ការបកស្រាយ​របស់ ព្រំ​សឿន សូលី​ណា



យោងតាម​សារព័ត៌មាន​អ៊ីតាលី Il Sole 24 Ore ក្នុងចំណោម​ទុនវិនិយោគ​ដែល​បរទេស​ដាក់​ដំណើរការ​រកស៊ី​នៅ​អាស៊ី វៀតណាម​បានទទួល​ចំណែក៩% ធ្វើអោយ​វៀតណាម​ក្លាយជា​ប្រទេស​ទី២ បន្ទាប់ពី​ចិន ជា​ប្រទេស​ដែល​អ្នកវិនិយោគ​បរទេស​បានជ្រើសរើស​ជា​គោលដៅ​រកស៊ី។ គិត​ក្នុង៤ខែ​ដើមឆ្នាំ២០១៥នេះ ការវិនិយោគ​របស់​ប​រទេស​នៅ​វៀតណាម​បាន​កើនឡើង៥%។

 ផលិតផល​សរុប​ក្នុងស្រុក​បាន​កើនឡើង៦% ក្នុង​ឆ្នាំ២០១៤ ហើយ​អាច​កើន​បន្ថែម​ដល់៦,១% និង៦,២% សម្រាប់​ឆ្នាំ២០១៥ និង​ឆ្នាំ២០១៦ខាងមុខ។ រដ្ឋាភិបាល​វៀតណាម​ប្រហែលជា​សប្បាយចិត្ត​មិនតិច​ទេ ចំពោះ​ការចុះផ្សាយ​របស់​សារព័ត៌មាន​សេដ្ឋកិច្ច​អ៊ីតាលី ដែល​លើកតម្កើង​និង​ផ្សព្វផ្សាយ​ប្រទេស​វៀតណាម អោយ​សហគ្រាស​និង​ប្រជាជន​អ៊ីតាលី​បានដឹង។

 សម្រាប់​សារ​ព៌​ត៌មាន​អ៊ីតាលី ពេលនេះ​ជា​ពេលវេលា​ដ៏​ល្អ សម្រាប់​សហគ្រាស​អ៊ីតាលី​ដែល​សំបូរ​បច្ចេកវិទ្យា​ខ្ពស់ ដើម្បី​ចុះទៅ​រកស៊ី​នៅ​វៀតណាម​ហើយ។

ភាពជោគជ័យ​នៃ​ឧស្សាហកម្ម​វៀតណាម បូកផ្សំ​នឹង​ថ្លៃឈ្នួល​ពលកម្ម​ទាប សុទ្ធតែជា​កត្តា​ដែលនាំអោយ​សហគ្រាស​បរ​ទេស​ចាប់អារម្មណ៍​លើ​វៀតណាម។ បើទោះជា​ឡាវ ឥណ្ឌូណេស៊ី រឺក៏​កម្ពុជា ជា​ប្រទេស​ប្រកួតប្រជែង​សេដ្ឋកិច្ច​ជាមួយ​វៀតណាម ក្នុង​តំបន់​អាស៊ី​ក្តី ក៏​សហគ្រាស​បរទេស​ហាក់ដូច​ជា​ចាប់អារម្មណ៍​លើ​វៀតណាម​ច្រើនជាង។
 បើ​យោងតាម​សារព័ត៌មាន​អ៊ីតាលី អ្នកវិនិយោគ​បរទេស៦០ភាគរយ បាន​ប្រាប់ថា ពួកគេ​ជ្រើស​រើសយក​វៀតណាម ព្រោះតែ​ទីផ្សារ​ក្នុងស្រុក​វៀតណាម​ជួប​កំណើន​ឆាប់រហ័ស។ លើសពីនេះ​ទៀត ក៏​ដោយសារតែ​វៀតណាម​មាន​គោលបំណង​ក្លាយជា​ប្រទេស​ឧស្សាហកម្ម​ក្នុង​ឆ្នាំ២០២០ផងដែរ។

វៀតណាម​មាន​ទិសដៅ​ពង្រីក​សេដ្ឋកិច្ច​អោយ​កាន់តែ​រឹងមាំ​នៅ​អាស៊ី វៀតណាម​ជា​ប្រទេស​មានច្បាប់​តឹងតែង ដូច្នេះ វៀតណាម​ជា​ប្រទេសមួយ​ដ៏​កក់ក្តៅ ធ្វើអោយ​អ្នកវិនិយោគ​បរទេស​មិនតិច​ទេ ចាប់អារម្មណ៍​និង​ផ្តល់​ទំនុកចិត្ត​ខ្ពស់។ រដ្ឋាភិបាល​កុ​ម្មុយ​និ​ស្ត​ឆ្លាត​វៃ បាន​បោះបង់​សេដ្ឋកិច្ច​ផែនការ និង​បាន​យក​គំរូ​តាម​ចិនដោយ​អនុវត្តន៍​សេដ្ឋកិច្ច​ទីផ្សារសេរី។ ចិន​ជា​មហាអំណាច​នៅ​អាស៊ី មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ បើ​វៀតណាម​ចង់អោយ​ខ្លួន​លេច​ត្រដែត​ដូច​ចិន រឺ​ប្រទេសធំៗនៅ​អាស៊ី​ដែរនោះ វា​ជាការ​ត្រឹមត្រូវ​ណាស់ ដែល​វៀតណាម​បើកចំហ​ទីផ្សារ​ទូលំទូលាយ​ដល់​អ្នកវិនិយោគ​បរទេស។ ម្យ៉ាងទៀត ទីផ្សារ​បើកចំហក៏​អាច​ពង្រឹង​ចំណងមិត្តភាព​រវាង​វៀតណាម​និង​បណ្តា​ប្រទេស​ជា​ដៃគូ​រកស៊ី​ទាំង​នោះដែរ។ នេះ​ក៏​អាចជា​ប្រយោជន៍​ដល់​នយោបាយ​វៀតណាម​នៅ​អាស៊ី និង ក្នុង​ឆាក​អន្តរជាតិ​⁣​ប្រឈម​នឹង​ចិន​ជាស​ត្រូវ​ទឹកដី​របស់ខ្លួន​ផងដែរ។ បច្ចុប្បន្ន សហគ្រាស​វៀតណាម​កំពុងតែ​ចាប់ដៃ​ជាមួយ​អាមេរិក​ដែលជា​អតីត​សត្រូវ ដើម្បី​ធ្វើការ​អភិវឌ្ឍ​ថាមពលផ្សេង។

 ចាប់ដៃ​អាមេរិក​ជា​អតីត​សត្រូវ អាចជួយ​វៀតណាម​អោយ​ប្រឈម​នឹង​មហាអំណាច​ចិន នេះ​ស​បង្ហាញថា មេដឹកនាំ​វៀតណាម​ពិតជា​មាន​ភាព​វៃឆ្លាត​មិនតិច​ទេ។

ខណៈ​វៀតណាម​ត្រេកអរ​នឹង​កំណើនសេដ្ឋកិច្ច ត្រេកអរ​នឹង​ការចាប់អារម្មណ៍​របស់​អ្នកវិនិយោគ​បរទេស រដ្ឋាភិបាល​ក្រុង​ហាណូយ​ក៏​មិនអាច​មើលរំលង​ប្រជាជន​ក្នុងស្រុក​បានដែរ ព្រោះ​ទីក្រុង វៀតណាម​មួយចំនួន​បាន​ទាត់ចោល​គំរោង​វិនិយោគ​បរទេស​មិនតិច​ដែរ​ទេ ដោយសារ​គំរោង​ទាំងនោះ​អាច​ប៉ះពាល់​បរិស្ថាន ហើយ​ការអនុវត្ត​គំរោង​ទៀតសោត
 ក៏​អាច​ត្រូវការ​ទំហំ​ផ្ទៃដី​ធំធេង​ផងដែរ។ លើសពីនេះ មនុស្ស​គ្មាន​ជំនាញ​ក្នុង​ការងារ កាន់តែច្រើន ក៏​អាចមក​ធ្វើការ​បម្រើ​គម្រោង​មួយចំនួន​បាន។ នេះ​ជា​បញ្ហា​ដែល​អាច​ប៉ះពាល់​ដល់​គុណភាព​ផលិតផល​សហគ្រាស ក៏ដូចជា​ប៉ះពាល់​ដល់​មុខមាត់​វៀតណាម​ក្នុង​ឆាក​អន្តរជាតិ៕


© រក្សាសិទ្ធិដោយ thmeythmey.com